ដោយ ៖ បន្ទាយ
បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោសិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី២៨ខែមីនាឆ្នាំ២០២៤ ដឹកនាំស្នងការរងទទួលផែនគ្រប់គ្រងអាវុធជាតិផ្ទុះនិងបង្ការអគ្គិភ័យ ស្នងការរងទទួលផែននានានិងអធិការក្រុងសិរីសោភ័ណព្រមទាំងកងកម្លាំងនគរបាលជាមួយរថយន្តពន្លត់អគ្គិភ័យធ្វើការលាងទឹកនិងបោសសម្អាតសំរាមនៅទីកន្លែងសក្ការ:សំខាន់មួយនៅកណ្តាលទីរួមខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ទោសិទ្ធ ឡោះអោយដឹងថា : បំណងនៃសកម្មភាពនេះគឺដើម្បីលាងសម្អាតរូប ស្តូបនិងបរិវេណជុំវិញអោយបានស្អាត សក្តិសមជាទីគោរពសក្ការ: ក៏ដូចជានិមិត្តរូបនៃការជម្រះមន្ទិលសៅហ្មង ឧបទ្រពចង្រៃនៅឆ្នាំចាស់ ហើយបញ្ជៀសបាននូវគ្រោះថ្នាក់ គ្រោះភ័យមហន្តរាយនិងនាំមកនូវសេចក្តីសុខសេចក្តីចម្រើន ជោគជ័យសិរីសួស្តី មានលាភមានយស និងសម្រេចតាមក្តីប្រាថ្នានៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ចូលឆ្នាំរោង ឆស័ក ពស ២៥៦៧ ដែលមានរយ:ពេល៤ថ្ងៃ ពីថ្ងៃ៥កើតដល់៨កើតខែចេត្រ ត្រូវនឹងថ្ងៃទី១៣ដល់១៦ខែមេសា គស២០២៤ ដ៏ខ្លីខាងមុខនេះ ។
ពោលគឺអោយបានត្រជាក់ត្រជុំដោយមានទឹកភ្លៀងគ្រប់គ្រាន់ មិនជោរជន់ ។មានអាកាសធាតុក្តៅហើយសើមល្អសម្រាប់ការបង្កបង្កើនផល ការប្រកបរបររកស៊ីធ្វើការ និងមានអំណោយផលល្អផ្សេងទៀតដល់ជីវភាពរស់នៅ ក៏ដូចជាមានសេដ្ឋកិច្ច សង្គមកិច្ច សន្តិសុខ សណ្តាប់ធ្នាប់ ល្អប្រសើរនៅក្រោមដំបូលសុខសន្តិភាព ការអភិវឌ្ឍដែលដឹកនាំដោយរាជរដ្ឋាភិបាលមានសម្តេចបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនិងមាគ៌ាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតិតេជោហ៊ុនសែន ជាប្រមុខ ។
សូមបញ្ជាក់ទីកន្លែងគោរពសក្ការ:និងក៏ជានិមិត្តរូបតំណាងខេត្តបន្ទាយមានជ័យដែលកម្លាំងនគរបាលខេត្តបន្ទាយមានជ័យលាងសម្អាតនោះមាន៣ទីតាំង៖
ទី១- រូបជំទាវស្រីគ្រប់លក្ខណ៍ស្ថិតត្រង់រង្វង់មូល នាសង្កាត់អូរអំបិលនិងសង្កាត់ព្រះពន្លា ជានិមិត្តរូប(LOGO)នៃក្រុងសិរីសោភ័ណទីប្រជុំជនខេត្ត ។ទី២-ស្តូបនិងរូបអវតារលោកិស្វរ: ព្រះហស្ដ៣២ នាមុខសាលាខេត្តក្នុងសង្កាតអូរអំបិលជានិមិត្តរូបខេត្តបន្ទាយមានជ័យនិងទី៣-រូបនិងស្តូបព្រះបាទជ័យវរ្ម័នទី៧ នាសួនមានជ័យ ស្ថិតនៅក្នុងសង្កាត់ព្រះពន្លា ៕