ព័ត៌មានជាតិ

ក្រសួងបរិស្ថានបានរៀបចំ យុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨

ដោយ៖ សិរីមតី

ភ្នំពេញ៖ ក្នុងសុន្ទរកថាចាប់ផ្តើមគម្រោងជាផ្លូវការ លោកជំទាវ ងិន លីណា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រក្រសួងបរិស្ថាន មានប្រសាសន៍ដោយសេចក្តីសោមនស្សរីករាយថា ‘ភាពធន់នឹងអាកាសធាតុសម្រាប់ទាំងអស់គ្នា’ (CREFA) របស់អង្គការអុកស្វាម ដែលទទួលបានការគាំទ្រពីស្ថានទូតអៀរឡង់ ក្រោមកិច្ចសហការជាមួយក្រសួង និងស្ថាប័នដៃគូផ្សេងៗទៀត។

លោកជំទាវបានបញ្ជាក់បន្ថែមថា ក្រសួងបរិស្ថានបានរៀបចំ យុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាព បរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចគោលដៅ នៃយុទ្ធសាស្ត្របញ្ចកោណ គឺជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០។ ក្រសួងបរិស្ថានមានកិត្តិយសក្នុងការផ្តល់នូវកិច្ចសហការ និងគាំទ្រ ដើម្បីឱ្យការអនុវត្តគម្រោងនេះទទួលបានជោគជ័យ។

លោកជំទាវសង្ឃឹមជឿជាក់ថា CREFA នឹងជាចំណែកមួយជួយជំរុញ ការអនុវត្តយុទ្ធសាស្ត្រចក្រាដើម្បីសម្រេចគោលដៅខាងលើ ជាពិសេសជួយជំរុញការលើកកម្ពស់សមភាពយេនឌ័រ សេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាសហគមន៍ និងការរស់នៅប្រកបដោយចីរភាព។ CREFA ជាគំរូនៃសមាហរណកម្ម សមភាពយេនឌ័រ ពិការភាព និងបរិយាបន្ន នេះជាការបោះជំហានយ៉ាងសំខាន់ឆ្ពោះទៅរកសកម្មភាពអាកាសធាតុ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា” ។

លោក ម៉ម សម្បត្តិ ជានាយកប្រតិបត្តិនៃអង្គការ អភិវឌ្ឍន៍ និង ភាពជាដៃគូក្នុងសកម្មភាព បានបញ្ជាក់ថា “ខ្ញុំមានកិត្តិយសណាស់ដែលជាផ្នែកមួយនៃគម្រោង “ភាពធន់នឹងអាកាសធាតុសម្រាប់ទាំងអស់គ្នា” ជាដៃគូអនុវត្តនៅក្នុងខេត្តព្រះវិហារ ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នានៃគម្រោង CREFA យើងនឹងផ្តល់សិទ្ធិអំណាចដល់សហគមន៍ព្រៃឈើ និង តំបន់ការពារ ពង្រឹងសមត្ថភាពមូលដ្ឋាន និង បង្កើនភាពធន់សម្រាប់អនាគតដ៏រឹងមាំនៃប្រជាជនកម្ពុជាទាំងអស់ ៕