សន្ដិសុខសង្គម

ក្មេងប្រុសស្រី២នាក់បានលង់ទឹកអណ្តូងស្លាប់ពេលឪពុកម្តាយមិននៅផ្ទះ

ដោយ ៖ កំចាយ

កំពត÷ ក្មេងប្រុសស្រី២នាក់ជាបងប្អូនបង្កើតនឹងគ្នាបានចុះលេងទឹកអណ្តូង រួចលង់ទឹកស្លាប់ពេលឪពុកម្តាយមិននៅផ្ទះ។ ហេតុការណ៍នេះបានកើតឡើងនៅភូមិកំពង់ត្រាចទី២ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច កាលពីព្រឹកថ្ងៃត្រង់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។

មន្ត្រីនគរបាលមូលដ្ឋានបានប្រាប់ឲ្យដឹងថា កុមាររងគ្រោះទាំង២នាក់ រួមមាន ១. ឈ្មោះ ហ៊ាង កញ្ញា ភេទស្រី អាយុ ១១ឆ្នាំ។ ២. ឈ្មោះ ហ៊ាង សារុន ភេទប្រុស អាយុ ៩ឆ្នាំ។ គ្រួសារនេះរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

ឪពុកកុមាររងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា កាលពីម៉ោង១១ព្រឹកថ្ងៃទី២៨ ខែមីនា ពេលគាត់ និងប្រពន្ធត្រឡប់មកពីធ្វើការខាងក្រៅស្រាប់តែបាត់មិនឃើញកូនៗទាំង២នាក់នៅផ្ទះ។ ភ្លាមៗ ពួកគាត់បានដើរសួរអ្នកភូមិ តែមិនមានអ្នកណាបានឃើញទេ។ ឪពុកកុមាររងគ្រោះបានបន្តថា ក្រោយមក គាត់ និងអ្នកជិតខាងបាននាំគ្នាចុះរាវរកក្នុងអណ្តូងខាងកើតផ្ទះ ទើបនៅម៉ោងប្រហែល១២ថ្ងៃត្រង់ក៏ប្រទះឃើញសពកូនទាំង២នាក់កប់ភក់ជាប់ក្រោមទឹកក៏ប្រញាប់ស្រង់ឡើង និងរាយការណ៍ជូនសមត្ថកិច្ច។

មន្ត្រីនគរបាលមូលដ្ឋានបានបញ្ជាក់ថា ក្រោយទទួលសេចក្តីរាយការណ៍ពីករណីមានកុមារស្លាប់ក្នុងអណ្តូង សមត្ថកិច្ចជំនាញបានចុះធ្វើកោសលវិច័យភ្លាមៗ។ ជាលទ្ធផល គឺកុមារទាំង២នាក់ពិតជាបានស្លាប់ដោយលង់ទឹកប្រាកដមែន។ ដូច្នេះ សមត្ថកិច្ចក៏បានប្រគល់សពដល់ក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕