សន្ដិសុខសង្គម

អគ្គិភ័យបានលេបត្របាក់ស្ថានីយប្រេងឥន្ធនៈមួយកន្លែងក្នុងខេត្តសៀមរាប

ដោយ:សុខុម
សៀមរាប ៖គ្រោះអគ្គិភ័យមួយបានកើតឡើងកាលពីយប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ បណ្តាលឲ្យឆេះស្ថានីយប្រេងឥន្ធនៈ និងកន្លែងលក់គ្រឿងទេស និងភេសជ្ជៈ មួយកន្លែងឈ្មោះ ចិនខ្មៅ ស្ថិតនៅក្នុងភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

នគរបាលខេត្តសៀមរាបបានបញ្ជាក់ក្រោយហេតុការណ៍ថា ម្ចាស់ទីតាំងឈ្មោះ ឈិន ពណ្ណារាយ ភេទស្រី អាយុ ៤៤ឆ្នាំ មុខរបរ អាជីវករ និងប្ដីឈ្មោះ ជាល សុខ ភេទប្រុស អាយុ ៤៤ឆ្នាំ បច្ចុប្បន្នទៅធ្វើការងារនៅប្រទេសញូហ្សែឡែន។

ករណីអគ្គិភ័យនេះ បានបណ្តាលឲ្យរងរបួសស្រាលមនុស្ស ០១នាក់ ឈ្មោះ រាវ ម៉ាណូ ភេទប្រុស អាយុ ១៩ឆ្នាំ ជាកម្មករធ្វើការនៅចំណុចកើតហេតុខាងលើ។ក្រៅពីនេះ ខូចខាតស្ថានីយនិងប្រេងឥន្ធនៈ គ្រឿងទេសនិងភេសជ្ជៈ ដែលតាំងលក់និងនៅក្នុងឃ្លាំងទាំងស្រុង ហើយអគ្គិភ័យបានបន្តឆ្លងឆាបឆេះទៅផ្ទះជាប់គ្នា ម្ចាស់ផ្ទះឈ្មោះ ឡុច លន ភេទប្រុស អាយុ ៦១ឆ្នាំ បណ្ដាលឲ្យឆេះពិតានផ្ទះផ្នែកខាងលើ(តិចតួច) និងរោលជញ្ជាំងថ្មខូចខាតមួយចំហៀងផ្ទះ។

កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះពន្លត់អគ្គិភ័យនេះដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យសរុបចំនួន ០៨គ្រឿង ក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន ០៤គ្រឿង រថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកពួកចំនួន ០១គ្រឿង រថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ចំនួន ០១គ្រឿង រថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកអង្គរជុំ ចំនួន ០១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យនៃអង្គភាពនគរបាលការពារបេតិកភណ្ឌចំនួន ០១គ្រឿង និងបានប្រើប្រាស់ទឹកអស់ចំនួន ២៩រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបាន។

ពេលនេះមន្ត្រីជំនាញកំពុងតែយកចិត្តទុកដាក់ស្រាវជ្រាវរកមូលហេតុបណ្ដាលឲ្យមានគ្រោះអគ្គិភ័យកើតឡើង។

សមត្ថកិច្ចបញ្ជាក់ទៀតថាមិនទាន់ដឹងពីទំហំខូចខាតនៅឡើយ៕