សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យ៥នាក់ខ្មែរ ចិន ថៃ ដែលលាក់ខ្លួនផលិតជួញដូរគ្រឿងញៀននិងមានកាំភ្លើងខ្លីច្រើនដើមទៅសាលាដំបូងខេត្ត

ដោយ ៖ ប.ន្ទាយ
បន្ទាយមានជ័យ ៖ អាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់មានប្រុស ស្រី មានជនជាតិខ្មែរ ចិន ថៃ សម្ងំលាក់ខ្លួនផលិត ជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅក្រុងប៉ោយប៉ែត ហើយមានទាំងកាំភ្លើងខ្លីជាច្រើនដើម។

ការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់នៅវេលាម៉ោង៨យប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ នៅចំណុច KTV៦១៩ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ប៉ុន្តែដោយសារចំថ្ងៃបុណ្យចូលឆ្នាំ ទើបសមត្ថកិច្ចសម្របសម្រួលនិតីវិធីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងនៅក្រោយចូលរួម។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី១៨ខែមេសាថា : មុននិងបង្ក្រាបជនសង្ស័យទាំង៥នាក់បាន កម្លាំងអាវុធហត្ថធ្វើការស្រាវជ្រាវអស់ពេលជាយូរ ដឹងកន្លែងលាក់ផលិត និងលក់គ្រឿងញៀន ទើបលោកដឹកនាំកម្លាំងអាវុធហត្ថ១ក្រុម សហការជាមួយកម្លាំងជំនាញការិយាល័យ ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ បានបេីកប្រតិបត្តិការបង្រ្កាបទីតាំង ផលិត ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ អាវុធដោយគ្មានការអនុញ្ញាត ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន៥នាក់យកមកបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំ ។

ជនសង្ស័យទាំងនោះ មាន ១-ឈ្មោះ ស៊ុម៉ៃ វ៉ាន់ថាណាស៊ីន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិថៃ ស្នាក់នៅផ្ទះជួល ភូមិក្បាលស្ពាន១ អ្នកលក់គ្រឿងញៀនផង ជក់ផង
២-ឈ្មោះ ភូវ៉រ៉េត ធានធឿន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិថៃ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួលលេខA01 ភូមិក្បាលស្ពាន១ អ្នកលក់គ្រឿងញៀនផងជក់ផង ,៣ឈ្មោះ តៃ ស៊ិនអាន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុខរបរបើកហាងម៉ាស្សា ស្នាក់នៅផ្ទះជួលភូមិគីឡូម៉ែត្រលេខ៤ អ្នកផលិត និងលក់គ្រឿងញៀន និងសញ្ចារកម្ម,
៤ឈ្មោះ ប៉ែន ឆៃណា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បីផាស់អាប់ (PassUp ) រស់នៅភូមិប្រជាធម្មកើត អ្នកលក់គ្រឿងញៀន និង ៥ឈ្មោះ ឈុនលី សុខស្រីនាង ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ រស់នៅភូមិប្រជាធម្មកើត ។ ជនទាំង៥នាក់បច្ចុប្បន្នស្នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្នុងនោះកម្លាំងអាវុធហត្ថដកហូតសម្ភារវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្សៅក្រាមសថ្លា (កេតាមីន) ចំនួន ២កញ្ចប់ធំ(កញ្ចប់តែ) និង១៦ថង់កិប ទម្ងន់ ២៨៨០,២ក្រាម , -ថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង(WY) ចំនួន២៥កញ្ចប់ និង២ដប ស្មើនឹង ៤៨១១គ្រាប់ ទម្ងន់ ៥៩២,៩ក្រាម, -កញ្ចប់ម្សៅរូបសេះពណ៌ក្រហម និងកញ្ចប់ម្សៅពណ៌ក្រហម រូបផ្លែទំពាំងបាយជូរ (អ៊ិចស្តាស៊ី) ចំនួន៤១កញ្ចប់ ទម្ងន់ ៥៩៨,៥៥ក្រាម, -កញ្ឆាក្រៀម ចំនួន ៧ថង់កិប ទម្ងន់ ២៦,៨ក្រាម, -ម្សៅម៉ត់ពណ៌ស ចំនួន ១៦ថង់កិប ទម្ងន់ ១១៣៧,៤ក្រាម, -ដុំក្រាមពណ៌លឿង ចំនួន ២ថង់កិប ទម្ងន់ ១០៦ក្រាម -ម្សៅម៉ត់ពណ៌ត្នោត ចំនួន២ថង់កិប ទម្ងន់ ១០៨,៤៤ក្រាម -ម្សៅម៉ត់ពណ៌កាហ្វេ ចំនួន ១ថង់កិប ទម្ងន់ ៦៨,៩៩ក្រាម -ថ្នាំគ្រាប់កញ្ចប់ពណ៌ខ្មៅ មានរូបមនុស្សប្រុស ចំនួន០៨កញ្ចប់ ទម្ងន់ ៥២,៨ក្រាម, -ម្សៅក្រាមពណ៌ស ចំនួន ០៨កញ្ចប់ ទម្ងន់ ១៥៩៣,៤ក្រាម, -កាំភ្លើងខ្លី ចំនួន ៤ដើម (ម៉ាកZORAKI M906-TD លេខ2400499 ពណ៌ទឹកប្រាក់លាយខ្មៅ, ម៉ាកK54 លេខ55007452 ពណ៌ខ្មៅ, ម៉ាកឡុក១៩ ពណ៌ខ្មៅ, ម៉ាកISSC-M22 ពណ៌ខ្មៅ), -គ្រាប់កាំភ្លើង ចំនួន ៥០គ្រាប់, -បង់កាំភ្លើង ចំនួន៥, -ស្រោមកាំភ្លើង ចំនួន ០២, -ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ៣គ្រឿង, -រថយន្ត ចំនួន ២គ្រឿង (ម៉ាកAUDI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AR-0603, ម៉ាកLUXUS NX 200T ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2BB-8850), -ម៉ូតូ ចំនួន ០១គ្រឿង (ម៉ាកHONDA PCX ពណ៌ខៀវ ពាក់ផ្លាកលេខប.មានជ័យ1AB-6168), -ទូរសព្ទ ចំនួន ០៦គ្រឿង (ម៉ាក iPhone 12Pro Max ពណ៌ទឹកប៊ិក, ម៉ាកHuawei ពណ៌ទឹកប៊ិក, ម៉ាកiPhone ពណ៌ទឹកប៊ិក, ម៉ាកOPPO ពណ៌ផ្ទៃមេឃ, ម៉ាកiPhone14 ពណ៌ស្វាយ, ម៉ាកiPhone ពណ៌ស្លែ) រួមនឹងឧបករណ៍សម្រាប់ផលិតគ្រឿងញៀនមួយចំនួនធំ ព្រមទាំងសម្ភារមួយចំនួនទៀត។

ដោយផ្អែកលេីចម្លេីយសារភាព  ជនសង្ស័យទាំង៥នាក់ត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្ត ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឲ្យដឹងថា : ការបង្ក្រាបករណីខាងលើនេះដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាកាកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

ជនសង្ស័យ ទាំង៥នាក់ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃ ទី ១៩ ខែ មេសាឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕