កម្សាន្ដ

ស្ថានភាពនិងសេវាកម្មទេសចរណ៍ក្នុងខេត្តកែបនាពិធីបុណ្យចូលឆ្នាំថ្មីមានលក្ខណ:ល្អប្រសើរ

ដោយ ៖ កំចាយ

កែប÷ នាអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ស្ថានភាពទូទៅ ក៏ដូចជាគ្រប់សេវាកម្មបម្រើវិស័យទេសចរណ៍ក្នុងខេត្តកែបមានលក្ខណ:ល្អប្រសើរ។ តម្លៃម្ហូបអាហារមានការកើនឡើងបន្តិចបន្តួច​តែស្ថិតក្នុងកម្រិតដែលភ្ញៀវអាចទទួលយកបាន។

លោក ប៊ុន យោង អភិបាលរងខេត្ត និងជាអ្នកនាំពាក្យនៃរដ្ឋបាលខេត្តកែបបានបញ្ជាក់ថា រយ:ពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខេត្តកែបបានទទួលភ្ញៀវទេសចរចូលមកលម្ហែកម្សាន្ត និងស្នាក់អាស្រ័យជិត១៦ម៉ឺននាក់។ ស្ថានភាពទូទៅមានលក្ខណ:ល្អប្រសើរ ពិសេសឯកឧត្តមអភិបាលខេត្តបានដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋលេងល្បែងកម្សាន្តតាមបែបប្រពៃណីនៅឆ្នេរខ្សាច់អង្កោល ស្រុកដំណាក់ចង្អើរ និងឆ្នេរខ្សាច់រូបសំណាកស្រី-ស ក្រុងកែបយ៉ាងប្បាយរីករាយ។ លោកអភិបាលរងខេត្តបានបញ្ជាក់ថា ដោយសារសន្ទុះភ្ញៀវមានកំណើន បានធ្វើឱ្យម្ហូបអាហារឡើងថ្លៃបន្តិចបន្តួចផ្អែកតាមការទិញចូល ប៉ុន្តែក៏ស្ថិតក្នុងកម្រិតមួយដែលភ្ញៀវអាចទទួលយកបានផងដែរ។

ភ្ញៀវដែលនាំក្រុមគ្រួសារចូលពិសាអាហារនៅផ្សារក្តាមក្រុងកែបបានរៀបរាប់ថា លោកបាននាំប្រពន្ធកូនចូលទិញក្តាម មឹក បង្គា ត្រីបបែលនិងចម្អិនហូបផ្ទាល់នៅផ្សារក្តាមក្រុងកែបគឺមានរសជាតិឆ្ងាញ់ពិសាពិតៗ។ ចំណែកអ្នកលក់មានភាពរាក់ទាក់ លក់ដូរដោយសុចរិត ពោលគឺមិនមានការគៃបន្លំដូចពេលកន្លងទៅនោះទេ៕