សន្ដិសុខសង្គម

យុវជនស្រស់ស្អាតបុគ្គលិកគិតលុយនៅម៉ាតមួយកន្លែង  ត្រូវគេវាយ.សម្លាប់រួចចងដៃដុតក្នុងគំនរសំរាម

ដោយ ៖ បន្ទាយ

បន្ទាយមានជ័យ ៖ សមត្ថកិច្ចបានស្រាវជ្រាវ ហើយនៅថ្ងៃទី១ខែមេសាឆ្នាំ២០២៤ នេះ បានស្គាល់អត្តសញ្ញាណសពជនរងគ្រោះម្នាក់ដែលគេយកទៅដុតដើម្បីបំបាត់ដាននៅក្នុងរណ្ដៅចាក់សំរាម១នៅខាងជើងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត ស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចទាំងពីរប្រភេទអោយដឹងថ្ងៃទី១ខែមេសា ឆ្នាំ២០២៤ថា: អត្តសញ្ញាណរបស់សពនោះមានឈ្មោះហុក ដុល្លា អាយុ ១៦ ឆ្នាំ ជាបុគ្គលិកគិតលុយនៅផ្សារទំនើបតូច (Mart) មួយកន្លែងនៅក្រុងប៉ោយប៉ែត។

សមត្ថកិច្ចបន្តទៀតថា : យោងការធ្វើកោសលវិច័យ យុវជនរងគ្រោះត្រូវជនដៃដល់វាយសម្លាប់ជាមុន ទើបដឹកសពយកទៅកប់ក្នុងគំនរសំរាម  ហើយដុតបំផ្លាញសាកសពអោយទៅជាផេះ។

សូមរំលឹកថា អនុប្រធានភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល កាលពីរសៀលថ្ងៃទី៣០ ខែមីនាឆ្នាំ២០២៤ បានរាយការណ៍ថា : មានក្មេងឃ្វាលគោប្រទះឃើញសាកសពម្នាក់ឆេះខ្លោចនៅក្នុងរណ្តៅចាក់សំរាមដោយដៃជាប់ចំណងក្រណាត់អាវ ព័ទ្ធទៅក្រោយនៅចំណុចខាងជើងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត ស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ៕