ព័ត៌មានជាតិ

អភិបាលខេត្តស្នើឱ្យក្រុមហ៊ុនពង្រីកផ្លូវជាតិលេខ៧ ជួយសង់រូបចម្លាក់នាគព័ន្ធថ្មីព្រោះតំណាងឱ្យខេត្តកំពង់ចាម

ដោយ៖ គង់ហេង
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើដល់ក្រុមហ៊ុន CRBC ជាអ្នកស្ថាបនាពង្រីកផ្លូវជាតិលេខ៧ ជួយសាងសង់រូបចម្លាក់«នាគព័ន្ធ»ធ្វើអំពីស្ពាន់ នៅលើរង្វង់មូលថ្មី ដោយរូបចម្លាក់មួយនេះ ជាអត្តសញ្ញាណខេត្តកំពង់ចាម ពោលគឺជាស្លាកសញ្ញារដ្ឋបាលខេត្តនេះតែម្តង។ ប៉ុន្តែការស្នើសុំនេះ ខាងតំណាងក្រុមហ៊ុននៅមិនទាន់ឆ្លើយតបបែបណានោះទេ។

ការស្នើសុំរបស់លោកអភិបាលខេត្តកំពង់ចាមខាងលើ ធ្វើឡើងនៅក្នុងជំនួប នៃកិច្ចប្រជុំមួយរវាងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាលខេត្តកំពង់ចាម និងក្រុមហ៊ុន CRBC នៅក្នុងសាលាខេត្តកំពង់ចាមនាថ្ងៃទី ២៥ មីនាកន្លងទៅនេះ។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា៖ បញ្ហារង្វង់មូល មានទីតាំងជាប់ព្រំប្រទល់រវាងក្រុងកំពង់ចាម និងស្រុកកំពង់សៀមនេះសូមឱ្យខាងក្រុមហ៊ុនសិក្សាបន្ថែម លើរង្វង់មូលនាគព័ន្ធ គឺត្រូវតែយកចេញដើម្បីធ្វើផ្លូវ។ ប៉ុន្តែសូមឱ្យខាងក្រុមហ៊ុនជួយធ្វើថ្មី នូវរូបចម្លាក់«នាគព័ន្ធ» សង់អំពីស្ពាន់មានទំហំធំ។ ព្រោះរូបចចម្លាក់«នាគព័ន្ធ»នេះជាអត្តសញ្ញាណរបស់ខេត្តកំពង់ចាម ជាពិសេសជាស្លាកសញ្ញារបស់រដ្ឋបាលខេត្តកំពង់ចាមតែម្តង។ សូមជួយធ្វើរង្វង់មូលឱ្យស្អាត មើលទៅត្រដែតឱ្យធំ៕