ដោយ ៖ បន្ទាយ
បន្ទាយមានជ័យ ៖ របាំត្រុដិត្រូវបានគេឃើញបង្ហាញខ្លួនច្រើនជាងឆ្នាំណាទាំងអស់នៅខេត្តបន្ទាយមានជ័យកាលពីក្នុងពេលមុន និងពេលកំពុងប្រារព្ធពិធីបុណ្យឆ្នាំខ្មែរ ឆ្នាំរោង ឆស័ក ពស២៥៦៨ គស២០២៤ (១៣-១៦ខែមេសាឆ្នាំ២០២៤)កន្លងមក។
អ្នកតាមដាននិងវិភាគកិច្ចការទំនៀមទម្លាប់ប្រពៃណីនិងជំនឿសាសនានៅខេត្តបន្ទាយមានជ័យប្រាប់ Cambodia Flash News នៅថ្ងៃទី១៧ ខែមេសាឆ្នាំ២០២៤ថា: វត្តមានរបាំត្រុដិដែលលេចមុខនៅអំឡុងមុននិងពេលកំពុងប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ និងដោយឡែកនៅខេត្តបន្ទាយមានជ័យនាឆ្នាំនេះ ជាការបញ្ជាក់ឲ្យឃើញពីការលើកកម្ពស់តម្លៃនៃរបាំនេះ។
ប្រភពបានបន្តថា: របាំតាមរដូវ មិនមានជាប្រចាំ ដែលបង្ហាញមុខនេះ ជួយអោយកូនខ្មែរជំនាន់នេះនិងជំនាន់ក្រោយបានស្គាល់ មានមោទនភាពនិងជួយលើកតម្កើង ថែរក្សាការពារនិងអភិវឌ្ឍន៍(ជួលមកសម្ដែង)។
សូមរំលឹកថា លោកយង់ តាំងគួយចប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្ប: ខេត្តបន្ទាយមានជ័យជម្រាបទៅលោកអភិបាលខេត្តបន្ទាយមានជ័យ ក៏ដូចសមាជិកនៃអង្គប្រជុំគណ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យនាពេលមុនពិធីបុណ្យចូលឆ្នាំរោងកន្លងមកថា: ក្នុងខេត្តនេះ ឆ្នាំនេះមិនមានក្រុមរបាំត្រុដិនោះទេ ។ហេតុនេះ បើអង្គភាព ស្ថាប័នឬរូបវ័ន្ត ឬនីតិបុគ្គលណាត្រូវការឬចង់បានអោយបានរបាំនេះសម្តែងត្រូវជួលពីក្រៅខេត្ត ។
សូមបញ្ជាក់ថា :របាំនេះសម្តែងនាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឬពិធីមង្គលផ្សេងៗ ជារបាំប្រពៃណីមួយបែប ដែលគេធ្វើឡើងដើម្បីប្រសិទ្ធនូវសព្ទសាធុការពរជូនដល់អ្នកស្រុកក្នុងឱកាសឆ្នាំថ្មី។
ពាក្យ «ត្រុដិ» ជាពាក្យដើមមកពីភាសាសំស្រ្កឹត ប្រែថា ផ្តាច់ ឬកាត់ផ្ដាច់ គឺសំដៅដល់ការផ្តាច់ឆ្នាំ ឬការកាត់ផ្ដាច់ឆ្នាំចាស់ចូលទៅក្នុងឆ្នាំថ្មី និងមានជាប់នាមព្រះរាជពិធីមួយ ហៅថា «ត្រស្តិសង្ក្រាន្ត»។
យោងតាមសៀវភៅរបាំប្រជាប្រិយខ្មែរ តាមទម្លាប់របស់អ្នកស្រុក ជួនកាលគេលេងរបាំនេះ នៅពេលប្រារព្ធពិធីសុំទឹកភ្លៀង ពេលដែលស្រុកទេសមានការរាំងភ្លៀងជាដើម។
កាលពីជំនាន់បុរាណ វង់ត្រុដិរបស់ជនជាតិសំរែនេះ បាននាំគ្នាទៅលេងថ្វាយព្រះរាជា នៅរៀងរាល់ពេលបុណ្យចូលឆ្នាំ ដើម្បីថ្វាយព្រះពរសួស្តីសិរីមង្គល ៕