ដោយ៖សិរីមតី/ភ្នំពេញ៖ មីជាតិ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ បានរៀបចំកម្មវិធី “ចែករំលែកក្ដីស្រឡាញ់ជាមួយកុមារ អូទីស្សឹម និងដោនស៊ីនដ្រូន” នៅវិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ ខេត្តកណ្ដាល ស្របជាមួយឱកាសនៃការប្រារព្ធទិវាយល់ដឹងពីអូទីស្សឹមពិភពលោក ២មេសាក្រោមការឧបត្ថម្ភគាំទ្រទាំងស្រុងដោយ គម្រោងខ្មែរដើម្បីខ្មែរ របស់ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) ដែលបានរៀបចំយ៉ាងអធិកអធម និងមានចូលរួមពីដៃគូអាជីវកម្ម លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្សប្រមាណ ៣៥០នាក់ ។
ថ្ងៃទី២មេសាត្រូវបានអង្គការសហប្រជាជាតិកំណត់យកជាទិវាយល់ដឹងពីអូទីស្សឹមពិភពលោក។ទិវានេះត្រូវបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំតាំងពីឆ្នាំ២០០៨មកសម្រាប់កំរិតពិភពលោកនិងពីឆ្នាំ២០១៤មកសម្រាប់ព្រះរាជាណាចក្រកម្ពុជា។អូទីស្សឹម គឺជាជំងឺ ដែលមានកើតឡើងយ៉ាងជាក់ស្តែងនិងផ្តល់ផលវិបាកធ្ងន់ធ្ងរខ្លាំងសម្រាប់លោកអ្នកជាឪពុកម្តាយផងនិងបុគ្គលអ្នកជំងឺផ្ទាល់ផងព្រោះវាជាទម្រង់មួយនៃពិការភាព។ជាមធ្យមមានមនុស្សម្នាក់ក្នុងចំណោមមនុស្ស១៥០កើតជំងឺនេះនៅលើភពផែនដី
លោក ចាន់ សារិន នាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ និងជាប្រធានអង្គការ HHC បានឱ្យដឹងថា សាលាកុមារអូទីស្សឹមនៃអង្គការHHC បានបង្កើតឡើងរយៈពេល៩ឆ្នាំមកហើយដោយបានប្រមូលកុមារពិការភាពខ្សោយសតិបញ្ញា និង អូទីស្សឹម ឱ្យបានចូលរៀនស្របតាមកម្មវិធីអប់រំពិសេស ដោយសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងមន្ទីរសង្គមកិច្ច ក្នុងការរៀបចំសាលាកុមារអូទីស្សឹម បានចំនួន៥ទីតាំង ដោយប្រើប្រាស់ថវិកាឧបត្ថម្ភពីកាកបាទក្រហមកម្ពុជា សប្បុរសជន ជាតិ និងអន្តរជាតិ។សព្វថ្ងៃនេះបានកែសម្រួលមកជាវិទ្យាល័យអប់រំពិសេសដែលមានកុមារពិការខ្សោយសតិបញ្ញានិងអូទីស្សឹម បានចុះឈ្មោះចូលរៀនបានចំនួន២០៥នាក់ ស្រី៦៨ ។ បន្ថែមពីនេះ លោកនាយកក៏បានសម្តែងនូវការកោតសសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន មីជាតិ ដែលបានផ្តួចផ្តើមរៀបចំកម្មវិធីជួបជុំចែករំលែកក្តីស្រឡាញ់ជាមួយកូនៗកុមារអូទីស្សឹម នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ក្នុងទិវាយល់ដឹងពីអូទីស្សឹមពិភពលោក ព្រមជាមួយការពាំនាំនូវគ្រឿងឧបភោគបរិភោគថវិកា និងបង្កើតបរិយាកាសសប្បាយរីករាយទៅដល់កូនៗផងដែរ។
លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) បានមានប្រសាសន៍ថា៖ដោយមើលឃើញ ពីតម្រូវការចាំបាច់នៃវិទ្យាល័យ គួបផ្សំជាមួយឱកាសនៃការប្រារព្ធទិវាយល់ដឹងពីកុមារអូទីស្សឹមពិភពលោក ក្រុមការងារ មីជាតិ បានឯកភាពគ្នាក្នុងការរៀបចំនៅជួបជុំមួយនេះឡើង ដើម្បីបានមកជម្រាបសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងពាំនាំនូវសម្ភារៈចាំបាច់ រួមមានគ្រឿងឧបភោគបរិភោគអមដោយសកម្មភាពកម្សាន្តដើម្បីចូលរួមចែករំលែកភាពសប្បាយរីករាយដល់កូនៗទាំងអស់ រួមទាំងជួយសម្រួលដល់តម្រូវការចាំបាច់ ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់វិទ្យាល័យនិយាយជារួម និងនិយាយដោយឡែកគឺផ្តល់នូវការស្រលាញ់រាប់អាន និងភាពកក់ក្តៅចំពោះកូនៗកុមារអូទីស្សឹម។បន្ថែមពីនេះ លោកជំទាវក៏បានខ្ញុំអំពាវនាវដល់ ឪពុកម្តាយ សូមយកចិត្តទុកដាក់និងតាមដានពីសុខភាពកូនៗ ចាប់តាំងពីពេលសម្រាល ប្រសិនបើមានសញ្ញាមិនប្រក្រតីណាមួយសូមរួសរាន់ស្វែងរកសេវាប្រឹក្សាយោបល់និងវេជ្ជសាស្ត្រឱ្យបានលឿនដើម្បីធានាដល់ការព្យាបាលកុមារនិងកូនៗរបស់លោកអ្នកបានទាន់ពេលវេលា។ ការជួយកុមារបានទាន់ពេល អាចជួយកុមារឱ្យមានការរីកចម្រើនសុខមាលភាពល្អប្រសើរទាំងសមត្ថភាពរាងកាយ និងបញ្ញាស្មារតីរបស់ពួកគេ ។
គួរបញ្ជាក់ផងដែរថា៖ កម្មវិធីសួរសុខទុក្ខផ្តល់អំណោយមនុស្សធម៌ ក្នុងឱកាសទិវាយល់ដឹងពីកុមារអូទីស្សឹមពិភពលោក ដែលរៀបចំឡើងដោយក្រុមហ៊ុនមីជាតិនេះកើតឡើងបាន ក៏ដោយសារការគាំទ្រពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ផលិតផលមីជាតិ ដែលជាមីឆ្អិនស្រាប់មុនដំបូងគេនៅកម្ពុជា និងមានរសជាតិឆ្ងាញ់ពិសា រសជាតិបែបខ្មែរ បង្កើតឡើងដោយជនជាតិខ្មែរ សម្រាប់ប្រជាជនកម្ពុជា។ មីជាតិ ប្តេជ្ញាបន្តចូលរួមចំណែកក្នុងសកម្មភាពសង្គម និងសប្បុរសធម៌នានាបន្តទៀត ដើម្បីបុព្វហេតុជាតិមាតុភូមិ៕