ដោយ ៖ កំចាយ
កំពត÷ កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងបូកគោ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បានឃាត់ខ្លួនក្រុមបង្កអុកឡុកតាមដងផ្លូវចំនួន៨នាក់ដោយសារពួកគេបង្ហោះម៉ូតូក្នុងទឹកដីសង្កាត់បឹងទូក។
របាយការណ៍ពីអធិការដ្ឋាននគរបាលក្រុងបូកគោបានឲ្យដឹងថា កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី២៨ ខែមីនា សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍អំពីសកម្មភាពក្រុមក្មេងបង្ហោះម៉ូតូនៅលើដងផ្លូវជាតិលេខ៣ ក្នុងភូមិរលួស សង្កាត់បឹងទូក បង្កការភ័យខ្លាចដល់អ្នកដំណើរទៅមក។
ភ្លាមៗ សមត្ថកិច្ចក៏ចេញដេញតាមរហូតឃាត់ខ្លួនក្រុមអនាធិបតេយ្យទាំងនោះបាន៨នាក់ រួចនាំមកអធិការដ្ឋានដើម្បីបំពេញសំណុំបែបបទ។ របាយការណ៍បានបញ្ជាក់ថា ក្រុមយុវវ័យទាំងនោះមានអាយុចាប់ពី១៣ឆ្នាំដល់១៨ឆ្នាំ ដោយ៧នាក់មកពីខេត្តព្រះសីហនុ និងម្នាក់ទៀតមកពីខេត្តត្បូងឃ្មុំ។
ផ្អែកតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ក្រោយពីសាកសួររួច មន្ត្រីនៃអធិការដ្ឋានក្រុងបូកគោបានអប់រំណែនាំ និងតម្រូវឲ្យធ្វើកិច្ចសន្យាបញ្ឈប់បង្កអុកឡុកតាមទីសាធារណ:បន្តទៀត។
ប្រភពបានបន្តថា ក្នុងចំណោមនោះ ៣នាក់មកពីខេត្តព្រះសីហនុត្រូវបានអនុញ្ញាតឲ្យអាណាព្យាបាលធានាយកទៅលំនៅស្ថានវិញ។ ចំណែក៥នាក់ទៀតគឺបន្តឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានក្រុងបូកគោរយ:ពេល២យប់ទើបអនុញ្ញាតឲ្យអាណាព្យាបាលធានាយកទៅលំនៅស្ថានវិញ៕