អន្តរជាតិ

លោកTrumpតម្កល់ប្រាក់ធានាចំនួន១៧៥លានដុល្លារក្នុងសំណុំរឿងក្លែងបន្លំហើយប្តឹងឧទ្ធរណ៍ពីរឿងនេះ

ប្រែសម្រួល៖ ស-សម្បត្តិ
Trump បានតម្កល់ប្រាក់ធានា ជាមូលបត្របំណុលត្រឹម១៧៥ លានដុល្លារនៅក្នុងសំណុំរឿងក្លែងបន្លំទិន្នន័យអចលនទ្រព្យក្នុងទីក្រុងញូវយ៉កហើយអនុញ្ញាតឲ្យគាត់ប្តឹងឧទ្ធរណ៍ទាមទាររកយុត្តិធម៌ក្នុងរឿងក្តីដ៍ចម្រូងចម្រាស់នេះ ។

រដ្ឋអាជ្ញា Los Angeles បាននិយាយថា ក្រុមហ៊ុនធានារ៉ាប់រង មានឈ្មោះថា Knight Specialty Insurance បានចេញមូលបត្របំណុល១៧៥ លានដុល្លារដល់លោក Donald Trump ។ មេធាវី Donald Trump បាននិយាយនៅល្ងាចថ្ងៃចន្ទថា ” លោកTrump បានតម្កល់ប្រាក់ធានាជាមូលបត្របំណុលចំនួន១៧៥លានដុល្លារគាត់កំពុងតែទន្ទឹងរង់ចាំដំណើរការជំរះក្តីលើបណ្តឹងឧទ្ធរណ៍ដើម្បីច្រានចោលសាលក្រមអយុត្តិធម៌សម្រាប់គាត់”។

Trump ក្នុងវ័យ ៧៧ ឆ្នាំបានបញ្ចុះបញ្ចូលតុលាការឧទ្ធរណ៍ដើម្បីកាត់បន្ថយទឹកប្រាកផាកពិន័យជាងពាក់កណ្តាលពាន់លានហើយគាត់នៅមានពេលត្រឹមតែ ១០ ថ្ងៃគិតចាប់ពីថ្ងៃដែលតុលាការបានសម្រេចកាលពីថ្ងៃទី ២៥ ខែមីនា ដើម្បីធ្វើការប្រកាសកាត់បន្ថយប្រាក់បំណុល។គាត់គ្រោងនឹងប្តឹងឧទ្ធរណ៍លើករណីផាកពិន័យ ៤៥៤ លានដុល្លារចេញដោយចៅក្រម Arthur Engoron ដែលបានវាយប្រហារមកលើរូបគាត់កាលពីខែមុនដែលតម្រូវឲ្យគាត់តម្កល់ប្រាក់ធានាដើម្បីតុលាការរក្សាទុករហូតដល់ដំណើរការក្តីក្នុងបណ្តឹងឧទ្ធរណ៍ត្រូវបានបញ្ចប់។

មហាសេដ្ឋីអចលនទ្រព្យ Donald Trump កំពុងស្វែងរកការលុបចោលនូវសេចក្តីសម្រេចរបស់ ចៅក្រុមតុលាការកំពូលលោក Engoron នៅថ្ងៃទី ១៦ ខែកុម្ភៈ ជាមួយនឹងការពិន័យយ៉ាងធ្ងន់ធ្ងរហើយបានហាមឃាត់គាត់ កូនប្រុសច្បងពីរនាក់របស់គាត់គឺ Eric និង Donald Trump Jr. និងនាយកប្រតិបត្តិរបស់ Trump Organization កំពូលៗផ្សេងទៀតមិនឲ្យដឹកនាំក្រុមហ៊ុនណាមួយនៅក្នុង Big Apple សម្រាប់រយ:ពេលបីឆ្នាំ។ការសេចក្តីសម្រេចនេះក៏បានរារាំងលោក Trump និងក្រុមហ៊ុនអចលនទ្រព្យរបស់គាត់ពីការខ្ចីប្រាក់នៅទីក្រុងញូវយ៉កសម្រាប់រយៈពេលបីឆ្នាំផងដែរ។ប៉ុន្តែជាមួយនឹងមូលបត្របំណុលច១៧៥ លានដុល្លារការអនុវត្តសេចក្តីសម្រេចរបស់ចៅក្រម Engoron ត្រូវបានផ្អាករហូតដល់ដំណើរការក្តីបណ្តឹងឧទ្ធរណ៍របស់ Trump ត្រូវបានបញ្ចប់។ គាត់ត្រូវបញ្ជូនឯកសារបណ្តឹងឧទ្ធរណ៍ទាំងអស់ឲ្យបានទាន់ពេលដែលមានអាណត្តិរហូតដល់ខែកញ្ញាសម្រាប់ផ្នែកបណ្តឹងឧទ្ធរណ៍។

ដំបូងឡើយ Trump ត្រូវបានតម្រូវឲ្យបង្កើនមូលបត្របំណុលឲ្យបានពេញលេញស្របតាមសាលក្រមរបស់តុលាការនៅថ្ងៃចន្ទសប្តាហ៍មុន ប៉ុន្តែនាយកដ្ឋានទីមួយរបស់តុលាការឧទ្ធរណ៍បានចេញសេចក្តីសម្រេចម៉ោង 11 ស្របតាមការស្នើសុំរបស់ត្រាំនៅក្នុងថ្ងៃដដែល។ បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋបានរូបនេះបានអះអាងថា គាត់មានប្រាក់គ្រប់គ្រាន់ដើម្បីរ៉ាប់រងលើមូលបត្របំណុលដែលត្រូវបានកាត់បន្ថយ ហើយបាននិយាយថា គាត់មានកិត្តិយសក្នុងការតម្កល់មូលបត្របំណុលចំនួន១៧៥ លានដុល្លារនេះ។

Trump កំពុងស្វែងរកនីតិវិធីដើម្បីលុបចោលសេចក្តីសម្រេចលើកមុនរបស់ចៅក្រម Engoron ដែលបានសម្រេចព្យួរអាជ្ញាប័ណ្ណអាជីវកម្មរបស់គាត់នៅក្នុងរដ្ឋ Empire State ។នៅក្នុងអំឡុងពេលសវនាការកាលពីឆ្នាំមុន ការិយាល័យអគ្គរដ្ឋអាជ្ញាក្រុងញូវយ៉កលោកស្រី Letitia James បានសម្រេចលើករណីនេះដោយអះអាងថា Trump បំផ្លើសតម្លៃនៃទ្រព្យសម្បត្តិរបស់គាត់រហូតដល់រាប់ពាន់លានក្នុងមួយឆ្នាំលើរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ អស់រយៈពេលមួយទសវត្សរ៍ដើម្បីទទួលបានប្រាក់កម្ចី និងការធានារ៉ាប់រងកាន់តែប្រសើរឡើង។

ចៅក្រម Engoron បានរកឃើញថាTrump ទទួលខុសត្រូវចំពោះការក្លែងបន្លំទិន្ន័យបន្ទាប់ពីការផ្តល់សក្ខីកម្មរយៈពេលបីខែរួមទាំងពី Trump កូន ៗ របស់គាត់ Eric, Don Jr. និង Ivanka Trump និងមន្រ្តី Trump ផ្សេងទៀត។ អគ្គរដ្ឋអាជ្ញាJames បាននិយាយថានាងនឹងមិនស្ទាក់ស្ទើរក្នុងការរឹបអូសទ្រព្យសម្បត្តិរបស់ Trump បើគាត់មិនអាចដោះស្រាយស្របតាមសេចក្តីសម្រេចរួមទាំងទ្រព្យសម្បត្តិនៅទីក្រុងញូវយ៉កដ៏មានតម្លៃមួយចំនួនដូចជា 40 Wall Street ។ភាគីរបស់លោក Trump បានស្នើសុំឲ្យនាយកដ្ឋានទីមួយរបស់តុលាការឧទ្ធរណ៍កាត់បន្ថយ ឬបង្អង់អំណាចសាលក្រមរបស់ចៅក្រម Engoron ដោយអះអាងថា ពួកគេមិនអាចស្វែងរកអ្នកឧបត្ថម្ភហិរញ្ញវត្ថុបានទេ បន្ទាប់ពីបានទាក់ទងក្រុមហ៊ុនធានារាប់រងចំនួន ៣០ក្រុមហ៊ុនរួចមក។ Trump បាននិយាយថា គាត់មិនចង់លក់អគារណាមួយរបស់គាត់ក្នុងតម្លៃ “ឡាយឡុង” សម្រាប់មូលបត្របំណុលនោះទេ។

ក្នុងការបង្ហោះសារលើបណ្តាញសង្គមលោក Trump បាននិយាយថាគាត់មិនគួរត្រូវបានចៅក្រម Engoron បង្ខំរឹបអូសយកទ្រព្យសម្បត្តិរបស់គាត់ដោយនិយាយសំដៅទៅលើពួកគេថាបានចាត់ទុកគាត់ដូចជា “កូនក្មេង” សម្រាប់ជាការលេងសើច។

បន្ថែមពីលើសំណុំរឿងរដ្ឋប្បវេណីរបស់អតីតប្រធានាធិបតីទី ៤៥ រូបនេះក៏កំពុងតែប្រឈមមុខនឹងសំណុំរឿងព្រហ្មទណ្ឌចំនួន៤ករណីនៅក្នុងរដ្ឋចំនួនបួនផ្សេងគ្នាដែលមានការចោទប្រកាន់ជាច្រើនរួមទាំងការចោទប្រកាន់ពីបទជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីក្នុងឆ្នាំ ២០២០ ដែលគាត់បានចាញ់លោកប្រធានាធិបតី Biden ។

លោក Trump បានបដិសេធរាល់ការចោទប្រកាន់មកលើរូបលោក ទាំងបទល្មើសព្រហ្មទណ្ឌ និងករណីរដ្ឋប្បវេណី ដោយអះអាងថា សំណុំរឿងទាំងនោះត្រូវបានចោទប្រកាន់មកលើរូបលោកដោយការឃុបឃិតគ្នារបស់បក្សប្រជាធិបតេយ្យដែលដឹកនាំដោយលោក Biden ដើម្បីរារាំងលោកមិនឲ្យឈរឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ ២០២៤នេះ៕