ព័ត៌មានជាតិ

ក្រុមការងារជួយជួសជុលផ្ទះដែលខូចខាតដោយខ្យល់កន្ត្រាក់ពេលភ្លៀងកក់ខែនៅ៣ស្រុក/ក្រុងនាខេត្តបន្ទាយមានជ័យ

ដោយ ៖ បន្ទាយ
បន្ទាយមានជ័យ ៖ មន្ត្រីនិងក្រុមការងារចម្រុះជាបន្តបន្ទាប់បានចេញទៅជួសជុលផ្ទះដែលរងគ្រោះខូចខាតដោយខ្យល់កន្ត្រាក់ក្នុងពេលភ្លៀងកក់ខែកន្លងមកនៅ៣ស្រុក/ក្រុង គឺក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែតនិងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

សូមរំលឹកថា កាលពីល្ងាចថ្ងៃទី៣០និង៣១ខែមីនា ឆ្នាំ២០២៤ មានអព្ភូតហេតុគ្រោះធម្មជាតិភ្លៀងកក់ខែលាយឡំខ្យល់កន្ត្រាក់ បានបង្កអោយខូចខាតផ្ទះនិងសំណង់ជិត៦០ខ្នងផ្ទះ/រោង។
ក្នុងនោះនៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណចំនួន៥៧ខ្នង គឺនៅភូមិខ្លាកូនថ្មីចំនួន៣ខ្នង ភូមិពង្រ ២៣ និងនៅភូមិកងវ៉ា៣១ខ្នង ។ ក្រុមការងារបានជួយជួសជុលនិងសង់ផ្ទះពលរដ្ឋចំនួន៣១ ខ្នងដែលរងការខូចខាតមធ្យមនិងធ្ងន់ ។

លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងជាប្រធានគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងក្រុមការងារការងារមានលោកស្រេង សូផល អភិបាល និងអភិបាលរងក្រុង ចៅសង្កាត់រងនិងសមាជិក ជាពិសេសកងកម្លាំងទាំង៣ប្រភេទ ។

រីឯនៅចំណុចអាងអូរខៃដន ស្ថិតភូមិអូរខៃដន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់បណ្តាលអោយប៉ើងខូចខាតស្ទើរទាំងស្រុងនូវតូបនិងខ្ចូសដែលជាកន្លែងលក់ចំណីអាហារជាច្រើន។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនិងកម្លាំងនគរបាល កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះអន្តរាគមន៍ជួយរុះរើរៀបចំជួសជុលឡើងវិញ។

ចំណែកឯនៅស្រុកម៉ាឡៃ ភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ដែរនោះ បង្កអោយរលំទាំងស្រុងផ្ទះប្រជាពលរដ្ឋ១ខ្នងធ្វើពីឈើប្រក់ស័ង្កសីដែលមានបណ្តោយ៦ម៉ែត្រនិងទទឹង៤ម៉ែត្រនៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ។

ឆ្លើយតបគ្រោះធម្មជាតិនេះ កម្លាំងនគរបាលវរការពារព្រំដែនលេខ៨៩១ បានចុះទៅជួយអន្តរាគមន៍រុះរើ រៀបចំនិងកសាងជូនឡើងវិញជាបន្ទាន់ផងដែរ ៕