ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាមហៅការបោះជំរំគឺជាបទពិសោធន៍ជីវិតរបស់យុវជន

ដោយ៖ គង់ហេង
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានហៅការបោះជំរំមានយុវជនចូលរួមប្រមាណ ៦០០ នាក់ រយៈពេលមួយសប្តាហ៍ លើទឹកដីស្រុកកោះសូទិន គឺជាបទពិសោធន៍របស់ខ្លួន រួមចំណែកអភិវឌ្ឍន៍បំណិនជីវិត និងអភិវឌ្ឍន៍សមត្ថភាព ឱ្យរីកចម្រើនឡើង។


នៅក្នុងពិធីបើកការបោះជំរំយុវជន ខេត្តកំពង់ចាម ក្រោមប្រធានបទ«យុវជនសតវត្សទី២១ ជួយសង្គមជាតិ» ដែលបានរៀបចំឡើងនៅ វិទ្យាល័យកោះសូទិន ស្រុកកោះសូទិន នៅល្ងាចថ្ងៃទី ២៧ មីនា។ ក្រោយពីចូលរួមភ្លក់អាហារ និងថតរូបអនុស្សាវរីយ៍តាមជំរំនីមួយៗ លោកអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា៖ លោកមានជំនឿយ៉ាងមុតមាំថា ការបោះជំរំយុវជនខេត្តកំពង់ចាម ឆ្នាំ២០២៤ នាពេលនេះ គឺជាឱកាសសម្រាប់ក្មួយៗយកអស់សមត្ថភាព បទពិសោធន៍របស់ខ្លួនមកធ្វើការផ្លាស់ប្តូរ ចែករំលែកគ្នាទៅវិញទៅមក រួមចំណែកអភិវឌ្ឍន៍បំណិនជីវិត និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន កាន់តែរីកចម្រើនឡើង ពិសេសគឺការអប់រំខ្លួនតាមគន្លងសីលធម៌ កូនល្អ សិស្សល្អ មិត្តល្អ និង ពលរដ្ឋល្អ និងខិតខំធ្វើឱ្យខ្លួនមានសេចក្តីព្យាយាម និងសេចក្តីសង្ឃឹមជឿជាក់ចំពោះខ្លួនឯង។


លោកបានបន្តថា៖ សូមក្មួយៗត្រូវខិតខំ សង្កេតសិក្សាស្រាវជ្រាវ តាមរយៈនៃសកម្មភាពទាំងឡាយក្នុង ដំណើរការ នៃការបោះជំរំយុវជននេះ ជាពិសេសសូមក្មួយៗត្រូវខិតខំ កត់ត្រានូវសកម្មភាពល្អៗ ទុកសម្រាប់ ជាមេរៀន បទពិសោធន៍សម្រាប់ជីវិតរបស់ខ្លួន និងធ្វើការផ្សព្វផ្សាយពីលទ្ធផល ទាំងអស់នេះ ដល់មិត្តភក្តិ បងប្អូនរបស់ក្មួយៗឱ្យបានជ្រាបបានដឹង ពីខ្លឹមសារដ៏មានសារសំខាន់ នៃកិច្ចការ ទាំងឡាយដែលក្មួយៗ បានប្រតិបត្តិដោយផ្ទាល់ក្នុងដំណើរការបោះជំរំ រយៈពេល ៧ថ្ងៃ នៅលើទឹកដី ស្រុកកោះសូទិននេះ។

លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា៖ ឆ្នាំនេះមន្ទីរអប់រំយុវជននិងកីឡាខេត្តបានរៀបចំការបោះជំរំយុវជនថ្នាក់ខេត្ត ដោយមានប្រតិភូយុវជនមកពីបណ្តាក្រុមប្រឹក្សា យុវជនកម្ពុជា យុវជនកាយរឹទ្ ធិយុវជនកាកបាទក្រហម យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា តាមបណ្តាវិទ្យាល័យ និងមានប្អូនៗយុវជន ទាំង ១០ក្រុង/ស្រុក ស្ម័គ្រចិត្តមកពីវិទ្យាល័យ កោះសូទិន ថ្នាក់ ដឹកនាំប្រតិភូយុវជន និងគណៈកម្មការរៀបចំជំរំ សរុប ៦០០នាក់៕