ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យនៃព្រះរាជាណាចក្រកម្ពុជានិងខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អបអរនិងជ្រោមជ្រែងគ្នាលើការអភិវឌ្ឍ

ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ខេត្តបន្ទាយមានជ័យនៃព្រះរាជាណាចក្រកម្ពុជានិងខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អបអរនិងជ្រោមជ្រែងគ្នាលើការងារសង្គមកិច្ច សេដ្ឋកិច្ច ពិសេសលើការអភិវឌ្ឍរវាងគ្នាទៅវិញទៅមក។

បានដឹងដូច្នេះ ក្នុងជំនួបពិភាក្សាការងារផ្លូវការនៅល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ ខណ:ពេលថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យដឹកនាំដោយ លោកអ៊ុ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ និងលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត បានទទួលបដិសណ្ឋារកិច្ចប្រតិភូខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ លោកហ្វ៊ិញ មិញត្វឹន សមាជិកគណៈអចិន្ត្រៃយ៍នៃគណបក្សកុំមុយនីស្តវៀតណាមខេត្ត- ជាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដុងថាប់ និងជាប្រធានគណៈប្រតិភូ និងលោក ង្វៀន ថាញ់វ៉ាន់ អគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង ដើម្បីជូនពរឲ្យថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មហាជននិងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្នុងចូលឆ្នាំរោង ឆស័ក ពស ២៥៦៧ ឆ្នាំខ្មែរពីថ្ងៃ៥កើតដល់៨កើតខែចេត្រ ត្រូវនឹងថ្ងៃទី១៣ដល់១៦ខែមេសា គស២០២៤ ដ៏ខ្លីខាងមុខនេះ ។
នេះជាជំនួបនិងជូនពរឆ្លាស់វេនធ្វើម្ចាស់ផ្ទះរាល់ឆ្នាំ ក្នុងអំឡុងពេលជាង១០ឆ្នាំមកហើយ ។

នាឱកាសនោះ គណៈប្រតិភូខេត្តដុងថាប់ ក៏បានថ្លែងនូវអំណរគុណ ថ្នាក់ដឹកនាំ មន្ត្រីរជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ខេត្តបន្ទាយមានជ័យ ដែលទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងរាក់ទាក់កក់ក្ដៅចំពោះ គណៈប្រតិភូខេត្តដុងថាប់ប្រៀបដូចជាក្រុមគ្រួសារ និងជាបងប្អូនដែលធ្លាប់មាន មនោសញ្ចេតនាស្រឡាញ់រាប់អានគ្នាជាបងប្អូននិងមានចំណងមិត្តភាពជាមួយគ្នាស្ថិតស្ថេរជាអមតៈ។

បន្ទាប់ពីទស្សនកិច្ចស្វែងយល់នៅក្រុងប៉ោយប៉ែតនិងចូលគោរពវិញ្ញាណក្ខន្ធនៅស្តូបមិត្តភាពកម្ពុជា វៀតណាមនាក្រុងសិរីសោភ័ណលោកហ្វ៊ិញ មិញត្វឹន បានចាប់អារម្មណ័ថា ខេត្តបន្ទាយមានជ័យបាននឹងកំពុងស្ថិតលើផ្លូវត្រូវនិងមានការរីកចម្រើនលើគ្រប់វិស័យ ។

ចំណែកលោកង្វៀន ថាញ់វ៉ាន់ អគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង ក៏បានថ្លែងការកោតសរសើរចំពោះប្រទេសកម្ពុជា ដែលក្នុងរយៈពេលជាង៤០ឆ្នាំនេះមានការអភិវឌ្ឍយ៉ាងខ្លាំង ក្រោមការដឹកនាំដ៏ឈ្លាសវៃ ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងក្នុងអាណត្តិទី៧ ថ្មីនេះ ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ ត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាពេលបច្ចុប្បន្ន។

ថ្លែងក្នុងឱកាសនោះ លោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា : ក្នុងរយៈពេល ជាង ១២ ឆ្នាំ មក នេះ ដែល ខេត្ត បន្ទាយមានជ័យ និងខេត្តដុងថាប់ បាន ធ្វើ កិច្ច សហ ប្រតិបត្តិការ ជាមួយគ្នា តាម រយៈ ការ អនុវត្ត នូវ ខ្លឹមសារ អនុស្សរណៈ នៃ ការ យោគ យល់ គ្នា(MOU)នាស្ដីពី ការ បង្កើត ចំណង មិត្តភាព ថ្នាក់ ខេត្តដែល បានចុះ ហត្ថលេខា ជាផ្លូវការ ២លេីករួចមកហើយ  ហើយលោកបានជម្រុញអោយមន្ត្រីក្រុមការងារបច្ចេកទេសទាក់ទង់គ្នាដើម្បីរៀបពង្រាងខ្លឹមសាMOU ដើម្បីចុះហត្ថលេខាបន្តអនុវត្តរយៈពេល ០៥ឆ្នាំបន្តទៀត(២០២៤-២០២៩) ។

លោកបានបន្ថែមថា: ខេត្តបន្ទាយមានជ័យ និងខេត្តដុងថាប់ ក៏ដូចជា រវាង ប្រទេស ទាំងពីរ កម្ពុជា-វៀតណាម និយាយ ជារួមស្ថិតស្ថេរ យូរអង្វែង និង កាន់តែ វិវឌ្ឍ ខ្លាំងក្លា និងនៅតែ បន្តរក្សានូវ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ល្អជាមួយ គ្នាជាបន្តទៀត។
បន្ថែមពីលើនេះថ្មីៗនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានទទួលលិខិតជូនដំណឹងពីគណៈកម្មាធិការប្រជាជនខេត្តដុងថាប់ស្តីពីការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចូលរៀនកម្រិតបរិញ្ញាបត្ររង ឆ្នាំសិក្សា២០២៤-២០២៥ ដែលទាំងអស់នេះគឺជាការផ្តល់ជំនួយដ៏មានតម្លៃ ក៏ដូចជាការលើកកម្ពស់នៅក្នុងវិស័យអប់រំនៅខេត្ត ជួយដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាត ទទួលបានការសិក្សាប្រកបដោយចំណេះដឹង។

ចុងក្រោយភាគីទាំពីរបានជូនលិខិតជូនពរ ជូនវត្ថុអនុស្សាវរីយ៍និងពិសាអាហារនិងកម្សាន្តតន្ត្រីពេលល្ងាចជាមួយគ្នាផងដែរ ៕