ដោយ៖ ស-សម្បត្តិ
ភ្នំពេញ៖ តាមប្រកាសលេខ ១៧៣ សហវ-ប្រក-អពដ មានគោលបំណងកំណត់នូវវិធាននិងនីតិវិធីនៃការគ្រប់គ្រងប្រមូលអាករលើការស្នាក់នៅ។ ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះការផ្គត់ផ្គង់សេវាស្នាក់នៅក្នុងសណ្ឋាគារក្នុងព្រះរាជាណាចក្រកម្ពុជា។
សម្រាប់គោលដៅនៃប្រកាសនេះគឺ៖
១-សណ្ឋាគារ សំដៅដល់ ទីកន្លែងផ្គត់ផ្គង់សេវាស្នាក់នៅដែលមានលក្ខណៈជាបន្ទប់ គ្រែ និងមានផ្តល់នូវសម្បទានិងសេវាផ្សេងៗទៀតទៅតាមប្រភេទនិងទីកន្លែងផ្តល់សេវាស្នាក់នៅនីមួយៗ មានជាអាទិ៍ សណ្ឋាគារ សណ្ឋាគារអាផាតម៉ិន សណ្ឋាគារស្វីត សណ្ឋាគាររីសត ម៉ូតែល ឡូដ បឹងកាឡូ ផ្ទះសំណាក់ ឬផ្ទះភ្ញៀវ កន្លែងបោះជំរំទេសចរណ៍ ឬកន្លែងផ្តល់សេវាស្នាក់នៅដទៃទៀតដែលមានលក្ខណៈប្រហាក់ប្រហែល ទោះបីជាដាក់ឈ្មោះថាជាអ្វីក៏ដោយ។
សម្បទានិងសេវាផ្សេងៗ សំដៅដល់ ការផ្គត់ផ្គង់សេវាណាមួយក្នុងចំណោមសេវាទាំងឡាយ មានជាអាទិ៍ អាហារ បោសសម្អាត ផ្លាស់ប្តូរសម្ភារប្រើប្រាស់ សេវាទឹកភ្លើង បោកគក់ កន្លែងហាត់ប្រាណ ហែលទឹក ម៉ាស្សា ស្ទីម សូណា។ សម្រាប់គោលដៅនេះ សណ្ឋាគារ មិនរួមបញ្ចូលបន្ទប់ឬផ្ទះឬផ្ទះល្វែងដែលពុំមានផ្តល់នូវសម្បទានិងសេវាផ្សេងៗតាមរយៈកិច្ចសន្យាជួលរយៈពេលខ្លីឬរយៈពេលវែងទេ។
២-បុគ្គលជាប់អាករ សំដៅដល់ បុគ្គលឬអ្នកតំណាងដែលធ្វើការផ្គត់ផ្គង់សេវាស្នាក់នៅដែលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស។
ចំពោះអាករលើការស្នាក់នៅ ត្រូវបានកំណត់តាមអត្រា ២ (ពីរ) ភាគរយនៃថ្លៃស្នាក់នៅ៕