សន្ដិសុខសង្គម

ក្រុមក្មេងស្ទាវជិះម៉ូតូដេញវ៉ៃគ្នា ក្រុមជនរងគ្រោះជ្រុលបុករបងពេញទំហឹងដង្ហើមចង្រិត ២នាក់

ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង៖ ក្មេងស្ទាវ ២ក្រុមជិះម៉ូតូលឿនដេញវ៉ៃគ្នាលើដងផ្លូវក្នុងក្រុងបណ្តាលឲ្យក្រុមជនរងគ្រោះជ្រុលទៅបុករបងសាលាពេញទំហឹងរបួសធ្ងន់ដង្ហើមចង្រិត ២នាក់។

ប្រភពនៅទីតាំងកើតហេតុបានអះអាងថា÷ ករណីក្រុមក្មេងស្ទាវដេញវាយគ្នាបង្កអសន្តិសុខតាមដងផ្លូវនេះបានកើតឡើងនៅវេលាម៉ោងជិត ១២នាទីអធ្រាត្រ ថ្ងៃទី ០២ ឈានចូលថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៤ តាមកំណាត់ផ្លូវក្បែររង្វង់មូលលោកតាដំបងគ្រញូង ក្នុងភូមិរតន: សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សាក្សីនៅកន្លែងកើតហេតុបានបន្តថា÷ ដំបូងឡើយគេបានឃើញហ្វូងម៉ូតូចំនួន ២ក្រុម ដោយម៉ូតូខាងភាគីបង្កជិះម៉ូតូ ៣គ្រឿង មានគ្នាចំនួន ៩នាក់ និងភាគីជនរងគ្រោះជិះម៉ូតូ ២គ្រឿងជិះគ្នា ៤នាក់ ក្នុងនោះគេបានឃើញប្រដាប់ដោយខ្សែក្រវាត់ និងកំណាត់ដំបង បានធ្វើសកម្មភាពជិះម៉ូតូយ៉ាងលឿនដេញវ៉ៃគ្នា។ ចុងក្រោយភាគីខាងជនរងគ្រោះលើម៉ូតូមួយគ្រឿងបានជ្រុលចង្កូតទៅបុករបងសាលារៀនទាំងកំរោលបុកប៉ះជាមួយនឹងចម្រឹងដែករបងបណ្តាលឲ្យរបួសដាច់រង្វះមាត់ ច្រមុះ និងផុងលលាដ៍ក្បាលជាច្រើនកន្លែងដង្ហើមចង្រិតនៅនឹងកន្លែង និងបក្ខពួក ២នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។ដោយឡែកក្រុមក្មេងជាជនបង្កដែលជិះម៉ូតូ ៣គ្រឿងមានគ្នា ៩នាក់ក្រោយពេលកើតហេតុបានគេចខ្លួនបាត់ជាបន្តបន្ទាប់ជាមួយគ្នាដែរ។

ករណីខាងលើនេះ សមត្ថកិច្ចបានបញ្ជាក់ថា÷ មកទល់ព្រឹកនេះក្រុមក្មេងស្ទាវទាំង ២ក្រុមខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ចំពោះមុខកម្លាំងជំនាញកំពុងតាមដានស៊ើបអង្កេត៕