ដោយ : បន្ទាយ
បន្ទាយមានជ័យ៖ គណៈកម្មាធិការគណបក្សស្រុកថ្មពួកកាលពីថ្ងៃទី០៤ខែមេសាឆ្នាំ២០២៤ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះកងវរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូច៥១និងមន្ត្រី ពលរដ្ឋដែលចូលរួមស្តារគូទឹកនៅប្រាសាទកសិណនៅឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យរហូតបានជោគជ័យជាស្ថាពរ ។
មន្ត្រីគណៈកម្មាធិការគណបក្សស្រុកថ្មពួកបានអោយដឹងថា: គណបក្សសូមថ្លែងអំណរគុណ ជូនពរសូមមានសុខភាពល្អសំណាងល្អនិងទទួលបានជោគជ័យក្នុងការបំពេញភារកិច្ចការពារជាតិមាតុភូមិនិងប្រជាជនជូនចំពោះវរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ ដែលបានដឹកនាំកម្លាំងរួមសហការជាមួយប្រជាពលរដ្ឋ និងមន្ត្រីអាជ្ញាធរ មានសមត្ថកិច្ចមូលដ្ឋានចូលរួមស្តារពើក ចក និងកំប្លោកចេញពីគូទឹកនៅប្រាសាទកសិណ ស្ថិតនៅឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
សូមរំលឹកថា ដោយមានការស្នើសុំពីមន្ទីរជំនាញ សហគមន៍ទេសចរណ៍ប្រាសាទបន្ទាយឆ្មារ អាជ្ញាធរស្រុក អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋផងនោះ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោកអនុសេនីយ៍ឯក ណក់ នា ជំនួយការសេនាធិការ កម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ បានចូលរួមសហការនឹងមន្ត្រីមានសមត្ថកិច្ច អាជ្ញាធរស្រុក អាជ្ញាធរឃុំ ឆ្មាំប្រាសាទ និង ប្រជាពលរដ្ឋ បានចុះជួយស្តារពើក ចក និងកំប្លោកក្នុងគូទឹកនៅប្រាសាទកសិណស្រុកថ្មពួក ។
កងកម្លាំងនេះតែងតែចូលរួមរាល់សកម្មភាពការងារសង្គម និង ការងារអន្តរាគមន៍ជួយប្រជាពលរដ្ឋគ្រប់រូបភាព និង មានការសហការយ៉ាងល្អជាមួយកងកម្លាំងចំរុះ អាជ្ញាធរមូលដ្ឋាន និងត្រៀមដោះស្រាយរាល់បញ្ហាកើតមានឡើងក្នុងភូមិសាស្ត្រទទួលខុសត្រូវ ២៤ម៉ោងលើ២៤ម៉ោង តាមការសំណូមពរពីអាជ្ញាធរនិងពលរដ្ឋមូលដ្ឋាន ។
មន្ត្រីអាជ្ញាធរនិងជំនាញបានថ្លែងអំណរគុណនិងរីករាយដែលគូទឹកនៅប្រាសាទកសិណនៅស្រុកថ្មពួកបានស្អាត ស្រះល្អ ឃើញផ្ទៃទឹកដែលនឹងលមានអំណោយផលល្អ មានសោភ័ណភាពទាក់ទាញភ្ញៀវទេសចរនិងភ្ញៀវជាពលរដ្ឋទៅកម្សាន្តសប្បាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំរោង ឆស័ក ពស ២៥៦៧ ជាឆ្នាំគម្រប់នេះមានរយ:ពេល៤ថ្ងៃ ពីថ្ងៃ៥កើតដល់៨កើតខែចែត្រ ត្រូវនឹងថ្ងៃទី១៣ដល់១៦ខែមេសា គស២០២៤ ដ៏ខ្លីខាងមុខនេះ ៕