សេដ្ឋកិច្ច

មន្ត្រីពន្ធដារបញ្ជាក់ថា គ្មានការដំឡើងអត្រាពន្ធលើប្រាក់បៀវត្សទេ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលបានបន្តជួយសម្រួលបន្ទុកជាច្រើនដល់អ្នកជាប់ពន្ធនិវាសនជន

អនុក្រឹត្យលេខ ៤៨ អនក្រ.បក ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា មិនមានគោលដៅឬុមានខ្លឹមសារណាមួយដែលដំឡើងអត្រាពន្ធលើប្រាក់បៀវត្សនោះទេ គឺការអនុវត្តតាមមាត្រា៤៧ នៃច្បាប់ស្តីពីសារពើពន្ធ ដែលតម្រូវឱ្យរាជរដ្ឋាភិបាលកំណត់កម្រិតប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ ដោយអនុក្រឹត្យ។

នេះបើតាមការបញ្ជាក់ពីលោក សុង កុសល អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយ​កដ្ឋានពន្ធដារ នៅក្នុ្ងងកម្មវិធី “ពន្ធដារកម្ពុជា” ដែលធ្វើការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក (Facebook Page) ផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ។

កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ក្រោមប្រធានបទ ពន្ធលើប្រាក់បៀវត្ស ដោយមានការចូលរួមពីលោក ទូច ជាកាដូ ប្រធានការិយាល័យនៃនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូច និងមធ្យមផងដែរ។ លោក សុង កុសល ក៏បានបញ្ជាក់បន្ថែមផងដែរថា មិនត្រឹមតែមិនដំឡើងអត្រាពន្ធនោះទេ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងកម្មករនិយោជិតដែលមានប្រាក់បៀវត្សទាប ដោយបានបង្ខិតពិតានប្រាក់បៀវត្សជាប់ពន្ធរហូតដល់ ១ ៥០០ ០០០ រៀល ឬស្មើនឹងប្រមាណ ៣៧៥ ដុល្លារ ពោលគឺជួយសម្រួលដល់អ្នកជាប់ពន្ធដែលមានប្រាក់បៀវត្សទាបជាង ឬស្មើពិតាននឹងមិនជាប់ពន្ធលើប្រាក់បៀវត្សនោះទេ។ លើសពីនេះទៀត អ្នកជាប់ពន្ធដែលមានសហព័ទ្ធដែលធ្វើតែជាមេផ្ទះ និង/ឬកូនក្នុងបន្ទុក ត្រូវបានបន្ធូរបន្ថយដោយកាត់ចេញពីមូលដ្ឋានប្រាក់បៀវត្សជាប់ពន្ធ នូវទឹកប្រាក់ចំនួន ១៥០ ០០០ រៀល សម្រាប់សហព័ន្ធម្នាក់ និង/ឬកូនក្នុងបន្ទុកម្នាក់ៗផងដែរ។

ពន្ធលើប្រាក់បៀវត្សជាប្រភេទពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្សដែលបានទទួលក្នុងក្របខ័ណ្ឌនៃការបំពេញសកម្មភាពបម្រើការងារ ក្នុងនោះមានបៀវត្ស ប្រាក់ឈ្នួល លាភការ ប្រាក់បំណាច់ បុព្វលាភ ប្រាក់បន្ថែមម៉ោង និងប្រាក់ប៉ះប៉ូវនានា។ ចំពោះរូបវន្តបុគ្គលនិវាសនជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវជាប់ពន្ធលើប្រាក់បៀវត្ស ចំពោះប្រាក់បៀវត្សប្រភពកម្ពុជានិងប្រាក់បៀវត្សប្រភពបរទេស ដោយឡែករូបវន្តបុគ្គលអនិវាសនជន ត្រូវជាប់ពន្ធលើប្រាក់បៀវត្សចំពោះតែប្រាក់បៀវត្សប្រភពកម្ពុជាតែប៉ុណ្ណោះ៕