ប្រែសម្រួល៖ ស-សម្បត្តិ
ទីក្រុងហូជីមិញ៖ កាលពីថ្ងៃទី១១ មេសា តុលាការក្រុងហូជីមិញបានសម្រេចកាត់ទោសប្រហារជីវិតមហាសេដ្ឋីអចលនទ្រព្យវៀតណាមក្នុងសំណុំរឿងក្លែងបន្លំប្រាក់ចំនួន ៣០៤ ពាន់ពាន់លានដុងស្មើនឹង ១២,៤៦ ពាន់លានដុល្លារ ដែលជាកំណត់ត្រាក្នុងសំណុំរឿងឆបោកប្រាក់ដ៏ធំបំផុតរបស់ប្រទេសមួយនេះ។
បន្ទាប់ពីបញ្ចប់ការជំរះក្តីលើសណុំរឿងក្លែងបន្លំប្រាក់ចំនួន ៣០៤ ពាន់ពាន់លានដុងស្មើនឹង ១២,៤៦ ពាន់លានដុល្លារនៅក្រុងហូជីមិញនាង Truong My Lan ដែលជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Van Thinh Phat Holdings Group ត្រូវបានតុលាការរកឃើញថាមានពិរុទ្ធភាពពីបទកេងបន្លំប្រាក់ មានការសូកប៉ាន់ និងការបំពានច្បាប់ធនាគារ។
គណៈវិនិច្ឆ័យដែលជ្រើសតាំងឡើងមានចំនួនបីរូប និងចៅក្រមពីររូបបានច្រានចោលរាល់ការអំណះអំណាងរបស់មេធាវីការពារក្តីរបស់នាង Truong My Lan ។
តុលាការក្រុងហូជីមិញបានអានសាលក្រមសម្រេចថា “សកម្មភាពរបស់ចុងចោទបានបំផ្លាញទំនុកចិត្តប្រជាជនលើការដឹកនាំរបស់បក្ស និងរដ្ឋ”។
បន្ទាប់ពីដំណើរការសវនាការជំរះក្តីអស់រយៈពេលប្រាំសប្តាហ៍មានជនជាប់ចោទ ៨៥ នាក់ផ្សេងទៀតក៏ប្រឈមមុខនឹងការចោទប្រកាន់ពីបទសូកប៉ាន់ និងការរំលោភអំណាច និងបំពានច្បាប់ធនាគារ។
នាង Land បានបដិសេធការចោទប្រកាន់នេះ ហើយបានដាក់បន្ទុកមកលើអ្នកក្រោមបង្គាប់របស់នាង។
យោងទៅតាមភ្នាក់ងារស៊ើបអង្កេតបានឲ្យដឹងថានាង Lan និងបក្ខពួករបស់នាងត្រូវបានចោទប្រកាន់ពីបទលួចលុយជាង ១២.៥ពាន់លានដុល្លារពីធនាគារ Saigon Commercial Bank (SCB) ដែលនាងបានគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាពតាមរយៈប្រូកស៊ីរាប់សិបនាក់។
ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ចាប់ពីដើមឆ្នាំ ២០១៨ រហូតមកដល់ខែតុលា ឆ្នាំ ២០២២ នៅពេលដែលរដ្ឋបានធានាឲ្យSCB ពី SCB ដំណើរការលើប្រាក់បញ្ញើរបស់នាងនោះ Lan ក៏ទទួលបានប្រាក់យ៉ាងច្រើនតាមរយ:ការរៀបចំប្រាក់កម្ចីខុសច្បាប់ដល់ក្រុមហ៊ុនសែល។
រដ្ឋអាជ្ញាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាការខូចខាតសរុបដែលបណ្តាលមកពីការបោកប្រាស់ឥឡូវនេះមានចំនួនដល់ទៅ ២៧ ពាន់លានដុល្លារដែលជាតួលេខស្មើនឹង ៦ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសឆ្នាំ ២០២៣ ។
ការសម្រេចកាត់ទោសប្រហារជីវិតមហាសេដ្ឋីវៀតណាមនាង Truong My Lan គឺជាការផ្តន្ទាទោសដ៏ធ្ងន់ធ្ងរមិនធម្មតានៅក្នុងករណីបែបនេះ។
ការចាប់ខ្លួនត្រូវបានធ្វើឡើងក្រោមការបង្រ្កាបអំពើពុករលួយថ្នាក់ជាតិដឹកនាំដោយមេដឹកនាំបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong ដែលបានបោសសម្អាតមន្ត្រី និងសមាជិកឥស្សរជនធុរកិច្ចវៀតណាមជាច្រើននាក់នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
អ្នកស្រី Lan បាននិយាយក្នុងគ្រាចុងក្រោយទៅកាន់តុលាការកាលកាលពីសប្តាហ៍មុនថានាងមានគំនិតចង់ធ្វើអត្តឃាត។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋនាងបាននិយាយថា៖ “ ដោយសារតែអស់សង្ឃឹមពេក ខ្ញុំគិតថាចង់ស្លាប់”។”ខ្ញុំtតូចចិត្តខ្លាំងណាស់ដែលខ្លួនឯងល្ងង់ពេកចំពោះការរកស៊ីក្នុងបរិយាកាសដ៏កាចសាហាវបែបនេះចំពោះវិស័យធនាគារដែលខ្ញុំមិនសូវមានចំណេះដឹង”។សមាជិកគ្រួសារម្នាក់បានប្រាប់ភ្នាក់ងារ Reuters នៅមុនពេលសាលក្រមត្រូវបានប្រកាសថានាង Lan នឹងប្តឹងឧទ្ធរណ៍។មេធាវីមិនអាចទាក់ទងបានភ្លាមៗសម្រាប់ការស្នើសុំបំភ្លឺជុំវិញករណីនេះទេ។
• បាតុកម្ម
នៅក្រោយពេលចាប់ខ្លួននាង Lan ក្នុងខែតុលា ឆ្នាំ ២០២២ មនុស្សរាប់រយនាក់បានចាប់ផ្តើមធ្វើបាតុកម្មនៅក្នុងរដ្ឋធានីហាណូយ និងទីក្រុងហូជីមិញ ដែលជាការកើតឡើងដ៏កម្រនៅក្នុងរដ្ឋកុម្មុយនិស្តគ្រប់គ្រងអំណាចដោយឯកបក្សមួយនេះ។
ប៉ូលិសបានកំណត់អត្តសញ្ញាណជនរងគ្រោះដោយសារអំពើរឆបោកប្រាក់ចំនួនប្រហែល ៤២,០០០នាក់ក្នុងរឿងអាស្រូវដែលបានធ្វើឲ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
នាង Lan ដែលបានរៀបការជាមួយអ្នកជំនួញហុងកុងដ៏មានទ្រព្យសម្បត្តិម្នាក់ក៏ត្រូវបានកាត់ទោសពីបទបង្កើតកម្មវិធីប្រាក់កម្ចីក្លែងក្លាយដើម្បីដកប្រាក់ពីធនាគាររដ្ឋSCB ដែលនាងកាន់កាប់ភាគហ៊ុនដល់ទៅ ៩០ ភាគរយ។
ប៉ូលិសនិយាយថា ជនរងគ្រោះក្នុងអំពើឆបោកប្រាស់ គឺជាម្ចាស់ប័ណ្ណបំណុលរបស់ធនាគារ SCB ទាំងអស់ ដែលមិនអាចដកប្រាក់របស់ពួកគេបានវិញ ហើយមិនបានទទួលការប្រាក់ ឬទូទាត់ដើមចាប់តាំងពី នាង Lan ត្រូវបានចាប់ខ្លួនរួចមកនោះ។
រដ្ឋអាជ្ញាបាននិយាយថាក្នុងអំឡុងពេលសវនាការពួកគេបានរឹបអូសទ្រព្យសម្បត្តិរបស់នាងបានជាង ១,០០០ ប្រភេទដែលជាកម្មសិទ្ធិរបស់នាង Lan ។
អាជ្ញាធរក៏បាននិយាយផងដែរថា ប្រាក់ចំនួន ៥.២ លានដុល្លារអាមេរិកដែលត្រូវបាន Lan និងធនាគារ SCB មួយចំនួនផ្តល់ឲ្យដល់មន្ត្រីរដ្ឋដើម្បីលាក់បាំងការរំលោភច្បាប់ធនាគារ និងស្ថានភាពហិរញ្ញវត្ថុមិនល្អ គឺជាសំណូកដ៏ធំបំផុតដែលមិនធ្លាប់មាននៅក្នុងប្រទេសវៀតណាមកន្លងមក។
អ្នកដែលត្រូវបានផ្តល់សំណូកគឺនាង Do Thi Nhan អតីតប្រធានក្រុមត្រួតពិនិត្យធនាគាររដ្ឋវៀតណាមបាននិយាយក្នុងអំឡុងពេលសវនាការថា សាច់ប្រាក់ទាំងនោះគឺលោក Vo Tan Vanអតីតនាយកប្រតិបត្តិ SCB ជាអ្នកប្រគល់ឲ្យនាង។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា បន្ទាប់ពីដឹងថាពួកគេមានលុយហើយ Nhan បានបដិសេធមិនព្រមយកទេប៉ុន្តែលោក Van បានបដិសេធមិនយកប្រាក់នោះមកវិញទេ។
មនុស្សជាង ៤៤០០ នាក់ត្រូវបានចោទប្រកាន់នៅក្នុងអំឡុងពេលនៃការបង្រ្កាបអំពើពុករលួយរបស់ប្រទេសវៀតណាមលើករណីពុករលួយជាង ១,៧០០ ករណីគិតចាប់តាំងពីឆ្នាំ ២០២១កន្លងមក។
មហាសេដ្ឋីអចលនទ្រព្យដ៏ប្រណីតរបស់វៀតណាមលោក Do Anh Dung ប្រធានក្រុម Tan Hoang Minh ត្រូវបានកាត់ទោសដាក់ពន្ធនាគាររយៈពេលប្រាំបីឆ្នាំកាលពីខែមុន បន្ទាប់ពីគាត់ត្រូវបានគេរកឃើញថាមានពិរុទ្ធភាពពីបទឆបោកអ្នកវិនិយោគរាប់ពាន់នាក់ក្នុងជុំវិញករណីឆបោកប្រាក់ប័ណ្ណបំណុលចំនួន ៣៥៥ លានដុល្លារ។
នៅក្នុងឆ្នាំ ២០២២ ភាគហ៊ុនវៀតណាមបានទទួលរងនូវការខាតបង់ចំនួន ៤០ ពាន់លានដុល្លារអាមេរិក បន្ទាប់ពីការចាប់ខ្លួនមេដឹកនាំក្រុមហ៊ុនសាជីវកម្មធំៗជាបន្តបន្ទាប់ ដែលធ្វើអោយទំនុកចិត្តរបស់វិនិយោគិនមានភាពរំជើបរំជួលនៅក្នុងពេលដែលសេដ្ឋកិច្ចកំពុងរីកចម្រើនយ៉ាងឆាប់រហ័សកន្លងមក៕
ប្រភព៖ Agency/rl