ដោយ : បន្ទាយ
បន្ទាយមានជ័យ៖ ក្រោយមានគ្រោះថ្នាក់ចរាចរមួយនៅស្រុកម៉ាឡៃ ដែលរហូតដល់ឆេះខូចខាតម៉ូតូ២គ្រឿងនៃភាគីទាំងពីរ កាលពីយប់មិញ នាំឲ្យសាធារណជននិងអ្នកប្រើបណ្តាញសង្គមទាំងឡាយចោទសួរថា តើកម្រិតបុកគ្នានោះធ្ងន់ធ្ងរ ខ្លាំង ឬសាហាវយ៉ាងណាទៅ ?
ករណីនេះ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំម៉ាឡៃនិងនគរបាលជំនាញចរាចរណ៍ផ្លូវគោកស្រុកម៉ាឡៃ បានបកស្រាយថា : ការបុកគ្នានោះមិនធ្ងន់ធ្ងរណាស់ណាទេ ។តែឧបទ្ទហេតុចៃដន្យ ដែលបង្កអោយមានភ្លើងឆាបឆេះសន្ធោសន្ធៅដូច្នេះគឺមូលហេតុសំខាន់មកពីម៉ូតូ១គ្រឿង(កង់ពីរ) បានដឹកសាំងនិងម៉ាស៊ីនង៉ោង(ម៉ាស៊ីនត្រង់ស៊ីន័រ) ហើយវាបានដួលកំពប់សាំងជះ បូកផ្សំនឹងសាំងក្នុងធុងនៃម៉ូតូទាំងពីរគ្រឿងផង ហើយជួនបុកគ្នាមានព្រាយភ្លើង ទើបបណ្តាលបង្កឆេះចេញអណ្តាតភ្លើងដូចផ្ទុះគ្រាប់មីស៊ីលរូស្ស៊ីដូច្នេះ ។
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំម៉ាឡៃនិងលោកវរសេនីយ៍បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ ក៏ដូចជានគរបាលជំនាញផ្នែកចរាចរណ៍ផ្លូវគោកបានអោយដឹងថា : ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៨ និង៥២នាទី មានករណីគ្រោះថ្នាក់ចរាចរម៉ូតូ និងម៉ូតូកង់បីកែច្នៃ ។
មុនដំបូងមានម៉ូតូពីរគ្រឿងបើកបរបញ្រ្ចាស់ទិសគ្នាពីត្បូងទៅជើងលើផ្លូវជាតិលេខ៥៩ចន្លោះគីឡូម៉ែត ៤០ និង៤១ ស្ថិតនៅភូមិកណ្តាល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ (ជិតវត្តម៉ាឡៃ ) ។១- ម៉ូតូ១គ្រឿង HONDA DREAM ពណ៌ខ្មៅផ្លាកលេខ បាត់ដំបង 1X-2452 ដែលបើកបរដោយឈ្មោះ វ៉ែន រៃ ភេទ ប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិអូរម្ញុង ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បើកបរពីជើងទៅត្បូងដឹកម៉ាសុីនអាឈើមួយគ្រឿង មានសាំងមួយប៊ីដុងប្រាំលីត្រ ។ទី២-ម៉ូតូ១គ្រឿងទៀត(ប្រភេទកែច្នៃកង់៣)បើកបរដោយ ឈ្មោះ សៀន ចាន់នឿន ភេទ ស្រី អាយុ៥៣ឆ្នាំ និងអ្នករួមដំណើរត្រូវជាកូន ឈ្មោះសៀន ស្រី ភេទស្រី អាយុ ១៤ ឆ្នាំ រស់នៅភូមិកណ្តាល ឃុំម៉ាឡៃ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ បើកបរពីត្បូងទៅជើង ។
លោកបានបន្តថា : លុះមកដល់ចំណុចកើតហេតុស្រាប់តែ បុកគ្នានឹងម៉ូតូ១ទៀត ។ម៉ូតូបានដួល ហើយកំពប់សាំងពីប៊ីដុងនោះ និងសាំងក្នុងធុង(ReseVoir) ផង ទើបបង្កជាព្រាយភ្លើង ហើយឆាបឆេះបង្កគ្រោះថ្នាក់តែម្ដង។
ក្នុងនោះហេតុការណ៍នេះបណ្ដាលឲ្យ ឈ្មោះ សៀន ចាន់នឿន អ្នកបើកបរម៉ូតូកង់បី របួស បាក់ដៃខាងស្តាំ អ្នករួមដំណើរ ឈ្មោះ សៀន ស្រី ត្រូវភ្លើងឆេះរលាកស្បែកពេញខ្លួន(របួស) និងឈ្មោះ វ៉ែន រៃ អ្នកបើកបរម្ខាងទៀតរបួសដោយភ្លើងនិងសាំងឆេះរបួសមធ្យម រលាត់ជើង ដៃ ខ្លួន ។
ឯផ្នែកសម្ភារ មធ្យោបាយវិញ គឺម៉ូតូទាំងពីរគ្រឿងបានខូចខាតទាំងស្រុង ហើយយកមករក្សាទុកនៅអធិការដ្ឋាននគរបាល ។
ក្រោយកើតហេតុជនរងគ្រោះទាំង០៣ នាក់បញ្ជូនទៅមន្ទីរពេទ្យមង្គលបូរី០១ នាក់ទៅសៀមរាបចំនួន ០២នាក់ ៕