ព័ត៌មានជាតិ

ដំណើរការសង្ក្រាន្តនៃបុណ្យចូលឆ្នាំនៅខេត្តបន្ទាយមានជ័យប្រព្រឹត្តទៅរលូន

ដោយ : ប.ន្ទាយ

បន្ទាយមានជ័យ : ដំណើរការសង្ក្រាន្តនៃបុណ្យចូលឆ្នាំរោងនៅខេត្តបន្ទាយមានជ័យរយ:ពេល១ថ្ងៃមកនេះ(ថ្ងៃទី១៣ខែមេសាឆ្នាំ២០២៤ )ប្រព្រឹត្តទៅរលូននិងមានភ្ញៀវក្នុងនិងក្រៅខេត្ត ផ្ញៀវបរទេសមកកំសាន្តចំនួនជាង១២ម៉ឺននាក់ ។

មន្ត្រីរដ្ឋបាលខេត្តបន្ទាយមានជ័យអោយដឹងនាថ្ងៃទី១៤ខែមេសាឆ្នាំ២០២៤ថា : ពេលចាប់ផ្តើមនៃសង្ក្រាន្តនៃពិធីបុណ្យចូលឆ្នាំនៅខេត្តបន្ទាយមានជ័យ នាល្ងាចថ្ងៃទី១២ខែមេសាកន្លងមក មានពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខសម្រាប់ដំណើរការរៀបចំសង្ក្រាន្តបន្ទាយមានជ័យក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤។

ក្រោមវត្តមានឯកឧត្ដម លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងលោកស្រី អញ្ជើញជាអធិបតីក្នុងពិធីនោះ ។ នៅរសៀលថ្ងៃទី១៣ខែមេសា លោកក៏បន្តដឹកនាំកម្មវិធីនៃសង្ក្រាន្ត ។ក្នុងនោះមានលេងល្បែងប្រជាប្រិយ  ច្រៀងរាំតាមប្រពៃណីនិងសម័យនិយម ។

កម្មវិធីរបស់រដ្ឋបាលខេត្តបាន ធ្វើនៅបរិវេណសួនតេជោ ឈ្នះ ឈ្នះ (វេទិកាខេត្តឬសួនមានជ័យ) កណ្តាលទីប្រជុំជនខេត្ត នាភូមិ៣សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ។

រីឯនៅតាមស្រុក ក្រុង៨ទៀត មានធ្វើនៅតាមទីតាំងប្រាសាទ(ស្រុកថ្មពួក រៀបចំនៅប្រាសាទបន្ទាយឆ្មារ ) ។នៅតាមវត្តអារាម តាមដងផ្លូវ និងទីសាធារណ:នានា។

មន្ត្រីខាងលើអោយដឹងថា : ១ថ្ងៃដំបូង ខេត្តនេះសរុបចំនួនភ្ញៀវទេសចរ ១២៦,៤៨១នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន៧៦៥នាក់ មកលេងសង្ក្រាន្តបុណ្យចូលឆ្នាំខ្មែរយើងនេះ ៕