អន្តរជាតិ

តុលាការបដិសេធមិនឲ្យស្តេចគ្រឿងញៀនម៉ិកស៊ិកទាក់ទងជាមួយគ្រួសារពីក្នុងពន្ធនាគារ

ប្រែសម្រួល៖ ស-សម្បត្តិ
លោក Brian Cogan ចៅក្រមសហព័ន្ធបានបដិសេធការស្នើសុំរបស់ស្តេចគ្រឿងញៀនម៉ិកស៊ិកដ៏ល្បីឈ្មោះ Joaquin “El Chapo” Guzmán ទៅនាយកដ្ឋានពន្ធនាគារដើម្បីអនុញ្ញាតធ្វើការទាក់ទងទៅកាន់ប្រពន្ធ និងកូនរបស់គាត់ពីក្នុងពន្ធនាគារ។ស្តេចគ្រឿងញៀនម៉ិកស៊ិ Guzmán ក្នុងអាយុ ៦៧ ឆ្នាំ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត និង បច្ចុប្បន្នស្ថិតនៅក្នុងពន្ធនាគារ Florence, Colo., supermax federal lockup។ Guzmán បានសរសេរលិខិតស្នើសុំការអនុញ្ញាតទៅចៅក្រម Brian Cogan ដោយបានស្នើសុំគាត់អនុញ្ញាតឲ្យបង្កើនការហៅទូរសព្ទជាមួយប្រពន្ធរបស់គាត់ Emma Coronel Aispuro និងកូនស្រីភ្លោះរបស់គាត់។

ខ្លឹមសារនៃលិខិតនិយាយថា “ចាប់តាំងពីខែឧសភា ឆ្នាំ ២០២៣កន្លងមកនាយកដ្ឋានពន្ធនាគារបានបញ្ឈប់ការហៅទូរសព្ទពីប្រពន្ធខ្ញុំនិងកូនស្រីរបស់ខ្ញុំមកកាន់ខ្ញុំនៅក្នុងពន្ធនាគារហើយខ្ញុំក៏មិនបានហៅទូរសព្ទទៅកាន់ពួកគេអស់រយៈពេលប្រាំពីរខែមកហើយ”។
លោក Guzmán បានសរសេរក្នុងសំបុត្រចុះថ្ងៃទី២០ ខែមីនា ហើយបានផ្សព្វផ្សាយជាសាធារណៈកាលពីសប្តាហ៍មុនថា “ខ្ញុំសុំឲ្យលោកអនុញ្ញាតឲ្យប្រពន្ធរបស់ខ្ញុំ មកលេងខ្ញុំ និងនាំកូនស្រីរបស់ខ្ញុំមកលេងខ្ញុំផង” ។

“ខ្ញុំស្នើសុំកិច្ចអន្តរាគមន៍ពីលោកចៅក្រម ព្រោះថាការបញ្ឈប់របស់នាយកដ្ឋានពន្ធនាគារក្នុងការហៅទូរសព្ទពីប្រពន្ធខ្ញុំនិងកូនស្រីរបស់ខ្ញុំមកកាន់ខ្ញុំនៅក្នុងពន្ធនាគាគឺជាអំពើរើសអើងដែលមិនធ្លាប់មានពីមុនមកលើរូបខ្ញុំនោះទេ”។

លោក ចៅក្រម Cogan បានឆ្លើយតបកាលពីពីថ្ងៃពុធកន្លងទៅដោយនិយាយថាគ្មានអ្វីដែលគាត់អាចធ្វើបានទេពីព្រោះគាត់បានស្ថិតនៅក្រោមយុត្តាធិការនៃដែនសមត្តកិច្ចរបស់នាយកដ្ឋានពន្ធនាគារដូច្នេះនាយកដ្ឋានពន្ធនាគារជាអ្នកទទួលខុសត្រូវចំពោះជោគវាសនារបស់ Guzmán ហើយបានប្រាប់គាត់ឲ្យគោរពតាមនិងទទួលយកបទបញ្ជារបស់ភ្នាក់ងារនាយកដ្ឋានពន្ធនាគារ។

លោកចៅក្រម Cogan បានសរសេរនៅក្នុងលិខិតមួយថា “បន្ទាប់ពីការកាត់ទោសរបស់គាត់នាយកដ្ឋានពន្ធនាគារគឺជាស្ថាប័នទទួលខុសត្រូវទាំងស្រុងចំពោះលក្ខខណ្ឌនៃការឃុំឃាំងខ្លួនរបស់គាត់ ហើយតុលាការមិនមានវិសាលភាពនៃអំណាចគ្របដណ្តប់លើដែនសមត្តកិច្ចរបស់នាយកដ្ឋានពន្ធនាគារដើម្បីផ្លាស់ប្តូរលក្ខខណ្ឌដែលនាយកដ្ឋានពន្ធនាគារបានដាក់ចេញនោះទេ” ។

កាលពីថ្ងៃអង្គារ.Guzmánបានអះអាងថាគាត់ធ្លាប់ទទួលបានការហៅទូរសព្ទចំនួន ១៥ នាទីពីរដងក្នុងមួយខែ ប៉ុន្តែបាននិយាយថា “បុគ្គលិកនៅទីនេះបានប្រាប់ខ្ញុំថាភ្នាក់ងារ FBI ដែលជាស្ថាប័នតាមដានការហៅទូរសព្ទមិនឆ្លើយតបនឹងការស្នើសុំនេះទេ។
ចៅក្រមបានឆ្លើយតបដោយបញ្ជាក់កាន់តែច្បាស់ថា កាលវិភាគហៅទូរសព្ទត្រូវបានកំណត់សម្រាប់តែនៅក្នុងការកាត់ក្តីរបស់លោក Guzmán ប៉ុន្តែនៅពេលដែលស្តេចគ្រឿងញៀនរូបនេះត្រូវបានកាត់ទោសរួចរាល់ហើយនោះ នាយកដ្ឋានពន្ធនាគារជាស្ថាប័នទទួលខុសត្រូវលើលក្ខខណ្ឌឃុំឃាំងខ្លួនរបស់គាត់នៅក្នុងពន្ធនាគារ។

លោក Jeffrey Lichtman មេធាវីរបស់ Guzmán បានប្រាប់ភ្នាក់ងារ The Post តាមអ៊ីមែលថា កូនក្តីរបស់គាត់ទទួលរង “លក្ខខណ្ឌឃុំឃាំងខ្លួនដ៏ធ្ងន់ធ្ងរនិងដ៏លំបាកបំផុត” ដែលគាត់មិនធ្លាប់ឃើញសម្រាប់ការអនុវត្តទោស “នៅក្នុងពន្ធនាគារអាមេរិកណាមួយពីមុនមកនោះទេ” ។
មេធាវីបានសង្កត់ធ្ងន់ថា Guzmán ត្រូវបានឃុំខ្លួនដាច់តែឯង ហើយគាត់មិនត្រូវបានអនុញ្ញាតឲ្យទាក់ទងជាមួយប្រពន្ធកូនរបស់គាត់ទេ ហើយ “កម្រឃើញគាត់និយាយទៅកាន់កូនរបស់គាត់ ឬនិយាយជាមួយពួកគេទាំងអស់គ្នាណាស់” ។

មេធាវី Lichtman បាននិយាយថាយោងតាមការកត់សម្គាល់របស់គាត់គឺថាវាជាបញ្ហាបង្កឡើងដោយនាយកដ្ឋានពន្ធនាគារគឺមិនមែនមកពីលោកចៅក្រមនោះទេ។

មេធាវីបានបន្តថា Guzman នឹងដោះស្រាយបញ្ហានេះជាមួយមន្រ្តីនាយកដ្ឋានពន្ធនាគារក្នុងការបដិសេធមិនបន្ធូរបន្ថយលើលក្ខខណ្ឌដ៏ធ្ងន់ធ្ងរនេះ។

Guzman ស្តេចគ្រឿងញៀនត្រូវបានកាត់ទោសកាលពីខែកុម្ភៈ ឆ្នាំ២០១៩ពីបទជួញដូរគ្រឿងញៀនតម្លៃរាប់ពាន់លានដុល្លារ។ នៅក្នុងខែមករា ឆ្នាំ ២០២៣ Guzman បានស្វែងរកអន្តរាគមន៏ពីប្រធានាធិបតីម៉ិកស៊ិក Andrés Manuel López Obrador ដើម្បីស្នើសុំគាត់ធ្វើបត្យាប័នទៅស្រុកកំណើតវិញដោយអះអាងថាគាត់ត្រូវបានទទួលរងនូវលក្ខខណ្ឌឃុំឃាំងខ្លួនដ៏ធ្ងន់ធ្ងរនិងដ៏លំបាកបំផុតដែលជាអំពើមយដ៏ “ឃោរឃៅ និងអយុត្តិធម៌” បំផុតសម្រាប់រូបគាត់នៅក្នុងពន្ធនាគាររបស់អាមេរិក។ក៏ប៉ុន្តែការស្វែងរកអន្តរាគមន៏ពីប្រធានាធិបតីម៉ិកស៊ិក Andrés Manuel López Obradorរបស់ Guzmanមិនត្រូវបានប្រធានាធិបតីម៉ិកស៊ិកទទួលយកនោះទេ។

មិនមានសេចក្តីឆ្លើយតបដើម្បីបំភ្លឺលើករណីរបស់ Guzmanពីសំណាក់មន្រ្តីនាយកដ្ឋានពន្ធនាគារនោះទេនៅក្នុងខណ:ពេលដែលត្រូវបានអ្នកសារព័ត៌មានស្នើសុំសេចក្តីអធិប្បាយពាក់ព័ន្ធនិងការអំពាវនាវរបស់ Guzman ៕