ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ មន្ត្រីស្ម័គ្រចិត្តនៅសាលាស្រុកមង្គលបូរីដែលគ្រោះថ្នាក់ដោយម៉ូតូបុកគោយន្តកន្រ្តៃ បានរងរបួសធ្ងន់ធ្ងរ ពិសេសត្រង់ក្បាលនោះ អស់រយ:ពេលជាង៣ថ្ងៃហើយ នៅតែមិនទាន់ដឹងខ្លួន។ សាលាស្រុកមង្គលបូរី បានបញ្ជូនមន្ត្រីទៅចូលរួមជាមួយគ្រួសារជនរងគ្រោះដើម្បីថែទាំជំងឺ ហើយក៏រៃអង្គាសបានថវិកា១ចំនួនដើម្បីជួយ ។
លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីអោយអ្នកសារព័ត៌មានដឹងកាលពីល្ងាចថ្ងៃទី២៧ខែមីនាឆ្នាំ២០២៤ថា: ជាង៣ថ្ងៃមកទល់ពេលនេះ ជនរងគ្រោះជាមន្ត្រីស្ម័គ្រចិត្តសាលាស្រុកនោះ នៅតែមិនទាន់ដឹងខ្លួន។ ជនរងគ្រោះកំពុងទទួលការសង្គ្រោះ ព្យាបាលនៅមន្ទីរពេទ្យព២ (យោធភូមិភាគ៥)ខេត្តបាត់ដំបង ។ នាងរងរបួសធ្ងន់ធ្ងរណាស់ ពិសេសគឺត្រង់ក្បាល ។
លោកអភិបាលស្រុកបានបន្តថា : ចំពោះមុខនេះដែរ សាលាស្រុកនិងសប្បុរសជននានាបានរៃអង្គាសនិងជួយថវិកាគ្នាបានជាង៥លានរៀនដែរ ហើយបានយកទៅប្រគល់ជូនគ្រួសារជនរងគ្រោះនៅមន្ទីរពេទ្យ ។
សូមរំលឹកថា : គ្រោះថ្នាក់ចរាចរនោះកើតឡើងកាលពីវេលាម៉ោង១៦:១០នាទីល្ងាចថ្ងៃទី២៣ខែមីនា ឆ្នាំ២០២៤ លើកំណាត់ផ្លូវជាតិលេខ១៥៦ដេ ក្នុងទីប្រជុំជន ចំណុចភូមិប្រឡាយហ្លួងលើ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
មូលហេតុគឺគោយន្តកន្រ្តៃមួយគ្រឿងម៉ាកគូបូតា ពណ៌ក្រហម ដោយធ្វើដំណើរតាមផ្លូវជាតិលេខ១៥៦ដេ ក្នុងទិសដៅពីលិចទៅកើត តែដល់ចំណុចខាងលើបានឡើងវ៉ាជែងនិងរថយន្តដឹកសំរាម ក៏កាច់ដួលបោកក្រឡាប់ក្បាលគោយន្តកន្រ្តៃអូសកាត់ទទឹងផ្លូវទៅជើង។ស្របពេលមានម៉ូតូពីរគ្រឿងខាងលើបានបើកបរឆ្លងកាត់ ។ទី១-ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ផ្លាកលេខបន្ទាយមានជ័យ1I-3567 និងទី២ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ផ្លាក់លេខបន្ទាយមានជ័យ1M-4885 ដោយធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ក៏បុកចំពាក់កណ្តាលទ្រុងខាងស្តាំគោយន្តកន្ត្រៃពេញទំហឹង ។អ្នកបើកបរម៉ូតូរងគ្រោះនេះមានឈ្មោះឆម គឹមអួន ភេទស្រី អាយុ២៤ឆ្នាំ ជាមន្ត្រីស្ម័គ្រចិត្តបម្រើការនៅសាលាស្រុកមង្គលបូរី ទីលំនៅរស់នៅភូមិតាឡំកណ្តាល ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
នាងបានរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា.ជប៉ុន-មង្គលបូរី រួចបញ្ជូនបន្តទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង និងចុងក្រោយនៅមន្ទីរពេទ្យយោធភូមិភាគទី៥ (ព២)ខេត្តបាត់ដំបង ។
អ្នកបើកបរម៉ូតូទី២-ហុងដា ស៊េរីឆ្នាំ២០១៥ ឈ្មោះ ជឹង លក្ខណា ភេទស្រី អាយុ១៥ឆ្នាំ លំនៅភូមិប្រឡាយហ្លួងលើ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រងរបួសស្រាល។
ពួកគេជាអ្នកបើកបរម៉ូតូទីទៃពីគ្នា ៕