ដោយ៖ ស-សម្បត្តិ
ភ្នំពេញ៖ អង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ហៅកាត់ថា គ.ស.ក បានសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងនិយតករ គណនេយ្យនិងសវនកម្ម បានរៀបចំសិក្ខាសាលាមួយ«ស្តីពីការចុះបញ្ជីសកម្មភាពអាជីវកម្មដោយឡែករបស់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល»នៅសណ្ឋាគាររ៉ាហ៊្វល ឡឺរ៉ូយ៉ាល់ កាលពីថ្ងៃទី២១ខែមីនា ឆ្នាំ២០២៤។
លោកស្រីស៊ិន ពុទ្ធារី នាយិកាប្រតិបត្តិអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជាបានលើកឡើងថា សិក្ខាសាលានេះ មានគោលដៅសំខាន់បំផុត គឺដើម្បីផ្តល់នូវការយល់ដឹងដ៏ស៊ីជម្រៅបន្ថែមទៀតទៅដល់បុគ្គលិកផ្នែកហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលឲ្យមានការយល់ដឹងកាន់តែច្បាស់លាស់ស្តីពីការចុះបញ្ជីសកម្មភាពអាជីវកម្មដោយឡែករបស់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។
ផ្តើមចេញពីការយល់ដឹងបានច្បាស់ពីនីតិវិធី នៃការចុះបញ្ជីសកម្មភាពអាជីវកម្មដោយឡែករបស់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនេះហើយ គេរំពឹងថានឹងធ្វើឲ្យរាល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ នឹងចូលរួមអនុវត្តពង្រឹងអនុលោមភាព ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ ។
លោកប៉ូ ពិសិដ្ឋ អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូចនិងមធ្យម នៃអគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់នៅក្នុងសិក្ខាសាលានោះថា ការចុះបញ្ជីសកម្មភាព អាជីវកម្មដោយឡែករបស់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល គឺត្រូវអនុវត្តដោយផ្តោតទៅលើចំណុចសំខាន់ៗចំនួន៤។
លោកបានបន្ថែមថា ចំណុចំខាន់ៗទាំង៤នោះ គឺរួមមាន៖ ទី១-ការលើកលែងពន្ធលើប្រាក់ចំណូលសម្រាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល, ទី២-សកម្មភាពអាជីវកម្មដោយឡែក, ទី៣-ការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសនិងទី៤-ការលើកទឹកចិត្តនៅក្នុងការចុះបញ្ជី។
ជាមួយនោះក៏បើកឲ្យមានកម្មវិធីសំណូរចម្លើយទៅដល់អ្នកចូលរួមដែលមានចម្ងល់សួរទៅមន្រ្តីជំនាញពន្ធដារពាក់ព័ន្ធទៅនឹងការចុះបញ្ជីសកម្មភាពអាជីវកម្មដោយឡែករបស់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនេះផងដែរ។
ឯកឧត្តមបណ្ឌិតម៉ិញ បានកុសល អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារបានវាយតម្លៃជារួមថា តាមរយៈសិក្ខាសាលានេះ នឹងបង្កើននូវការយល់ដឹងថ្មីបន្ថែមទៀតពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារទៅដល់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដែលកំពុងប្រតិបត្តិការ ការងារបស់ខ្លួននៅកម្ពុជា។
ឯកឧត្តបានបន្ថែមថា អ្នកចូលរួមមានឱកាសបានឈ្វេងយល់កាន់តែស៊ីជម្រៅ ចំពោះការអនុវត្តកាតព្វកិច្ចសារពើរពន្ធ សម្រាប់ការចុះបញ្ជីអាជីវកម្មដោយឡែក របស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ លើមូលដ្ឋាននៃការយល់ដឹងច្បាស់លាស់នេះ យើងនឹងចូលរួមបំពេញកាតព្វកិច្ចសារពើពន្ធក៏ដូចជាការចូលរួមចំណែកលើកកម្ពស់វប្បធម៌បង់ពន្ធទាំងអស់គ្នាផងដែរ៕