ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រីការពារជាតិ ចុះសាកសួរសុខទុក្ខនាយ នាយរងនិងពលទាហាន នៅក្នុងសាស្រ្តយោធភូមិភាគទី៥

ដោយ៖  បន្ទាយ

បន្ទាយមានជ័យ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិនិងប្រតិភូបានចុះសាកសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធដែលឈរជើងស្ថិតនៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។

ក្នុងឱកាសចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខ នាថ្ងៃទី៣១ខែមីនា ឆ្នាំ ២០២៤ លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានបន្តដំណើរអញ្ជើញចុះសាកសួរសុខទុក្ខនាយទាហាន នាយទាហានរងនិងពលទាហាន ដែលឈរជើងទទួលខុសត្រូវស្ថិតនៅក្នុងសាស្រ្តយោធភូមិភាគទី៥ ដែលបានប្រារព្ធធ្វើនៅទីបញ្ជាកងពលតូចថ្មើរជើងលេខ៥១ ក្នុងខេត្តបន្ទាយមានជ័យ។

លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានកត់សម្គាល់ថា÷ “សន្តិភាពដែលរកបានដោយលំបាកត្រូវរួមគ្នាការពារឱ្យបានគង់វង្ស”។

លោកនាយឧត្តមសេនីយ៍បានជូនពរដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរងនិងពលទាហាន ដែលស្ថិតនៅក្នុងសាស្រ្តយោធភូមិភាគទី៥ ទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរសូមឲ្យទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន កម្លាំងខ្លាំងក្លា ប្រាជ្ញាវៀងវៃ ព្រមទាំងសម្រេចបាននូវជោគជ័យថ្មីៗថែមទៀតក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ ៕