កីឡា

យុទ្ធនាការជិះកង់មួយសប្តាហ៍ដើម្បីរៃអង្គាសថវិកាទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផាបានប្រាក់ជាង៤៥៦លាន រៀល

ដោយ៖ គង់ហេង
កំពង់ចាម៖ យុទ្ធនាការជិះកង់មួយសប្តាហ៍ដែលលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាមហៅថា « ៧០០ គីឡូម៉ែត្រ ដើម្បីមន្ទីរគន្ធបុប្ផា»នោះ គឺបានប្រមូលថវិកាពីសប្បុរសជន រស់នៅតាមបណ្តាស្រុក ក្រុងទាំង ១០ ក្នុងខេត្តមួយនេះបានចំនួនសរុបជាង ៤៥៦លាន រៀល។

នេះបើតាមការឱ្យដឹងពីមន្រ្តីសាលាខេត្តកំពង់ចាមដែលបានធ្វើការបូកសរុប នៅក្រោយពីលោក អ៊ុន ចាន់ដា ជាអភិបាលខេត្ត និងសហការី ទទួលបានពីអភិបាលស្រុក ក្រុង ប្រធានមន្ទីរអង្គភាព ដែលទទួលបានផ្ទាល់ដៃពីសប្បុរសជនតាមរយៈយុទ្ធនាការជិះកង់ចាប់ពីថ្ងៃទី ១ ដល់ ៧ មេសា។ ការទទួលថវិកាធ្វើឡើងនៅសាលាខេត្តកំពង់ចាមនារសៀលថ្ងៃទី ១១ មេសានេះ។ ប៉ុន្តែលោកអភិបាលខេត្តនៅមិនទាន់បានប្រកាសឱ្យដឹងថា ក្រុមណាមួយ ទាំងប្រាំពីរក្រុម របស់ក្រុមយុទ្ធនាការជិះកង់រៃអង្គាសប្រាក់ដើម្បីជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា ជាអ្នកទទួលរង្វាន់នោះទេ។


សូមបញ្ជាក់ថា នៅមុនចាប់ផ្តើមយុទ្ធនាការជិះកង់ចេញដំណើរមានអ្នកស្ម័គ្រចិត្តចូលប្រមាណ ២០០ នាក់ បែងចែកចេញជា ប្រាំពីរ ក្រុម នៅព្រឹកថ្ងៃទី ១ មេសា នៅខាងមុខសាលាខេត្តលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាមបានប្រកាសថា៖ ទាំង ប្រាំពីរ ក្រុម បើក្រុមណាសកម្មលើសគេ នឹងទទួលបានរង្វាន់ពីលោកផ្ទាល់ នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចូលមកដល់៕