ព័ត៌មានជាតិ

អំពាវនាវដល់ពលរដ្ឋក្រុងកំពង់ចាមតភ្ជាប់បណ្តាញទឹកកខ្វក់ក្នុងផ្ទះមកកាន់ប្រព័ន្ធលូនាំទៅកាន់ស្ថានីយចម្រោះ

ដោយ៖ គង់ហេង
កំពង់ចាម៖ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្នុងក្រុងកំពង់ចាមប្រមាណ ៥.០០០ ខ្នងផ្ទះ មេត្តាចូលរួមគាំទ្រតភ្ជាប់បណ្តាញទឹកកខ្វក់(បង្គន់)ដែលសម្បូរដោយមេរោគជាង ១០០មុខ ទៅក្នុងប្រព័ន្ធលូបិទជិត ឆ្ពោះទៅកាន់ស្ថានីយចម្រោះទឹកកខ្វក់តែម្តង។

នេះជាការអំពាវនាវរបស់លោក វង្ស ពិសិដ្ឋ ជាអនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់ មេគង្គជំហាន ៤ នៅក្នុងកិច្ចប្រជុំវឌ្ឍនភាព នៃគម្រោងរៀបចំបណ្តាញលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រុងកំពង់ចាម នៅថ្ងៃទី ២៩ មីនា ម្សិលមិញនាសាលាខេត្តកំពង់ចាម។

លោកប្រធានគម្រោងរូបនេះ ថ្លែងថា៖ សូមទទួលយកសំណើរបស់លោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម ស្តីពីការជួសជុលផ្លូវថ្នល់ទាំងអស់នៅក្រុងកំពង់ចាម ដែលរងការខូចខាតក្នុងកំឡុងពេលអនុវត្តគម្រោងប្រព័ន្ធរំដោះទឹកភ្លៀង និងទឹកកខ្វក់។ ប្រព័ន្ធនេះសំខាន់ណាស់ ដែលនាំឱ្យមានការរិះគន់តាមបណ្តាញសង្គម ថាខាងសាធារណការធ្វើលូ ធ្វើថ្នល់ជាប់រហូត។ ធាតុពិតយើង(ក្រសួងសាធារណការ) ចង់ធ្វើលូ និងថ្នល់ស្របគ្នាដែរ តែថវិកាមានកំណត់។

លោក វង្ស ពិសិដ្ឋ បានថ្លែងទៀតថា៖ ជាសំណុចសំខាន់ នៅក្នុងក្រុងកំពង់ចាម យើងបានត្រៀមថវិកា ដើម្បីតភ្ជាប់ចេញពីលំនៅឋានរបស់ប្រជាពលរដ្ឋ មកកាន់ប្រព័ន្ធលូតាមបណ្តោយថ្នល់។ ប្រសិនបើប្រជាពលរដ្ឋបានតភ្ជាប់ប្រព័ន្ធទឹកកខ្វក់ ចេញពីក្នុងលំនៅឋាន ក្នុងកំឡុងពេលអនុវត្តគម្រោងនេះ គឺមិនចំណាយលុយទេ។ ប៉ុន្តែចប់ ឬផុតការអនុវត្តគម្រោងនេះទំនងជាការតភ្ជាប់ត្រូវចំណាយលុយ។

លោកបានបន្តថា៖ ដូច្នេះសូមអំពាវនាវឱ្យចៅសង្កាត់ទាំងបួន ក្នុងក្រុងកំពង់ចាមជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ពីការតភ្ជាប់ប្រព័ន្ធទឹកកខ្វក់ខាងក្នុងផ្ទះ គឺបង្គន់នេះមកកាន់ប្រព័ន្ធលូខាងក្រៅរបងនេះសំខាន់ណាស់ ព្រោះក្នុងបង្គន់តាមផ្ទះនីមួយៗ គឺស្តុកទុកមេរោគជាង ១០០ ប្រភេទ តាមការបញ្ជាក់របស់មន្រ្តីជំនាញ។ កត្តានេះហើយទើបយើងរៀបចំប្រព័ន្ធថ្មីនេះឡើង មានការបិទជិតពីក្នុងបង្គន់នាំប្រព័ន្ធមកខាងក្រៅ ឆ្ពោះទៅកាន់ស្ថានីយ៍ចម្រោះទឹកកខ្វក់តែម្តង។

លោក និល ប៊ុនលី មន្រ្តីបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាមបានប្រាប់សាព័ត៌មាន Cambodia Flash News (CFN) នៅថ្ងៃទី ៣០ មីនានេះថា៖ បច្ចុប្បន្នដំណើរការតភ្ជាប់បណ្តាញប្រព័ន្ធទឹកកខ្វក់តាមផ្ទះប្រជាពលរដ្ឋអនុវត្តសម្រេចបានចំនួន ១២,៥០ ភាគរយ នៃចំនួនលំនៅឋានផ្ទះសរុបប្រមាណ ៥.០០០ ខ្នង៕