កម្សាន្ដ

ទីលានរូបសំណាកសេះសមុទ្របាញ់ទឹកទាក់ទាញការចាប់អារម្មណ៍ភ្ញៀវយ៉ាងខ្លាំងក្លា

ដោយ ៖ កំចាយ

កំពត÷ ទីលានរូបសំណាកត្រីសេះសមុទ្របាញ់ទឹកជាគោលដៅចម្បងរបស់ភ្ញៀវដែលធ្វើដំណើរឆ្ពោះមកកម្សាន្តក្នុងក្រុងកំពត។ អំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បរិវេណរូបសំណាកត្រីសេះសមុទ្របាញ់ទឹកស្ថិតនៅលំដាប់ទី១ ខណ:ដែលរង្វង់មូលរូបសំណាកផ្លែទុរេននៅលំដាប់បន្ទាប់ដែលភ្ញៀវនិយមចូលលេងលម្ហែ។

លោក គឹម ប៊ុនថន អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឱ្យដឹងថា ក្នុងចំណោមទេសចរជិត១លាន៤សែននាក់ដែលបានចូលមកកម្សាន្តនៅខេត្តកំពតនាពិធីបុណ្យចូលឆ្នាំខ្មែរ ក្រុងកំពតទទួលភ្ញៀវបានជាង១លាន២សែននាក់។ សម្រាប់ក្រុងកំពតរយ:ពេល៤ថ្ងៃនោះគឺភ្ញៀវជិតឆ្ងាយនិយមចូលចិត្តទីលានរូបសំណាកត្រីសេះសមុទ្របាញ់ទឹកខ្លាំងជាងគេ បន្ទាប់មកបរិវេណរង្វង់មូលរូបសំណាកផ្លែទុរេនស្ថិតនៅលំដាប់ទី២។ លោកអនុប្រធានមន្ទីរបានបញ្ជាក់ថា វត្តមានភ្ញៀវកើនឡើងនៅទីតាំងរង្វង់មូលរូបសំណាកផ្លែទុរេនមានតែវេលារសៀលស្របពេលដែលពិធីបាញ់ទឹករាំលេងកម្សាន្តដំណើរការប៉ុណ្ណោះ។ ប៉ុន្តែនៅបរិវេណរូបសំណាកត្រីសេះសមុទ្របាញ់ទឹកគឺកុះករទាំងព្រឹក រសៀល និងយប់ គឺមានតាំងពីមុនថ្ងៃចូលឆ្នាំម្ល៉េះ។ សូម្បីមកដល់យប់ថ្ងៃទី១៧ ខែមេសានេះ នៅបរិវេណ និងតំបន់ជុំវិញនៅតែបន្តកកស្ទះដោយសារភ្ញៀវពពាក់ពពូនមកកម្សាន្តដដែល។

សូមបញ្ជាក់ថា តាមរបាយការណ៍ដែលទទួលបានពីមន្ទីរទេសចរណ៍គឺរយៈពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខេត្តកំពតទទួលភ្ញៀវទេសចរបាន១.៣៩៩.៨៩៧​នាក់។ ក្នុងនោះភ្ញៀវមកលេងក្រុងកំពតមាន១.២៤៥.៤២២នាក់។ ចំណែកនៅតាមរមណីយដ្ឋាននានាមាន១៥៤.៩៥៣នាក់៕