សេដ្ឋកិច្ច

មីជាតិ ចែករំលែកក្តីស្រឡាញ់ជាមួយកុមារអូទីស្សឹម និងដោនស៊ីនដ្រូម នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ

ដោយ៖សិរីមតី/ភ្នំពេញ៖ មីជាតិ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ បានរៀបចំកម្មវិធី “ចែករំលែកក្ដីស្រឡាញ់ជាមួយកុមារ អូទីស្សឹម និងដោនស៊ីនដ្រូន” នៅវិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ ខេត្តកណ្ដាល ស្របជាមួយឱកាសនៃការប្រារព្ធទិវាយល់ដឹងពីអូទីស្សឹមពិភពលោក ២មេសាក្រោមការឧបត្ថម្ភគាំទ្រទាំងស្រុងដោយ គម្រោងខ្មែរដើម្បីខ្មែរ របស់ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) ដែលបានរៀបចំយ៉ាងអធិកអធម និងមានចូលរួមពីដៃគូអាជីវកម្ម លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្សប្រមាណ ៣៥០នាក់ ។

ថ្ងៃទី២​មេសាត្រូវ​បាន​អង្គការសហប្រជាជាតិកំណត់​យក​ជា​ទិវាយល់ដឹងពីអូទីស្សឹមពិភពលោក។ទិវា​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​តាំង​ពី​ឆ្នាំ​២០០៨​មកសម្រាប់​កំរិត​ពិភពលោកនិង​​ពី​ឆ្នាំ​២០១៤​មកសម្រាប់ព្រះរាជាណាចក្រ​កម្ពុជា។អូទីស្សឹ​ម គឺ​ជា​ជំងឺ​ ដែល​​មាន​កើត​ឡើង​យ៉ាង​ជាក់​ស្តែងនិង​ផ្តល់​ផលវិបាក​ធ្ងន់​ធ្ងរ​ខ្លាំង​សម្រាប់លោកអ្នក​ជា​ឪពុក​ម្តាយ​ផងនិង​បុគ្គល​អ្នក​ជំងឺ​ផ្ទាល់​ផងព្រោះ​វាជា​ទម្រង់​មួយ​នៃ​ពិការភាព។ជា​មធ្យមមាន​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​១៥០​កើត​ជំងឺ​​នេះនៅ​លើ​ភពផែនដី​

​លោក ចាន់ សារិន នាយក​វិទ្យាល័យ​អប់រំ​ពិសេស​ក្រុង​តាខ្មៅ និង​ជា​ប្រធាន​អង្គការ​ ​HHC បានឱ្យដឹងថា សាលា​កុមារ​អូ​ទី​ស្សឹម​នៃ​អង្គការ​HHC បាន​បង្កើតឡើង​​រយៈពេល​៩​ឆ្នាំមកហើយដោយបាន​ប្រមូល​កុមារ​ពិការភាពខ្សោយ​សតិបញ្ញា និង​ អូ​ទី​ស្សឹម ឱ្យបាន​ចូលរៀន​ស្របតាម​កម្មវិធី​អប់រំពិសេស ដោយ​សហការ​ជាមួយ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត និងមន្ទីរ​សង្គមកិច្ច ក្នុងការ​រៀបចំ​សាលា​កុមារ​អូ​ទី​ស្សឹម បាន​ចំនួន​៥​ទីតាំង ដោយ​ប្រើប្រាស់​ថវិកា​ឧបត្ថម្ភពីកាកបាទក្រហមកម្ពុជា សប្បុរសជន ជាតិ និងអន្តរជាតិ។​សព្វថ្ងៃនេះបានកែសម្រួលមកជាវិទ្យាល័យអប់រំពិសេសដែលមាន​កុមារ​ពិការ​ខ្សោយ​សតិបញ្ញានិង​អូ​ទី​ស្សឹម បាន​​ចុះឈ្មោះ​ចូលរៀន​បាន​ចំនួន​២០៥​នាក់ ស្រី​៦៨ ​។​ បន្ថែមពីនេះ លោកនាយកក៏បានសម្តែងនូវការកោតសសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន មីជាតិ ដែលបានផ្តួចផ្តើមរៀបចំកម្មវិធីជួបជុំចែករំលែកក្តីស្រឡាញ់ជាមួយកូនៗកុមារអូទីស្សឹម នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ក្នុងទិវាយល់ដឹងពីអូទីស្សឹមពិភពលោក ព្រមជាមួយការពាំនាំនូវគ្រឿងឧបភោគបរិភោគថវិកា និងបង្កើតបរិយាកាសសប្បាយរីករាយទៅដល់កូនៗផងដែរ។

លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) បានមានប្រសាសន៍ថា៖ដោយមើលឃើញ ពីតម្រូវការចាំបាច់នៃវិទ្យាល័យ គួបផ្សំជាមួយឱកាសនៃការប្រារព្ធទិវាយល់ដឹងពីកុមារអូទីស្សឹមពិភពលោក ក្រុមការងារ មីជាតិ បានឯកភាពគ្នាក្នុងការរៀបចំនៅជួបជុំមួយនេះឡើង ដើម្បីបានមកជម្រាបសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងពាំនាំនូវសម្ភារៈចាំបាច់ រួមមានគ្រឿងឧបភោគបរិភោគអមដោយសកម្មភាពកម្សាន្តដើម្បីចូលរួមចែករំលែកភាពសប្បាយរីករាយដល់កូនៗទាំងអស់ រួមទាំងជួយសម្រួលដល់តម្រូវការចាំបាច់ ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់វិទ្យាល័យនិយាយជារួម និងនិយាយដោយឡែកគឺផ្តល់នូវការស្រលាញ់រាប់អាន និងភាពកក់ក្តៅចំពោះកូនៗកុមារអូទីស្សឹម។បន្ថែមពីនេះ លោកជំទាវក៏បានខ្ញុំអំពាវនាវដល់ ឪពុកម្តាយ សូមយកចិត្តទុកដាក់និងតាមដានពីសុខភាពកូនៗ ចាប់តាំងពីពេលសម្រាល ប្រសិនបើមានសញ្ញាមិនប្រក្រតីណាមួយសូមរួសរាន់ស្វែងរកសេវាប្រឹក្សាយោបល់និងវេជ្ជសាស្ត្រឱ្យបានលឿនដើម្បីធានាដល់ការព្យាបាលកុមារនិងកូនៗរបស់លោកអ្នកបានទាន់ពេលវេលា។ ការជួយកុមារបានទាន់ពេល អាចជួយកុមារឱ្យមានការរីកចម្រើនសុខមាលភាពល្អប្រសើរទាំងសមត្ថភាពរាងកាយ និងបញ្ញាស្មារតីរបស់ពួកគេ ។

គួរបញ្ជាក់ផងដែរថា៖ កម្មវិធីសួរសុខទុក្ខផ្តល់អំណោយមនុស្សធម៌ ក្នុងឱកាសទិវាយល់ដឹងពីកុមារអូទីស្សឹមពិភពលោក ដែលរៀបចំឡើងដោយក្រុមហ៊ុនមីជាតិនេះកើតឡើងបាន ក៏ដោយសារការគាំទ្រពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ផលិតផលមីជាតិ ដែលជាមីឆ្អិនស្រាប់មុនដំបូងគេនៅកម្ពុជា និងមានរសជាតិឆ្ងាញ់ពិសា រសជាតិបែបខ្មែរ បង្កើតឡើងដោយជនជាតិខ្មែរ សម្រាប់ប្រជាជនកម្ពុជា។ មីជាតិ ប្តេជ្ញាបន្តចូលរួមចំណែកក្នុងសកម្មភាពសង្គម និងសប្បុរសធម៌នានាបន្តទៀត ដើម្បីបុព្វហេតុជាតិមាតុភូមិ៕