បន្ទាយមានជ័យ: កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធសម្លាប់ជនរងគ្រោះរួចដុតសាកសពចោល។សមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យឈ្មោះ ជា សារាជ ភេទប្រុស អាយុ២៤ឆ្នាំ។
ដំណើររឿងនេះនៅថ្ងៃទី៣០ខែមីនា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានទទួលបណ្ដឹងពីឈ្មោះ ហុក ចិន្ដា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។បានរាយការណ៍ថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ វេលាទាបភ្លឺខ្លួន បានបាត់ប្អូនប្រុសម្នាក់ឈ្មោះ ហុក ដុល្លារ អាយុ១៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនម៉ាត ជាមួយនឹងម៉ូតូ១គ្រឿង ម៉ាកHONDA SCOOPY ពណ៌ក្រហម ផលិតឆ្នាំ២០២៣, ទូរស័ព្ទIPhone 11 មួយគ្រឿង, ខ្សែដៃផ្លាកទីន1ខ្សែ និងចិញ្ចៀនផ្លាកទីន១វង់។មុននេះនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៧យប់ប្អូនប្រុសខ្លួនបានជិះម៉ូតូថាទៅដើរលេងនៅក្រៅ រហូតដល់ម៉ោង១២យប់ឈានចូលថ្ងៃទី៣០មីនា មិនឃើញចូលផ្ទះឪពុកខ្លួនក៏តេទៅថាឆាប់មកផ្ទះ ឈ្មោះ ហុក ដុល្លារ ក៏បានឆ្លើយថាតិចទៅដល់ហើយប៉ា លុះដល់ម៉ោង៤ទាបភ្លឺមិនឃើញមកផ្ទះក្រុមគ្រួសារតេទូរស័ព្ទក៏លែងចូល និងសួរមិត្តភក្ដិ និងកន្លែងធ្វើការរបស់ឈ្មោះ ហុក ដុល្លារ ក៏មិនមានអ្នកណាគេដឹង និងគ្មានដំណឹងរហូតមកដល់ឥឡូវ។
ក្រោយមកប្រជាពលរដ្ឋបានយកសំរាមទៅដុតចោលក្នុងរណ្តៅដុតសំរាមហើយប្រទះឃើញសាកសពត្រូវដុតចោលក្នុងរណ្តៅ ដែលមានភិនភាគដូចទៅនឹងជនរងគ្រោះខាងលើដែលបានបាត់ ហើយបានរាយការណ៍ជូនសមត្ថកិច្ច ក្រោយពីបានធ្វើកោសល្យវិច័យ គឺសាកសពមានសភាព កាត់កដៃ និងកាត់ម្រាមដៃ កាត់កែងជើងហើយយកមកដុតចោលនៅរណ្តៅដុតសំរាមឆេះសល់តែដងខ្លួន និងសាច់ដុំដៃ និងក្បាលឆេះសក់អស់ ស្ថិតនៅក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គឹមលី អនុប្រធាននាយកដ្ឋាន បានធ្វើការសហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ប្រើវិធានការជំនាញ ធ្វើការស្រាវជ្រាវតាមនីតិវិធី រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ។
នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វើការឃាត់ខ្លួនបានជនសង្ស័យ ឈ្មោះ ជា សារាជ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ នៅត្រង់ចំណុចសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
ក្រោយពេលឃាត់ជនសង្ស័យកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជូនអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីចាត់ការបន្ដតាមនីតិវិធី៕