សន្ដិសុខសង្គម

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តករណីលួចម៉ូតូ

ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បានបញ្ជូនជនសង្ស័យចំនួន០២នាក់ករណីលួចម៉ូតូទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ ២០២៤។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ករណីលួចម៉ូតូបានកើតឡើងកាលពីម៉ោង១៥ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ។

លោកវរសេនីយ៍ត្រីបានបន្តថា ជនរងគ្រោះជាកម្មករសំណង់ ស្នាក់នៅក្រុងប៉ោយប៉ែត ទេីបធ្វេីការបានរយៈពេលប្រហែល០៤ខែ ។ មុនពេលកេីតហេតុ ជនរងគ្រោះត្រឡប់មកធ្វើការវិញ បានទុកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ផ្លាក លេខឧត្តរមានជ័យ 1E-0049 នៅមុខបន្ទប់ជួល តែមិនបានចាក់សោកទេ ហើយបានចូលដេកនៅក្នុងបន្ទប់ លុះព្រឹកឡើងស្រាប់តែបាត់ម៉ូតូតែម្តង។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឃឹម ថេត ភេទប្រុស អាយុ៤៣ឆ្នាំ  ស្នាក់នៅបន្ទប់ជួលភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីទទួលពាក្យបណ្តឹង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រហូតបានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ នៅចំណុច ភូមិ អូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រមទាំងចាប់យកវត្ថុតាង នាំមកមូលដ្ឋានក្រុងប៉ោយប៉ែត ដើម្បីសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូអោយដឹងកាលពីថ្ងៃទី០៣ខែមេសាថា: ជនសង្ស័យមាន : ១ -ឈ្មោះ សៀម វុទ្ធ  ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។២-.ឈ្មោះ ឆាត វុទ្ធី  ភេទប្រុស អាយុ១៨ឆ្នាំស្នាក់នៅបន្ទប់ជួល ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ដែលពាក់ព័ន្ធករណីលួចម៉ូតូ ប្រព្រឹត្តកាលពីវេលាម៉ោង០៥ និង៤០នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិមិត្តភាពសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

វត្ថុតាងចាប់យកមាន៖ ១-ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ គ្មានផ្លាកលេខ ចំនួន០១គ្រឿង(ប្រគល់ជូនម្ចាស់ដើមវិញ)។ ២.ម៉ូតូម៉ាកហុងដាហ្សូនិច ពណ៌ស ចំនួន០១គ្រឿង (រក្សាទុកស្រាវជ្រាវ)។ ៣.ផ្លាកលេខម៉ូតូ សៀមរាប 1AB-9396 ចំនួន០១គ្រឿង (រក្សាទុកស្រាវជ្រាវ)។

ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យបានសារភាព ៕