សន្ដិសុខសង្គម

សមត្ថកិច្ចកំពុងតាមរកក្រុមចោរបន្លំលួចលុយអស់ជាង៨០០០ដុល្លារពីកន្លែង”វីង”

ដោយ៖ សុខុម
បាត់ដំបង ៖ មកដល់ថ្ងៃទី៨មេសា២០២៤ សមត្ថកិច្ចខេត្តបាត់ដំបងនៅមិនទាន់ចាប់បានក្រុមចោរដែលប្រើល្បិចបន្លំប្រមូលលុយពីក្នុងកិតុ”វីង”មួយកន្លែងបាត់ប្រាក់អស់ជាង៨ពាន់ដុល្លារនៅឡើយ។

ក្រុមចោរទាំងនោះបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពផ្ទះកើតហេតុនិងតាមដងផ្លូវ។

សមត្ថកិច្ចបាននិយាយថា ផ្ទះ«វីង» វេរលុយមួយកន្លែងដែលក្រុមចោរធ្វើសកម្មភាពគឺស្ថិតនៅភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ សុខ បញ្ញា ភេទស្រី អាយុ៣៨ឆ្នាំ បានរៀបរាប់ថា នៅព្រឹកថ្ងៃទី៦មេសា២០២៤ ដំបូងមានស្ត្រីម្នាក់បានជិះម៉ូតូមកឈប់ខាងមុខ រួចដើរចូលទិញ «កូកា និង ទឹកសុទ្ធ» អស់លុយជាង៣ម៉ឺនរៀល។

ក្រោយទិញរួច ស្ត្រីម្នាក់នោះប្រាប់ឲ្យលើកទឹកនិងកូកាយកទៅឲ្យដល់ម៉ូតូ ។ស្ត្រីម្នាក់ពុំស្គាល់ឈ្មោះកំពុងអង្គុយលើម៉ូតូជាស្រេចធ្វើហុចលុយឲ្យជាង៣ម៉ឺនរៀលទៅម្ចាស់វិង សុទ្ធតែជាលុយរាយខ្វះខ្វះក្រោយ។ ឱកាសនេះហើយ ចោរប្រុសម្នាក់បានបន្លំដើរចូលពីចំហៀងទៅប្រមូលយកលុយអស់ពីក្នុងកិតុក្នុងបន្ទប់«វីង» ។

នៅពេលម្ចាស់វីងដើរទៅយកលុយទៅតុ ស្រាប់តែបាត់លុយអស់ ទើបមានការភ្ញាក់ផ្អើល ហើយស្រ្តីដែលទិញទឹកនិងកូកាក៏ជិះម៉ូតូទៅបាត់។លុះពេលឆែកកាមេរ៉ាសុវត្ថិភាព ទើបដឹងថា មានចោរបន្លំចូលលួច ព្រោះកាមេរ៉ាសុវត្ថិភាពបានថតជាប់បុរសម្នាក់ពាក់មួកនិងពាក់ម៉ាស់មុខ ដើរចូលទៅលួចលុយ និងដើរចេញពីផ្ទះ រួចឡើងជិះម៉ូតូដែលមានបក្ខពួករង់ចាំទទូលនៅលើថ្នល់រួចគេចខ្លួនបាត់។

បើតាមអ្នកស្រី សុខ បញ្ញា បានបញ្ជាក់ថា ទឹកប្រាក់ដែលបាត់មានប្រាក់រៀល ប្រាក់ថៃ និង ប្រាក់ដុល្លារសរុបអស់ជាង៨.០០០ដុល្លារអាមេរិក។លុយទាំងអស់ច្រកក្នុងថង់ខ្មៅ ទុកនៅក្នុងកិតុ។

សាក្សីបាននិយាយថា ក្រុមចោរមានបក្ខពួកយ៉ាងតិច៣ម៉ូតូជិះឆ្វែលចុះ ឆ្វែលឡើងមុនពេលធ្វើសកម្មភាព ពុំមានអ្នកចាប់អារម្មណ៍។ ក្រោយយកបានលុយហើយក៏បាត់ក្រុមជិះម៉ូតូឆ្វែលចុះឡើងនោះអស់។

បើតាមពិនិត្យលើសកម្មភាពក្រុមចោរជិះម៉ូតូបណ្ដាក់គ្នា មានស្ត្រីម្នាក់ធ្វើជាចូលទិញទំនិញ ហើយមានបុរសម្នាក់ជាអ្នកដើរចូលទៅលួចលុយនៅពេលជនរងគ្រោះកំពុងឈររាប់លុយជាមួយស្ត្រីនោះ ដែលគេពុំស្គាល់។

ជនរងគ្រោះមិនរំពឹងថាយកបានលុយដែលបាត់ទៅមកវិញទេ។ ស្នើសុំដល់សមត្ថកិច្ចជួយតាមចាប់ក្រុមចោលនោះមកផ្ដន្ទាទោសតាមច្បាប់ដើម្បីកុំឲ្យមានជនរងគ្រោះផ្សេងទៀត៕