ប្រែសម្រួល៖ ស-សម្បត្តិ
កាលពីថ្ងៃអាទិត្យ អ្នកបើកបរយន្តហោះ Boeing 737-800 របស់ Southwest Airlines ចេញពីអាកាសយានដ្ឋានអន្តរជាតិ Denver Houston-bound ឆ្ពោះទៅកាន់អាកាសយានដ្ឋាន William P. Hobby ក្នុងទីក្រុង Houston បន្ទាប់មកអ្នកបើកបរបានកត់សម្គាល់ឃើញថាបន្ទះដែកនៃគម្របម៉ាស៊ីនយន្តហោះបានរលុងដាច់ចេញពីគ្នាស្ទើរតែទាំស្រុងក្នុងអំឡុងពេលកំពុងហោះហើរ។ក្នុងខណ:ពេលនោះក៏បានបង្ខំចិត្តធ្វើដំណើរត្រឡប់មកអាកាសយានដ្ឋានអន្តរជាតិ Denver វិញភ្លាមៗ ។
លោក Sam Sweeney ប្រធានផ្នែកដឹកជញ្ជូនរបស់ ABCបានបង្ហោះរូបភាពវីដេអូដ៏រន្ធត់នៅលើ X ជាមួយនិងសារសរសេថាគម្របម៉ាស៊ីនយន្តហោះដែលគេមើលឃើញត្រូវខ្យល់បក់ដូចជាក្រដាសខណៈដែលវារលុងដាច់ចេញពីគ្នាស្ទើតែទាំងអស់នោះ។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផ្នែកមួយនៃយន្តហោះដែលហៅថាបន្ទះដែកគម្របម៉ាស៊ីន (engine cowling) ដែលអាចដកចេញចូលបបានត្រូវរលុងដាច់ចេញពីគ្នាស្ទើរតែទាំងអស់ធ្វើឲ្យខ្យល់បោកបក់យ៉ាងខ្លាំងលើផ្នែកម្ខាងនៃស្លាបរបស់យន្តហោះ។
អ្នកនាំពាក្យបានប្រាប់ភ្នាក់ងារសារព័ត៌មានប៉ុស្តិ៍ថាឧបទ្ទវហេតុនេះបង្កឡើងដោយ “មេកានិច”របស់យន្តហោះដែលផលិតតាំងពីឆ្នាំ ២០១៧ នេះបើយោងតាមកំណត់ត្រារបស់ FAA បានបង្ហាញយ៉ាងដូច្នេះ។
អ្នកនាំពាក្យបានប្រាប់ភ្នាក់ងារ The Post ថាជើងហោះហើរ Southwest Flight 3695 បានវិលត្រលប់មកកាន់អាកាសយានដ្ឋានអន្តរជាតិ Denver នៅព្រឹកនេះ ហើយបានចុះចតដោយសុវត្ថិភាព បន្ទាប់ពីជួបបញ្ហាមេកានិច។ អ្នកដំណើររបស់យើងនឹងទៅដល់ទីក្រុង Houston Hobby តាមជើងហោះហើររបស់យន្តហោះផ្សេងទៀត ប្រហែលយឺតជាងបីម៉ោងក្រោយកាលវិភាគ” ។
“យើងសូមអភ័យទោសចំពោះភាពរអាក់រអួលបណ្តាលឲ្យមានការពន្យារពេលធ្វើដំណើរដោយសារតែយើងចាត់ទុកសុវត្ថិភាពរបស់អតិថិជននិងនិយោជិតរបស់យើងជាអាទិភាពដ៏ខ្ពស់បំផុតរបស់យើង។ ក្រុមថែទាំមេកានិចរបស់យើងកំពុងពិនិត្យមើលស្ថានភាពយន្តហោះនេះ”។
យន្តហោះនេះបានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Denver នៅប្រហែលម៉ោង 7:49 នាទីព្រឹក ម៉ោងក្នុងស្រុក ដោយឆ្ពោះទៅកាន់អាកាសយានដ្ឋាន William P. Hobby ក្នុងទីក្រុង Houston ។
FAA បច្ចុប្បន្នកំពុងស៊ើបអង្កេតលើឧប្បត្តិហេតុដែលបានកើតឡើងនេះ។
ឧប្បត្តិហេតុថ្ងៃនេះនៅតែជាបញ្ហា”មេកានិច”របស់យន្តហោះដែលបង្កឲ្យប៉ះពាល់ដល់សុវត្ថិភាពយ៉ាងធ្ងន់ធ្ងរដោយមិនមានដំណោះស្រាយឲ្យបានត្រឹមត្រូវធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍ដ៏ធំមួយនេះបន្តមាន បញ្ហា”មេកានិច”ពេញមួយឆ្នាំ ២០២៤ ហេតុការណ៏ទាំងនេះជាបទពិសោធដែលបានកើតឡើងមិនតិចជាងពីរសប្តាហ៍ជាបន្តបន្ទាប់គ្នានៅក្រោយពេលដែលនាយកប្រតិបត្តិ Dave Calhoun បានប្រកាសថាគាត់នឹងចុះចេញពីតំណែងនៅចុងឆ្នាំនេះ។
កាលពីថ្ងៃទី ៥ ខែមករា យន្តហោះ Boeing 737-9 Max របស់ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines បានជួបអាសន្នស្ទើតែផ្ទុះយន្តហោះនៅពាក់កណ្តាលជើងហោះហើរ នៅពេលដែលបន្ទះគម្របទ្វារយន្តហោះបានរលុងជ្រុះបាត់នៅក្នុងរយៈកម្ពស់ ១៦,០០០ ហ្វីត។
យន្តហោះនេះបានធ្វើការចុះចតជាបន្ទាន់នៅទីក្រុង Portland រដ្ឋ Oregon ជាមួយនឹងរន្ធចំហរនៅផ្នែកម្ខាងនៃកាប៊ីនអ្នកដំណើរដែលមានប្រហោងទំហំប៉ុនទូរទឹកកក។
ជាសំណាងល្អមានតែអ្នកដំណើរម្នាក់ក្នុងចំណោមអ្នកដំណើរ ១៧៧នាក់បានរងរបួស។
ក្រសួងយុត្តិធម៌បានប្រកាសកាលពីខែមុនថា ខ្លួនបានបើកការស៊ើបអង្កេតលើឧប្បត្តិហេតុទាំងនេះ។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុន Boeing និង Alaska Airlines ក៏រងការប្តឹងទាមទារសំណង ១ ពាន់លានដុល្លារផងដែរ ជុំវិញបញ្ហាសុវត្ថិភាពយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ។
ការធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines គឺគ្រាន់តែជាការចាប់ផ្តើមដែលបង្កឲ្យមានដំណឹងដ៏អាក្រក់សម្រាប់ក្រុមហ៊ុន Boeing ដែលចាំបាច់បង្ខំឲ្យក្រុមហ៊ុនផលិតយន្តហោះមួយនេះស៊ូទ្រាំប្រឈមនឹងបញ្ហា”មេកានិច”នៅក្នុងឆ្នាំនេះ។
កាលពីខែមុន យន្តហោះ Boeing របស់ United Airlines ត្រូវបានជម្លៀសអ្នកដំណើរចេញពីលើយន្តហោះនៅទីក្រុង Houston បន្ទាប់ពីវាបានធ្លាក់ពីលើផ្លូវរត់ ហើយមនុស្ស ៥០ នាក់បានរងរបួស។
សូម្បីតែលោកប្រធានាធិបតី Biden ក៏មិនអាចអត់ទ្រាំបានដែរដោយបានប្រើពាក្យចំអកឲ្យក្រុមហ៊ុនផលិតយន្តហោះ Boeing ដោយបាននិយាយនៅក្នុងព្រឹត្តិការណ៍យុទ្ធនាការមួយកាលពីសប្តាហ៍មុនថា “ខ្ញុំមិនអង្គុយក្បែរទ្វារយន្តហោះទេ” ក្នុងខណ:ដែលគាត់ធ្វើត្រាប់នៅលើយន្តហោះ Air Force One ។
យន្តហោះប្រធានាធិបតីបច្ចុប្បន្នគឺយន្តហោះ Boeing 747-200Bs ដែលផលិតតាំងពីឆ្នាំ ១៩៩០។
John Barnett អតីតវិស្វករត្រួតពិនិត្យគុណភាពដែលបានធ្វើការឲ្យក្រុមហ៊ុនអស់រយៈពេលជាង ៣ ទសវត្សរ៍មុនបានចោទប្រកាន់ក្រុមហ៊ុន Boeing ថាបានកាត់បន្ថយគុណភាពឧបករណ៏បំពាក់លើយន្តហោះដើម្បីកេងប្រាក់ចំណេញ។
លុះដល់ថ្ងៃទី៩ មីនា ព្រឹកឡើងគាត់ត្រូវទៅផ្តល់សក្ខីកម្មអំពីការចោទប្រកាន់នៅចំពោះមុខក្រុមហ៊ុន ក៏ប៉ុន្តែជាអកុសលគាត់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងរថយន្តភីកអាប់ ដោយនៅក្នុងដៃរបស់គាត់មានកាន់កាំភ្លើងខ្លីមួយដើមដែលគេសង្ស័យថាគាត់ទំនងជាប្រើកាំភ្លើងបាញ់ចំក្បាលខ្លួនឯងមួយគ្រាប់។
ប៉ូលិសនៅមិនទាន់បានបង្ហាញពីតម្រុយណាមួយដែលពាក់ព័ន្ធនឹងការសង្ស័យចំពោះការស្លាប់របស់គាត់នៅឡើយទេ ក៏ប៉ុន្តែបុគ្គលិក Boeing ជាច្រើននាក់បានប្រាប់ភ្នាក់ងារ The Post ថាពួកគេមានការសង្ស័យថាជារឿងធ្វើអត្តឃាតដោយខ្លួនឯង៕