អន្តរជាតិ

មនុស្សពីរនាក់បានរួចផុតជីវិតពីធ្លាក់យន្តហោះធុនតូចដោយសារមានឆត្រ

ប្រែសម្រួល៖ ស្រីស្រស់

យោងតាមរូបភាពក្នុងវីដេអូកាមេរ៉ាបានបង្ហាញថា កាលពីថ្ងៃព្រហស្បតិ៍មានមនុស្សពីរនាក់បានរួចផុតពីគ្រោះថ្នាក់ធ្លាក់យន្តហោះធុនតូចមួយគ្រឿងដែលមានឆត្រសង្គោ្រះជីវិតជួយទប់លំនឹងដើម្បីបន្ថយល្បឿននៃការធ្លាក់ចុះយឺតៗ ខណៈដែលយន្តហោះកំពុងបោះពួយទម្លាក់ខ្លួនចុះនៅលើទីធ្លាមួយកន្លែងនៅក្នុងរដ្ឋផ្លរីដា ។

អ្នកស្រី Sheri Catrett មកពីទីភ្នាក់ងារ Brandon ដែលជាអ្នកថតរូបភាពក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះនេះនៅពេលដែលនាងបានឮសំឡេងផ្ទុះខ្លាំងៗក្នុងវេលាម៉ោង 3:20 បាននិយាយថា “ខ្ញុំបានក្រឡេកមើលទៅឃើញថាវាជាយន្តហោះធុនតូចមួយគ្រឿងដែលមានឆត្រសង្គោ្រះជីវិតធ្លាក់ចុះមកយឺតៗ”នៅពេលរសៀលថ្ងៃនេះ។

ក្នុងរូបភាពវីដេអូបានបង្ហាញថាយន្តហោះបានធ្លាក់ចុះយឺតៗ ខណៈដែលឆត្រសង្គោ្រះជីវិតរបស់វាបានជួយទប់លំនឹងហើយជួយបន្ថយល្បឿននៃការធ្លាក់ចុះយឺតៗ។

យោងតាមសេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា នៅពេលដែលក្រុមសង្គ្រោះអគ្គិភ័យរបស់ខោនធី Hillsborough បានទៅដល់កន្លែងកើតហេតុ ពួកគេបានរកឃើញមនុស្សពីរនាក់ដែលមិនមានគ្រោះថ្នាក់នៅក្នុងយន្តហោះដែលក្រឡាប់នៅលើដី។

ក្រុមជួយសង្គ្រោះបានបន្ថែមថា ឆត្រសង្គោ្រះជីវិតរបស់យន្តហោះបានជាប់នៅលើដើមឈើ ដែលអាចរារាំងយន្តហោះមិនឲ្យប៉ះខ្សែភ្លើង។

ទីភ្នាក់ងារសារព័ត៌មាន Tampa Bay Times បានរាយការណ៍ថា យន្តហោះដែលជាម៉ាស៊ីនតែមួយប្រភេទ Evektor Harmony មានពីរកៅអី បានហោះចេញពីអាកាសយានដ្ឋាន Tampa Executive Airport ត្រឹមតែ ៥ នាទីប៉ុណ្ណោះនៅមុនពេលដែលវាបានធ្លាក់។

យន្តហោះដែលត្រូវបានចុះបញ្ជីកាលពីចុងខែកុម្ភៈជាមួយក្រុមហ៊ុនអាកាសចរណ៏ Skyhawk Leasing LLC បានបញ្ចប់ការហោះហើរចំនួនពីរលើករួចមកហើយ៕