ភ្នំពេញ៖ ស្នាមញញឹម សំឡេងសើចក្អាកក្អាយ ជាមួយការបាចទឹកដាក់គ្នា ជូនពរគ្នា ក្រោមស្នាមញញឹមរបស់ប្រជាពលរដ្ឋខ្មែរ បាននិងកំពុងបង្ហាញឲ្យឃើញពីគុណតម្លៃ “នៃសុខសន្តិភាព” និងការឈានឆ្ពោះទៅកាន់វិបុលភាពរបស់ប្រជាជាតិខ្មែរ។
“អរិយធ៌ម” ចាប់ផ្តើមដុះពន្លកជាថ្មីក្រោមម្លប់សន្តិភាព ដែលរកបានដោយកម្រ និងរកបានដោយការបូជាសាច់ស្រស់ ឈាមស្រស់របស់សម្តេចតេជោហ៊ុន សែនប្រធានព្រឹទ្ឋសភា និងជាអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្តេចបានបញ្ចប់នូវយុគដ៏ខ្មៅងងឹត ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ យកទឹកភ្នែក លាងនូវស្លាកស្នាមសោកនាដកម្ម និងភាព ស្លោកស្រពោនរបស់ប្រជាជាតិនេះ។
គុណតម្លៃនៃសុខសន្តិភាព
“សន្តិភាពមានតម្លៃជាងអ្វីទាំងអស់ សម្រាប់ការរីកចម្រើនរបស់ប្រជាជាតិមួយនេះ”។
ជាក់ស្តែង ប្រទេសនេះ បានលេចឡើងលើឆាកអន្តរជាតិយ៉ាងត្រដែត ក្រោមការដាក់ចេញគោលនយោបាយ សមាហរណកម្មខ្លួនឯងទៅក្នុងសហគមន៍អន្តរជាតិ និងពិភពលោក។
ជាលទ្ឋផលក្រោយការបញ្ចប់សង្រ្គាម និងនាំមកនូវសុខសន្តិភាពពេញផ្ទៃប្រទេសនៅឆ្នាំ១៩៩៨ របស់បុរសខ្លាំកម្ពុជា “គឺសម្តេចតេជោ” សេដ្ឋកិច្ចកម្ពុជាបានរីកចម្រើនយ៉ាងលឿន គួរឲ្យមោទនភាព ជាក់ស្តែងពីរទសវត្សរ៍ មុនការរាតត្បាតជំងឺកូវីដ១៩មកដល់ សេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើនជាមធ្យម៧ភាគរយ ដែលធ្វើឲ្យប្រទេសនេះ ឈានមកកាន់ឋានៈជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងកំពុងឈានទៅកាន់ឋានៈថ្មី ជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសអ្នកមានឬប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ខាងមុខ។
សំឡេងសើចក្អាកក្អាយ លើផ្ទៃមុខពោរពេញដោយម្សៅព៌ណស សម្លៀកបំពាក់ជោគដោយទឹក បាននិងកំពុងឆ្លុះបញ្ចាំងឲ្យឃើញនូវតម្លៃនៃការរួបរួម តម្លៃនៃសេចក្តីស្រលាញ់ តម្លៃសាមគ្គីភាព ដែលមានតម្លៃមហាសាល និងមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិធ្លាប់កំសត់មួយនេះ។
សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ឋសភា និងជាអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍លើបណ្តាញ ទំនាក់ទំនងសង្គមនៅព្រឹកថ្ងៃទី១៧ មេសា ក្រោយពិធីបុណ្យចូលឆ្នាំថ្មីដ៏រីករាយនេះថា សង្ក្រាន្តឆ្នាំ២០២៤ នៅ២៥ រាជធានី ខេត្ត ពោរពេញដោយភាពរីករាយ សប្បាយក្អាកក្អាយ របស់ប្រជាពលរដ្ឋ ដែលបានចូលរួមលេងកម្សាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤។
សម្តេចបានបញ្ជាក់ថា “កម្ពុជាមានសន្តិភាពពេញលេញ” ទើបអាចមានព្រឹត្តការណ៍ទាំងនេះបាន ហើយលើសពីនេះ មិនថាតែប្រជាពលរដ្ឋខ្មែរទេ គឺមានភ្ញៀវបរទេសច្រើនកុះករ លេងកម្សាន្តផងដែរ ប្រកបដោយភាពសប្បាយរីករាយ និងមានទំនុកចិត្តលើសុវត្ថិភាពរបស់ខ្លួន ដោយមិនមានការភ័យខ្លាចអ្វីទាំងអស់”។
សោមនស្សភាព បង្ហាញពីមូលដ្ឋាននៃកំណើនសេដ្ឋកិច្ច
បំភ្លេចចោលអតីតកាល ដែលពោរពេញដោយទុក្ខសោក និងបញ្ហានានា ប្រជាពលរដ្ឋខ្មែររាប់លាននាក់បាននាំគ្នា លេងល្បែងប្រជាប្រិយនានា ដូចជា ទាញព្រ័ត បោះអង្គុយ លាក់កន្សែង ប្រលែងកូនមាន់ កញ្ញាធ្លាក់ទឹក វាយក្អមយករង្វាន់ ឡើងសសរខ្លាញ់យករង្វាន់ជាដើម។
ជាមួយការដើរកំសាន្តពីតំបន់មួយ ទៅតំបន់មួយ រមណីយដ្ឋានមួយ ទៅកាន់រមណីយដ្ឋានមួយ នៅតាមបណ្តារាជធានី ខេត្តទាំង២៥ ព្រមទាំងការមកដល់ នៃភ្ញៀវទេសចរចម្រុះជាតិសាសន៍ សាច់ប្រាក់ជារាប់លានដុល្លារ បានចាក់ចូលក្នុងចរន្តសេដ្ឋកិច្ចជាតិ ដែលញ៉ាំងឲ្យសេដ្ឋកិច្ចមូលដ្ឋានងើបឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ១៩ និងវិបត្តិសង្រ្គាមរុស្ស៊ី អ៊ុយក្រែន និងបញ្ហាតានតឹងផ្នែកភូមិសាស្រ្តនយោបាយនានា។
ជាក់ស្តែងធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងរីកចម្រើន ក្នុងរង្វង់៥,៨ភាគរយនៅឆ្នាំ២០២៤នេះ ស្របពេលរដ្ឋាភិបាល បានបង្កើនការព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងរីកចម្រើនក្នុងរង្វង់៦,៦ភាគរយផងដែរ។
ដំណើរឆ្ពោះទៅកាន់អរិយធម៌
សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងអំណរគុណដល់អាជ្ញាធរ កងកំលាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ប្រជាការពារ សន្តិសុខ និងប្រជាពលរដ្ឋកម្ពុជា ដែលបានចូលរួមថែររក្សាសណ្តាប់ធ្នាប់ ដើម្បីញ៉ាំងបរិយាកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ពោរពេញដោយភាពសប្បាយរីករាយ។
អ្នកបន្តវេនកម្ពុជា គឺសម្តេចធិបតីហ៊ុន ម៉ាណែត បាននិងកំពុងធ្វើដំណើរលើកម្រាលព្រំមាស ដែលបានឆ្លងផុតពីឆ្នាំសូន្យអស់រយៈពេល៤៥ឆ្នាំមកនេះ។
ការបញ្ចប់នូវស្នូរកំភ្លើងនៅឆ្នាំ១៩៩៨ ជាពេលវេលាមាស ដែលអាចឲ្យប្រជាជាតិនេះ អាចកសាងសេដ្ឋកិច្ចគ្រួសារ រដ្ឋាភិបាលអាចដាក់ចេញគោលនយោបាយថ្មីៗ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ចជាតិ ឆ្ពោះទៅកាន់ឋានៈថ្មី ដែលមានឧត្តមភាពលើឆាកអន្តរជាតិ។
ប្រជាជាតិ ដែលធ្លាប់តែរងទុក្ខសោក ក្នុងយុគដ៏ខ្មៅងងឹត បានញញឹមជាថ្មី “ជាភាសាញញឹមជាមួយកែវភ្នែក” ដែលស្នាមញញឹមនេះខានបានឃើញជាយូរមកហើយ។
ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បានបញ្ចប់ហើយ តែស្នាមញញឹម អនុស្សាវរីយ៍ ភាពត្រកុំត្រកាលក្នុងលំហចិត្ត បានស្ថិតនៅជាមួយប្រជាជាតិខ្មែរ ដែលពួកគេតែងតែលួចញញឹម នៅពេលនឹកឃើញអនុស្សាវរីយ៍ល្អៗ និងអន្ទះសាររង់ចាំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមកដល់នៅឆ្នាំខាងមុខទៀត។
ក្នុងដំណើរជាប្រវត្តិសាស្រ្ត លើវិថីឆ្ពោះទៅកាន់អរិយធ៌មជាថ្មី ទាមទារឲ្យប្រជាជាតិនេះ កសាងនូវមូលដ្ឋានគ្រឹះសេដ្ឋកិច្ចឲ្យបានកាន់តែរ៉ឹងមាំ មានឆន្ទះស្នេហាជាតិកាន់តែមោះមុត និងត្រូវមានសីលធ៌ម សុភាវធ៌មជាងមុន គាំទ្រគោលនយោបាយរបស់រដ្ឋាភិបាល ដែលបាននិងកំពុងខិតខំប្រឹងប្រែង ដើម្បីរក្សាឲ្យបាននូវមូលដ្ឋានគ្រឹះសុខសន្តិភាព និងកសាងសេដ្ឋកិច្ចជាតិឲ្យមានភាពរីកចម្រើន កាន់តែខ្លាំងថែមទៀត។
ការបញ្ចប់ពិធីបុណ្យរយៈពេល៤ថ្ងៃនេះ គឺជាពេលត្រូវចាប់ផ្តើមការងារ អាជីវកម្មមានសភាពរសរវើកជាងមុន ជាមួយទស្សនវិស័យកម្ពុជា ឆ្ពោះទៅកាន់ប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។
ហេតុនេះប្រជាជាតិនេះ មិនត្រូវសួរថា “តើប្រទេសជាតិនេះ បានផ្តល់អ្វីឲ្យអ្នកនោះទេ ប៉ុន្តែត្រួវសួរខ្លួនឯងថា តើអ្នកបានធ្វើអ្វីខ្លះ ដើម្បីប្រទេសជាតិនេះជំនួសវិញ”។
រីករាយឆ្នាំថ្មី អរគុណតម្លៃនៃសុខសន្តិភាព!