ព័ត៌មានជាតិ

កាត់ឫសសីមានិងសម្ពោធវត្តមួយស្ថិតលើអតីតចម្ការមីននិងដីទំនាស់ចាក់ស្រែះនិងរ៉ាំរ៉ៃ

ដោយ ៖ បន្ទាយ
បន្ទាយមានជ័យ៖វត្តបារមីពោធិសម្ភារាមពោធិ៍ដុះ ស្ថិតក្នុងភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឬក្បែរព្រំដែនកម្ពុជា ថៃ ដែលស្ថិតលើអតីតចម្ការមីននៃបន្ទាយនិងសមរភូមិប្រយុទ្ធរវាងកងទ័ពអតីតឧទ្ទាមខ្មែរក្រហមនិងកងទ័ពវៀតណាម កងទ័ពរដ្ឋាភិបាលភ្នំពេញ ហើយក៏ជាដីអតីតទំនាស់ចាក់ស្រែះនិងរ៉ាំរ៉ៃនៃតំបន់បឹង៧៥ ឥឡូវវត្តនេះ ត្រូវបានធ្វើការកសាងព្រះវិហារតូចថ្មី១ខ្នងនិងសមិទ្ធផលមួយចំនួន។

ពិធីនោះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក លី សុវណ្ណា រិទ្ធ អភិបាល រងខេត្ត តំណាងលោក អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ ,ព្រះឧត្តមសីលញាណធុល សុធា ព្រះមេគណខេត្ត លោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្ត និមន្តអញ្ជើញ ជាអធិបតី និងមានព្រះសង្ឃជាង២០០អង្គ មន្ត្រី អាជ្ញាធរមានសមត្ថកិច្ច សប្បុរសជន ពុទ្ធបរិស័ទជាច្រើនចូលរួម ។

លោកអ៊ីង ស៊ីណាត អភិបាលរងស្រុកម៉ាឡៃអោយដឹងកាលពីថ្ងៃទី០៦ខែមេសាថា: វត្តបារមីពោធិសម្ភារាមពោធិ៍ដុះនេះធ្វើការកសាងឡើងនៅថ្ងៃទី០៣ខែមីនាឆ្នាំ២០១១ លើផ្ទៃដីទំហំ៣៣.៤៥០ម៉ែត្រក្រឡា ។មានដើមពោធិ៍១ដើមដុះលើដំបូកខ្ពស់មួយ ហើយពេលបង្កើតវត្ត ក៏ប្រសិទ្ធនាមវត្តថា ពោធិដុះទៅ ។

ចៅអធិការដំបូងនាម ប៊ូ វន ហើយចៅអធិការបន្តដល់បច្ចុប្បន្នមាននាមឡុង វិទូ និងអ្នកផ្តើមកសាងវត្តនេះមានឧបាសក ឈាន គាន ឧបាសកវ៉ា បុន និង១៥រូបទៀត ។

ពីឆ្នាំ២០១១ ដល់២០២៣នេះ ក៏មានកសាងសំណង់(តូចៗ តាមលទ្ធភាព)នូវកុដិតូច១៥ កុដិធំ ព្រះវិហារ១ខ្នងតូច កុដិ៍១ខ្នង សាលាធម្មសភា១ខ្នង ធ្វើខឿនព្រះពោធិព្រឹក្យ,ស្ពាន១កន្លែង
សាលាទទួលភ្ញៀវ បង្គន់៤បន្ទប់ ចាក់ដីជុំវិញវត្ត និងសម្ពោធ ឆ្លងដាក់ឲ្យប្រើប្រាស់នៅពេលនេះ។
សរុបថវិកាកសាង អស់: ៦៣លានលានរៀល ,១៧៩.៨១០ បាត និង៤១.៤៩៩ដុល្លា ។

លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថ្លែងអំណរគុណនិងកោតសរសើរការយកចិត្តទុកដាក់ពីមន្ត្រីអាជ្ញាធរ មានសមត្ថកិច្ច ព្រះសង្ឃ អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទ ពិសេសសប្បុរសជនទើបវត្តនេះទទួលបានការកសាងព្រះវិហារ សាលាឆាន់ កុដិនិងសមិទ្ធផលនានា តាមលទ្ធភាពនៃសទ្ធា ហើយថ្ងៃនេះបានសម្ពោធ ឆ្លងដាក់អោយប្រើប្រាសក្នុងកិច្ចនិងសក្ការ: ។

លោកលី សុវណ្ណារិទ្ធ បានធ្វើការផ្តាំផ្ញើរនិងក្រើនរំលឹកដល់ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តទាំងអស់ត្រូវឲ្យចេះសាមគ្គីគ្នា មិនត្រូវឲ្យមានអធិករណ៍ក្នុងវត្ត ដើម្បីប្រែក្លាយទីវត្តអារាមជាកន្លែងថ្នាលបណ្តុះបណ្តាលនិងទីគោរពសក្ការ: ៕