ព័ត៌មានជាតិ

ខេត្តកំពង់ចាមឆ្នាំ២០២៤នេះរៀបចំសង្រ្កាន្តឆ្នាំថ្មីជាទ្រង់ទ្រាយធំជាងឆ្នាំកន្លងមក

ដោយ៖ គង់ហេង
កំពង់ចាម៖ ខេត្តកំពង់ចាមឆ្នាំ ២០២៤ នេះនឹងរៀបចំសង្រ្កាន្តឆ្នាំថ្មី ជាទ្រង់ទ្រាយធំ មានលក្ខណៈអ៊ូអរជាងឆ្នាំកន្លងទៅ ដោយសារទឹកដីខេត្តមួយជាទឹកដីនាគ ហើយឆ្នាំនេះជាឆ្នាំរោង ចំឆ្នាំកំណើតរបស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

នេះជាការថ្លែងឱ្យដឹងរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ៩ មេសា ក្នុងឱកាសដែលលោក និងលោក ខ្លូត ផន ជាប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម រួមជាមួយនឹងសហការី នៃរដ្ឋបាលខេត្តនេះជាច្រើនរូបផ្សេងទៀតបានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។

លោកអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា៖ ជាពិសេសនៅសល់ប៉ុន្មានថ្ងៃទៀតពិធីសង្រ្កាន្តឆ្នាំថ្មីនឹងមក រួមជាមួយនឹងការជួបជុំ ការប្រមូលផ្តុំមនុស្សច្រើន។ ប៉ុន្តែសូមកុំឱ្យការជួបជុំប្រមូលផ្តុំមនុស្សច្រើនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះក្លាយជាទីកន្លែងប្រមូលផ្តុំគ្នាប្រព្រឹត្តល្បែងស៊ីសង រាប់ចាប់ពីល្បែងស៊ីសងក្តាមឃ្លោកឡើងទៅ ត្រូវចាប់បង្រ្កាបទាំងអស់។

លោកបានបន្ថែមថា៖ យើងត្រូវរួមសហការគ្នាប្រើប្រាស់កម្លាំងឱ្យអស់ពីលទ្ធភាព ដើម្បីទ្រទ្រង់សភាពការណ៍បុណ្យប្រពៃណីជាតិមួយនេះ ឱ្យប្រជាពលរដ្ឋចូលរួមសប្បាយ ហើយទទួលបានផល គឺធ្វើឱ្យបងប្អូនប្រជាពលរដ្ឋត្រឡប់ទៅលំនៅឋានវិញ បន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗ ដើម្បីឆ្នាំក្រោយចង់ធ្វើដំណើរមកលេងទៀត៕