សន្ដិសុខសង្គម

ផ្ទុះអាវុធជិត ១០គ្រាប់ចូលផ្ទះពលរដ្ឋសមត្ថកិច្ចកំពុងដាក់ការស៊ើបបអង្កេត

ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង៖ ខ្មាន់កាំភ្លើងផ្ទុះអាវុធជិត ១០គ្រាប់ក្នុងក្រុងបាត់ដំបងនៅយប់មិញសំដៅចូលផ្ទះប្រជាពលរដ្ឋ សមត្ថកិច្ចកំពុងពន្លឿនចុះស្រាវជ្រាវ និងអង្កេត។

ប្រភពបឋមពីពលរដ្ឋនៅក្បែរទីតាំងកើតហេតុបានបញ្ជាក់ឲ្យដឹងថា÷ ករណីបាញ់បោះខាងលើបានបង្កការភ្ញាក់ផ្អើលនៅវេលាជិតថ្ងៃត្រង់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៤ ក្នុងភូមិសុភី១ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ម្ចាស់ផ្ទះត្រូវបានគេស្គាល់ឈ្មោះឌាំង ជាជាងជួសជុល លក់ទូរសព្ទ និងលក់ដូរគ្រឿងអគ្គិសនី។ ករណីនេះមិនបង្កឲ្យមានរងរបួសដល់ម្ចាស់ផ្ទះទេក្រោយហេតុការណ៍បានកើតឡើងនៅវេលាម៉ោងជាង ១រំលងអធ្រាត្រថ្ងៃទី ២៧ ឈានចូលថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៤ ភ្លាមៗម្ចាស់ផ្ទះ ក៏ដូចជាអ្នកភូមិមិនចាប់អារម្មណ៍ទេដោយស្មានថាគេបាញ់កាំជ្រួច។

ប្រភពពីពលរដ្ឋបានអះអាងបន្តថា÷ ការបាញ់រះរហូតដល់ទៅ ៦គ្រាប់សំដៅលើផ្ទះរបស់ប្រជាពលរដ្ឋសង្ស័យជាការបាញ់គំរាមប៉ុណ្ណោះ ព្រោះគ្រាប់កាំភ្លើងប្រភេទកាំភ្លើងខ្លីបានបាញ់ទម្លុះទ្វារដែលធ្វើពីស័ង្កសីឆ្វេងស្តាំ និងទូដាក់ទូរសព្ទផងដែរសរុបចំនួន ៦កន្លែង។

ចំពោះមុខសមត្ថកិច្ចពាក់ព័ន្ធទាំងអស់បានដាក់ខ្សែហ៊ុមព័ទ្ធទីតាំងកើតហេតុ និងកំពុងសាកសួរលំអិតដល់ម្ចាស់ផ្ទះ។ មកទល់ពេលនេះនៅមិនបានដឹងថាជារឿងគំនុំឬមួយយ៉ាងណានៅឡើយទេ៕