សេដ្ឋកិច្ច

កិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្ត្រ រវាង ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

ភ្នំពេញ៖ក្នុងដំណើរបេសកកម្មលើកកម្ពស់សុខុមាលភាពរបស់គ្រួសារកម្ពុជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ (ខេមបូឌា) ម.ក និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ បានចុះកិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្ត្រ នៅថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២៤ ក្រោមវត្តមានថ្នាក់ដឹកនាំរបស់ស្ថាប័នទាំងពីរ រួមមាន៖ លោក យក់ ចំរើនប្ញទ្ធិ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) ម.ក, លោក ព្រូ ស៊ីថន អគ្គនាយក នៃក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹនសួរ៉ិនស៍ (ខេមបូឌា) ម.ក និងលោក ហួត សៀងហៃ នាយករង សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ដែលបានប្រព្រឹត្តទៅនៅសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះយុគន្ធរ។

លោក ព្រូ ស៊ីថន អគ្គនាយក នៃក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹនសួរ៉ិនស៍ (ខេមបូឌា) ម.ក

ការការពារនិងផ្តល់នូវដំណោះស្រាយផែនការហិរញ្ញវត្ថុដល់ប្រព័ន្ធគ្រឹះស្ថានអប់រំសាធារណៈក្នុងប្រទេសកម្ពុជា ក្នុងនោះរួមមាន សាលារៀនជំនាន់ថ្មីផងនោះ គឺជាកម្មវត្ថុចម្បងដែលជំរុញឱ្យកិច្ចសហការនេះកើតឡើង។ កត្តាដ៏សំខាន់មួយទៀត នៃកិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្ត្រនេះ គឺការគាំទ្រយ៉ាងពេញទំហឹងដល់វិស័យអប់រំកម្ពុជា ដែលស្របគ្នាទៅនឹងបេសកកម្មរបស់ក្រុមហ៊ុន ហ្វតតេ ក្នុងការជួយជ្រោមជ្រែងដល់ការអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស ដែលប្រៀបបានទៅនឹង ឆ្អឹងខ្នងនៃអនាគតរបស់កម្ពុជា។

“ថ្ងៃនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត ដែលក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ បានចុះកិច្ចព្រមព្រៀងជាគូយុទ្ធសាស្ត្រជាមួយនឹងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ (NGS) ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ គួររំលឹកផងដែរថា ជាច្រើនឆ្នាំកន្លងមកនេះ ក្រុមហ៊ុន ហ្វតតេ មានកិច្ចសហការជាមួយគ្នាជាច្រើនមកហើយជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ទាក់ទងនឹងចំណេះដឹងហិរញ្ញវត្ថុ និងជំនួយផ្នែកអភិវឌ្ឍន៍លើការអប់រំ – នេះជាការសង្កត់ធ្ងន់របស់ លោក យក់ ចំរើនប្ញទ្ធិ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) ម.ក។”

លោក យក់ ចំរើនប្ញទ្ធិ បានបន្ថែមយ៉ាងដូច្នេះថា៖ “ឆ្លៀតឱកាសដ៏គួរជាទីមោទននេះ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ក្រុមហ៊ុន ហ្វតតេ និងហ្វតតេ ឡាយហ្វ៍ពិតជាមានមោទនភាពបំផុត ដែលផលិតផលរបស់យើង អាចធ្វើការការពារដល់ប្រជាជនដែលមានជីវភាពកម្រិតទាបបាន ពីព្រោះជាទូទៅធានារ៉ាប់រងសម្រាប់បងប្អូនដែលមានជីវភាពកម្រិតមធ្យមឡើងទៅ។ អស់រយៈពេល ២៥ឆ្នាំនេះ ក្រុមហ៊ុនហ្វតតេ មានចំណែកទីផ្សារធានារ៉ាប់រងទូទៅរហូតដល់ ៤៥% និងផ្តល់ការការពារអាយុជីវិតដល់ក្រុមគ្រួសារកម្ពុជា ប្រមាណ ៨៤,០០០នាក់ គិតត្រឹមឆ្នាំ ២០២៣។”

លោក ព្រូ ស៊ីថន អគ្គនាយក នៃក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹនសួរ៉ិនស៍ (ខេមបូឌា) ម.ក បានមានប្រសាសន៍ថា៖ “នេះជាកិត្តិយសដ៏ខ្ពង់ខ្ពស់ និងរីករាយជាទីបំផុត ដែលពួកយើងបានរួមសហការជាមួយនឹងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ដែលជាសាលារៀនរដ្ឋមួយ កើតចេញពីការធ្វើកំណែទម្រង់ថ្មីស៊ីជម្រៅលើវិស័យអប់រំ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈគ្រប់គ្រងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ (NGS) ដែលបានជ្រើសរើសយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ ជាដៃគូយុទ្ធសាស្ត្រពិសេសបំផុត ក្នុងការផ្តល់ដំណោះស្រាយធានារ៉ាប់រងអាយុជីវិតជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតា ឬអាណាព្យាបាល។ តាមរយៈ យន្តការនៃកិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្ត្រនេះ នឹងផ្តល់អត្ថប្រយោជន៍កាន់តែទូលំទូលាយបន្ថែមមួយកម្រិតទៀតដល់គ្រឹះស្ថាន លោកគ្រូ អ្នកគ្រូ និងមាតាបិតា ឬអាណាព្យាបាល ទាក់ទងនឹងសុខភាពហិរញ្ញវត្ថុ ពិសេសការឧបត្ថម្ភរបស់យើងនាពេលកន្លងមក និងនាពេលខាងមុខ ដោយនាំមកជូននូវផលិតផលដ៏សម្បូរបែប និងច្នៃប្រឌិត, សម្ភារសិក្សា និងគ្រឿងបរិក្ខារប្រើប្រាស់ក្នុងសាលារៀនជាដើម នេះសបញ្ជាក់ពីការចូលរួមគាំទ្រដល់ដំណើរការនៃការអភិវឌ្ឍវិស័យអប់រំ និងអភិវឌ្ឍសមត្ថភាពនិងទេពកោសល្យរបស់សិស្សានុសិស្សដែលជាទំពាំងស្នងឫស្សីគំរូរបស់ជាតិឱ្យសមស្របតាមភាពជឿនលឿននៃបច្ចេកវិទ្យាឌីជីថលប្រកបដោយនិរន្តរភាព។”

លោក ហួត ស៊ាងហៃ នាយករង នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ បានលើកសរសើរពីកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ ថាជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតល្អបំផុតក្នុងស្រុក។ លោកនាយករងបានបង្ហាញពីទំនុកចិត្តខ្ពស់លើអត្ថប្រយោជន៍ដែលនឹងទទួលបានពីកិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្ត្រនេះ។ លោកនាយករងបានបញ្ជាក់យ៉ាងដូច្នេះថា៖ “មិនត្រឹមតែសាលារៀនផ្ទាល់ទេ ដែលនឹងទទួលបានអត្ថប្រយោជន៍ពីកិច្ចសហការនេះ ជាមួយគ្នានេះ ក្រុមគ្រួសាររបស់សិស្សានុសិស្ស ព្រមទាំងលោកគ្រូ អ្នកគ្រូ នឹងទទួលបាននូវដំណោះស្រាយផ្នែកហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងមានភាពបត់បែន ទៅតាមតម្រូវការជាក់ស្តែងរបស់ពួកគាត់ផងដែរ៕”