ព័ត៌មានជាតិ

ខេត្តវិញឡុងប្រទេសវៀតណាមនិងខេត្តបន្ទាយមានជ័យប្រទេសកម្ពុជាបន្តបង្កើនកិច្ចសហប្រតិបត្តិការ

ដោយ ៖បន្ទាយ
បន្ទាយមានជ័យ ៖ គណៈប្រតិភូ ខេត្តវិញឡុងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកដាង វ៉ាន់ជិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានអញ្ជើញបំពេញទស្សនកិច្ចក្នុងខេត្តបន្ទាយមានជ័យ និងដើម្បីចូលរួមអបអរសាទរ ជូនពរឲ្យថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មហាជននិងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។

នេះបើតាមមន្ត្រីរដ្ឋបាលខេត្តបន្ទាយមានជ័យអោយដឹងកាលពីរសៀលថ្ងៃទី០៤ខែមេសា ឆ្នាំ២០២៤ ។

ក្នុងនាមជាថ្នាក់ដឹកនាំបក្ស រដ្ឋ កម្មាភិបាល កងកម្លាំងប្រដាប់អាវុធ ប្រជាជនខេត្តវិញឡុង លោកដាង វ៉ាន់ជិញ បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅបំផុតចំពោះគណប្រតិភូខេត្តវិញឡុង ហេីយក៏សូមចូលរួមអបអរសាទរនិងជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មហាជននិងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ជួបតែសេចក្ដីសុខចម្រើនសុខភាពល្អ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ពិធីបុណ្យចូលឆ្នាំរោង ឆស័ក ពស ២៥៦៧ ឆ្នាំខ្មែរពីថ្ងៃ៥កើតដល់៨កើតខែចេត្រ ត្រូវនឹងថ្ងៃទី១៣ដល់១៦ខែមេសា គស២០២៤ ដ៏ខ្លីខាងមុខនេះ ។

កាយវិការទាំងអស់នេះជាសក្ខីភាពបានបង្ហាញនូវ មនោសញ្ចេតនា ស្រឡាញ់រាប់អានប្រកបដោយភាតរភាពជាបងប្អូន និងជាការរឹតចំណងសាមគ្គីភាពដ៏រឹងមាំស្ថិតស្ថេរតរៀងទៅ។

លោកអ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា:ប្រទេសជាតិយើងទាំងពីរ កម្ពុជា វៀតណាមតែងតែមានទំនាក់ទំនង គ្នាផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅលើគ្រប់កាលៈទេសៈ និងជួយជ្រោមជ្រែងគ្នាយកឈ្នះលើបញ្ហាប្រឈម នឹងទុក្ខលំបាកនានា បានឆ្លងកាត់ភ្លើងសង្គ្រាមជាមួយគ្នា ពីដើមរៀងមក ប្រកៀកស្មាគ្នា ប្រយុទ្ធសត្រូវរួម ដើម្បីឯករាជ្យភាព សេរីភាពនៃប្រជាជនរបស់ខ្លួន ។

ជាក់ស្តែងកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែល សមមិត្ត ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំរួមនឹងយុទ្ធមិត្ត ដ៏ស្មោះស្ម័គ្រ៤រូបផ្សេងទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏តានតឹងបំផុត ចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ធ្វើដំណើរជ្រែកស្បៃរាត្រីឆ្លងកាត់ព្រំដែន ទាំងគ្រោះថ្នាក់បំផុតឆ្ពោះទៅកាន់ប្រទេសវៀតណាមដើម្បីស្វែងរកនូវការគាំទ្រក្នុងការរំដោះជាតិនិងប្រជាជនកម្ពុជាចេញពីក្រញាំបិសាច ដ៏សែនឃោរឃៅ ប៉ុលពត។

ផ្ដើមចេញពីដំណើរតស៊ូជាមួយទឹកចិត្តដ៏មុតមាំ នោះហើយទើបនាំឲ្យមានការរំដោះប្រទេសជាតិនិងប្រជាជនកម្ពុជាចេញពីរបបវាលពិឃាតពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ឲ្យឈានឆ្ពោះទៅរកនូវការបិទបញ្ចប់សង្គ្រាមនិងការបែកបាក់ជាតិ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការកសាង អភិវឌ្ឍប្រទេសឲ្យមានភាពរីកចម្រើន ដូចពេលបច្ចុប្បន្ន។

ថ្ងៃ៧មករាឆ្នាំ១៩៧៩ ដែលប្រជាជនកម្ពុជា ចាត់ទុកថាជាកំណើតទីពីរ របស់ខ្លួនគឺពិតជាបានមកដោយសារការជួយគាំទ្រយ៉ាងពេញទំហឹងពី សំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ពលីដើម្បីស្រោចស្រង់អាយុជីវិតនិងវាសនារបស់ប្រទេសកម្ពុជា ឲ្យងើបផុតពីរបបប្រល័យពូជសាសន៍ ។

លោកអ៊ុំ រាត្រី បានបន្តថា: ការផ្លាស់ប្តូរប្រតិភូទៅវិញទៅមកគឺពិតជាបាននាំមកនូវឧត្តមប្រយោជន៍ ពីការពូនជ្រំឲ្យកាន់តែរឹងមាំ អ្នកដូចជាចេតនាកាន់តែស្និទ្ធស្នាលទ្វេឡើង ហើយទំនាក់ទំនងដ៏ល្អនេះ អាចបញ្ជាក់បានថាកិច្ចប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងកម្ពុជាវៀតណាម នឹងនៅតែដើរតាមនិន្នាការ វិជ្ជមាននិងទទួលបាននូវសមិទ្ធផលជាផ្លែផ្កាជាច្រើនបន្តទៀត។

ចុងក្រោយភាគីទៃងពីរបានជូនលិខិតជូនពរ ជូនវត្ថុអនុស្សាវរីយ៍និងពិសាអាហារពេលល្ងាចជាមួយគ្នា ។

សូមបញ្ជាក់ដែរថា ក្នុងពេលបំពេញទស្សនកិច្ចនោះដែរ ប្រតិភូខេត្តវិញឡុងក៏បានទៅគោរពវិញ្ញាណក្ខន្ធនៅស្តូបមិត្តភាពកម្ពុជា វៀតណាមនិងទស្សនាសាកលវិទ្យាល័យមានជ័យនាក្រុងសិរីសោភ័ណផងដែរ ៕