សន្ដិសុខសង្គម

ចាប់ជំរិតបាញ់.ស្លាប់ស្វាមីម្ចាស់ផលិតផល Lakamo

ដោយ:សុខុម
ភ្នំពេញ ៖ សមត្ថកិច្ចបានឲ្យដឹងថា ករណីចោរចាប់ជំរិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា កាលពីយប់ថ្ងៃទី១០មេសា២០២៤ មានមនុស្សស្លាប់ចំនួន២នាក់។ជនរងគ្រោះដែលត្រូវចោរបាញ់បាត់បង់ជីវិតមានឈ្មោះ ឈួរ ឈុនហួរ អគ្គនាយករងក្រុមហ៊ុន ព្រីមៀរ៍ ផាក។

សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងជាង១១យប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ មានករណីចោរម្នាក់បានចូលទៅផ្ទះម្ចាស់ប្រេន Lakamo នៅខណ្ឌជ្រោយចង្វា រួចហើយបានភ្ជង់អ្នកបើកឡានឲ្យនាំចូលទៅក្នុងបន្ទប់របស់ជនរងគ្រោះ។ ពេលនោះ មានការប្រតាយប្រតប់គ្នា ជនល្មើសមានតែម្នាក់ឯង បានបាញ់ជនរងគ្រោះជាប្តីចំក្បាលបណ្តាលឲ្យស្លាប់។

ខ្មាន់កាំភ្លើងបានគំរាមទារលុយចំនួន២០ម៉ឺនដុល្លារពីក្រុមគ្រួសារជនរងគ្រោះ ហើយបើមិនឲ្យទេ ជនរងគ្រោះប្រមាណ១២នាក់នៅក្នុងផ្ទះ នឹងត្រូវបាញ់សម្លាប់ទាំងអស់។

ក្រោយមកកម្លាំងអាវុធហត្ថក៏ចាប់ផ្តើមឡោមព័ទ្ធនៅទីតាំងកើតហេតុ។ ជនសង្ស័យបាញ់សម្លាប់ខ្លួនឯងតែម្តង។

កញ្ញា សុខ លីន ជាតារា TikTok និងជា BA ឲ្យក្រុមហ៊ុននេះ ភ័យពេក ក៏លោតពីលើផ្ទះបណ្តាលឲ្យជង់ចំក រងរបួសធ្ងន់ យកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ មកដល់ពេលនេះសមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតនៅឡើយ ៕