អន្តរជាតិ

អាមេរិក នឹងដំឡើងពន្ធ ១៥% ជាថ្មីបន្ថែមទៀតលើការនាំចូលដែកថែបរបស់ចិន

ប្រែសម្រួល៖ សហការី
វ៉ាស៊ីនតោន៖ ប្រធានាធិបតី Biden នឹងប្រកាសដំឡើងពន្ធជាថ្មីបន្ថែមទៀតចំនួន ១៥% លើការនាំចូលដែកថែប និងអាលុយមីញ៉ូមរបស់ប្រទេសចិនមកកាន់អាមេរិក នៅក្នុងខណ:ពេលដែលលោកកំពុងធ្វើយុទ្ធនាការបោះឆ្នោតនៅទីក្រុង Pittsburgh ក្នុងថ្ងៃពុធនេះ ដែលជាការចាប់ផ្តើមបន្តសង្គ្រាមពាណិជ្ជកម្មរកាលពីជំនាន់អតីតប្រធានាធិបតី Donald Trump ជាមួយទីក្រុងប៉េកាំង បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលជាង ៣ ឆ្នាំកន្លងមក។

មន្ត្រីរដ្ឋបាលលោក Biden បានប្រកាសពីការផ្លាស់ប្តូរនេះនៅក្នុងការហៅទូរសព្ទជាមួយអ្នកសារព័ត៌មានដោយនិយាយថាប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើឲ្យលិចលង់ទីផ្សារដែកថែបនិងអាលុយមីញ៉ូមរបស់អាមេរិកដោយសារតែរបស់ចិនមានតម្លៃថោកជាងបានបង្កឲ្យមានការកាត់បន្ថយការផលិតរបស់ក្រុមហ៊ុនអាមេរិក។

រដ្ឋបាលលោក Biden បានឲ្យដឹងថា៖ “ការនាំចូលហួសកម្រឹតគឺជាការជំរុញដោយគោលនយោបាយចិនបានបង្កហានិភ័យដ៏ធ្ងន់ធ្ងរដល់អនាគតនៃឧស្សាហកម្មដែកថែប និងអាលុយមីញ៉ូមរបស់អាមេរិក”។

លោកបានសង្កត់ធ្ងន់ថា៖ “ផលិតកម្មដែកថែបចិនផលិតបានច្រើនជាងហើយថោកជាងនាំឲ្យទីផ្សារពិភពលោកងាយនឹងទាក់ទាញបានយ៉ាងងាយដោយប្រទេសចិន។ ការឧបត្ថម្ភធនធានរបស់ប្រទេសចិន និងទម្រង់នៃការគាំទ្រលទ្ធកម្មផ្សេងៗទៀតនាំឲ្យចិនមានឱកាសនាំចេញធ្វើឲ្យលិចលង់ទីផ្សារពិភពលោកដោយសារតែមានតម្លៃទាបបង្កឲ្យមានផលប៉ះពាល់ដល់កាផលិតរបស់អាមេរិកដែលចាំបាច់ត្រូវតែកាត់បន្ថយការផលិតដែកថែបក្នុងស្រុករបស់ខ្លួន។

លោក Biden បានរក្សាទុកតម្លៃពន្ធលើផលិតផលភាគច្រើននៃពន្ធដែលកំណត់ដោយរលោក Trump នៅមុនពេលមានការប្រកួតប្រជែងបោះឆ្នោតឡើងវិញរបស់ពួកគេនៅក្នុងខែវិច្ឆិកាខាងមុខនេះរួមទាំងពន្ធ ២៥% របស់លោក Trump លើដែកនិងពន្ធ ១០% លើអាលុយមីញ៉ូមពីប្រទេសចិនភាគច្រើនត្រូវបានកំណត់យកពន្ធតាំងពីឆ្នាំ ២០១៨ ក្រោមជំពូក ២៣២ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៦២ ។

លោក Trump បានកំណត់យកតម្លៃពន្ធផ្សេងទៀតលើប្រទេសចិនដែលគេស្គាល់ថាជាជំពូកទី ៣០១ ច្បាប់ពន្ធដារជាមួយនឹងការកំណត់តម្លៃយកពន្ធរវាងចាប់ពីចន្លោះ៧.៥% និង ២៥% នៅតែចូលជាធរមានក្រោមរដ្ឋបាលរបស់លោក Biden លើអាករនៃទំនិញចិនរួមមានប្រហែល ៣៦២ ពាន់លានដុល្លារក្នងតម្លៃនាំចូលប្រចាំឆ្នាំ ឬច្រើនជាងពាក់កណ្តាលនៃបរិមាណសរុបនៃការនាំចូលពីប្រទេសចិន។

ការបង្កើនពន្ធរបស់អតីតប្រធានាធិបតី Trump ជាមួយប្រទេសចិនគឺជាផ្នែកមួយនៃផែនការដើម្បីចាប់បង្ខំឲ្យចិនចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយដើម្បីធ្វើឲ្យប្រសើរឡើងវិញនូវលទ្ធកម្មរបស់អាមេរិកដែលបានជាប់គាំងក្នុងសម័យជំងឺរាតត្បាត COVID-19 ដែលបានវាយប្រហារអាមេរិកចាប់ពីខែមីនាឆ្នាំ ២០២០ ត្រឹមតែពីរខែបន្ទាប់ពី Trump និងរដ្ឋាភិបាលចិនបានយល់ព្រមលើ “ដំណាក់កាលនិមួយៗក្នុងលក្ខខណ្ឌ “ជាកញ្ចប់នៃកំណែទម្រង់លើវិស័យពាណិជ្ជកម្មថ្មីមួយ”។

គម្រោងលោក Biden លើការដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតលើការនាំចូលលោហធាតុរបស់ចិនត្រូវបានលេចឡើងនៅក្នុងពេលដែលគាត់ធ្វើយុទ្ធនាការការបោះឆ្នោតនៅរដ្ឋ Pennsylvania លើផលិតផលដែកថែបចិនដែលកាលពីឆ្នាំ ២០១៦ សម័យលោក Trump ត្រូវបានអនុវត្តយ៉ាងតឺងរឹងបំផុតដោយលោកបានប្តេជ្ញាថានឹងផ្លាស់ប្តូរក្នុងលក្ខខណ្ឌទំនាក់ទំនងពាណិជ្ជកម្មរវាងចិននិងអាមេរិកដើម្បីជាផលប្រយោជន៍ឧស្សាហកម្មក្នុងស្រុករបស់អាមេរិក។

សេតវិមានបានបញ្ជាក់ថា “ពន្ធមធ្យមបច្ចុប្បន្នលើការនាំចូលដែកថែបនិងអាលុយមីញ៉ូមពីចិនគឺនៅក្នុងចន្លោះ ៧.៥% ក្រោមជំពូកទី ៣០១នៃច្បាប់ពាណិជ្ជកម្ម”។ លោក Bidenបានជំរុញឲ្យ Katherine Tai តំណាងពាណិជ្ជកម្មអាមេរិកពិចារណាលើការបង្កើនបីដងនៃអត្រាពន្ធលើជំពូក ៣០១នៃច្បាប់ដែលមានស្រាប់សម្រាប់ការនាំចូលដែកថែប និងអាលុយមីញ៉ូមពីប្រទេសចិនចិន៕