ដោយ៖សុខុម
ឧត្តរមានជ័យ៖ហេតុការណ៍ក្រឡាប់គោយន្តកន្ត្រៃចុះពីលើចំណោតផ្លូវច្រកព្រំដែនជប់គគីរ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ស្ថិតក្នុងភូមិជប់គគីរខាងកើត ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បណ្ដាលឱ្យមនុស្សស្លាប់រហូតដល់ទៅ៥នាក់និង៩នាក់ទៀតរងរបួស។
លោកវរសេនីយ៍ទោ សំ សាត អធិការរងទទួលផែនការងារសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល បានប្រាប់ អ្នកសារព័ត៌មាន ឱ្យដឹងថា មុនពេលកើតហេតុគោយន្តកន្ត្រៃមានផ្ទុកមនុស្សចំនួន១៤នាក់ បើកបរឡើងភ្នំជប់គគីរទៅច្រកព្រំដែន ដើម្បីចូលផ្សារថៃទិញទំនិញ ។លុះទិញរួចក៏បើកត្រឡប់មកវិញ ប៉ុន្តែដោយសារផ្លូវចុះចំណោត ហើយគោយន្តបើកលឿនទៀតនោះ មកដល់ចំណុចផ្លូវកោង យកចង្កូតមិនទាន់ក៏បានក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឱ្យមនុស្សស្លាប់ និងរបួសរណូករណែល។
លោកអធិការរងបានបញ្ជាក់ទៀតថា ក្រោយហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញក៏បានចុះទៅដល់កន្លែងកើត ហេតុដើម្បីជួយសង្រ្គោះអ្នករងរបួសបញ្ជូនមកមន្ទីរពេទ្យ ។ចំណែកអ្នកស្លាប់ត្រូវបានសែងមកដាក់លើផ្លូវ ដើម្បីទាក់ទងក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ។
លោកបញ្ជាក់ថា ករណីនេះស្លាប់មនុស្ស៥នាក់ ស្រីទាំងអស់ និងរបួសធ្ងន់៧នាក់ ,របួសស្រាល២នាក់ផងដែរ។
ចំពោះអ្នកស្លាប់ទាំង៥នាក់ និងអ្នករបួសចំនួន៩នាក់គឺ ជាប្រជាពលរដ្ឋរស់នៅភូមិខ្ទុំ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ៕