ព័ត៌មានជាតិ

ផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទនៅខេត្តបន្ទាយមានជ័យ

ដោយ : បន្ទាយ
បន្ទាយមានជ័យ : នៅសាលប្រជុំមួយនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាមជ័យបានរៀបចំបើកកិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។

ពិធីនេះប្រព្រឹត្តទៅក្រោមលោក ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទតំណាងលោកឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោកឌូ ដាលីតូ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ឃ្លោក នួយ អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពនិងមានការចូលរួមពីលោក លោកស្រី ប្រធាន.អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោក លោកស្រីអភិបាលរងក្រុង ស្រុក និងមន្រ្តីរាជការរបស់មន្ទីរអភិវឌ្ឍន៍ជនបទកាលពីទី០២ខែមេសា ឆ្នាំ២០២៤ ធ្វើនៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ។

លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យបានឡើងមានមតិស្វាគមន៍ និងរាយការណ៍ឲ្យដឹងពីវឌ្ឍនៈភាពការងារសម្រេចបានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្នុងការឆ្លើយតបទៅនឹងសំណូមពរប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់ឧត្តមប្រយោជន៍ជាតិ ដើម្បីប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។

លោក ឌូ ដាលីតូ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានមានប្រសាសន៍កោតសរសើរនិងវាយតម្លៃខ្ពស់នៅកម្មវិធីនេះ និងបានអាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានចំនួន១៣ចំណុចរួមមាន៖

១.ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវរៀបចំគោលនយោបាយស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ និងគោលនយោបាយស្តីពីផ្លូវជនបទឱ្យបានឆាប់បំផុត។
២.បន្តយកចិត្តទុកដាក់ពង្រឹងគុណភាពផ្លូវជនបទតាមរយៈការខិតខំ សិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ ការងារស្ថាបនា ជួសជុល លើកកម្រិត និងកែលម្អផ្លូវជនបទ តាមរយៈបច្ចេកវិទ្យាថ្មីៗ។
៣.ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើថវិកាសម្រាប់ការថែទាំ និងជួសជុលផ្លូវជនបទឱ្យកាន់តែមានគុណភាពខ្ពស់ និងធានាបានការប្រើប្រាស់គ្រប់រដូវ។
៤.ត្រូវសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរ រាជធានីខេត្ត ព្រមទាំងស្ថាប័នពាក់ព័ន្ធលើការងារអភិវឌ្ឍន៍ផ្លូវជនបទ។
៥.ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមទប់ស្កាត់ឱ្យបាននូវរាល់សកម្មភាពដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់របស់យានយន្តគ្រប់ប្រភេទលើផ្លូវជនបទ។
៦.សហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។
៧.ត្រូវបន្តលើកកម្ពស់ និងកែលម្អលក្ខខណ្ឌរស់នៅរបស់ប្រជាជននៅ តាមជនបទ តាមរយៈការពង្រឹងការអនុវត្តយន្តការដែលមានស្រាប់។ ៨. ត្រូវបន្តជំរុញនិងពង្រីកសកម្មភាពពិពិធកម្មសេដ្ឋកិច្ចជនបទ ដើម្បីលើកកម្ពស់ជីវភាពរស់នៅនិងកាត់បន្ថយភាពក្រីក្រនៅតំបន់ជនបទ។ ៩.ត្រូវរៀបចំធ្វើវិសោធនកម្មដើម្បីធ្វើបច្ចុប្បន្នភាព មុខងារ និងភារកិច្ចរបស់ក្រសួង ដើម្បីឆ្លើយតបទៅនឹងការងារប្រចាំថ្ងៃ ។
១០- ត្រូវបន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាភាគី ពាក់ព័ន្ធ ដូចជាដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស វិស័យឯកជន និងបណ្តាប្រទេសជាមិត្តនានា ដើម្បីកៀរគរប្រភពធនធាន ទាំងហិរញ្ញវត្ថុ និងបច្ចេកទេស សម្រាប់ រួមចំណែកគាំទ្រវិស័យអភិវឌ្ឍន៍ជនបទឱ្យកាន់តែមានភាពរីកចម្រើន។
១១-ត្រូវសិក្សាស្រាវជ្រាវ ប្រមូលផ្តុំ និងគ្រប់គ្រងទិន្នន័យព័ត៌មានស្ថិតិអំពី ស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌នៅតាមជនបទ។
១២- លើកទិសដៅផែនការរយៈពេលខ្លី មធ្យម និងវែង លើការងារអភិវឌ្ឍន៍ជនបទដើម្បីកែលម្អស្ថានភាពសេដ្ឋកិច្ច សង្គម និងវប្បធម៌។

១៣- ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តយកចិត្តទុកដាក់លើការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទ គឺធានាការបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ នៅជនបទប្រកបដោយចីរភាព និងធានាសុខុមាលភាពនៃការរស់នៅរបស់ប្រជាជននៅជនបទ ឱ្យកាន់តែប្រសើរឡើងសំដៅរួមចំណែកដល់ការសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេស ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

នាឱកាសនោះលោក ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួង អភិវឌ្ឍន៍ជនបទ បានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់គឺរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១(កំណើន ការងារ សមធម៌ប្រសិទ្ធភាព និងចីរភាព) ព្រមទាំងបានកំណត់អាទិភាពគន្លឹះចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលជាមូលដ្ឋានរៀបចំគោលនយោបាយនិងផែនការយុទ្ធសាស្ត្រតាមវិស័យ ក្នុងគោលដៅអភិវឌ្ឍន៍កម្ពុជាឲ្យក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅ២០៥០។ជាពិសេសដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទទួលបានហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែង៕