ព័ត៌មានជាតិ

ប្រធានមន្ទីរស្តីទីមន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យជួបប្រជុំលើកដំបូងជាមួយមន្ត្រីក្រោមឱវាទ

ដោយ : បន្ទាយ
បន្ទាយមានជ័យ :បន្ទាប់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ដនស) បានសម្រេចតែងតាំងប្រធានស្តីទីមន្ទីររៀប ចំដែន ដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត បន្ទាយ មានជ័យ មន្ត្រីរូបនោះបានទៅបំពេញការងារ ហើយកាលពីថ្ងៃចន្ទទី២៥ខែមីនាឆ្នាំ២០២៤ នៅសាលប្រជុំរបស់មន្ទីរនាផ្លូវជាតិលេខ៥ ភូមិគាបសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ លោកបានជួបប្រជុំដំបូងជាមួយមន្ត្រីក្រោមឱវាទ ។

នេះបើតាមមន្ត្រីទើបប្រាប់អោយដឹងកាលពីថ្ងៃទី២៦ខែមីនាឆ្នាំ២០២៤ ។

លោកមាស ដារ៉ា ប្រធានស្តីទីមន្ទីររៀប ចំដែន ដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តបន្ទាយមានជ័យបានស្នើសុំអោយមន្ត្រីបន្តខិតខំបំពេញការងារ ក៏ដូចជាជួយណែនាំការងារជូនលោក សហការនឹងលោកដែលទើបមកបំពេញការងារនៅទីនេះ ។

សូមបញ្ជាក់ថា យោងលិខិតប្រកាសស្តីពីការសម្រួលភារកិច្ចនិងតែងតាំងមុខតំណែងមន្ត្រីរាជការលេខ០២៥ដនស/ប្រក/បុ ចុះថ្ងៃទី១៩ខែមីនាឆ្នាំ២០២៤ ចុះហត្ថលេខាដោយលោកសាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចថា :១-សម្រួលភារកិច្ចលោកអាង ណារឹទ្ធិ ពីប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តបន្ទាយមានជ័យ ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងបានតែងតាំងលោកមាស ដារ៉ា មន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ជាប្រធានស្តីទីមន្ទីររៀប ចំដែន ដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្ត បន្ទាយ មានជ័យ ។

សូមរំលឹកថា កាលពីល្ងាចថ្ងៃទី១៨ខែមករាឆ្នាំ២០២៤ នៅសាលប្រជុំ”ខ”.នៃសាលាខេត្តបន្ទាយមានជ័យមានកិច្ចប្រជុំផ្ទៃក្នុងមួយដែលដឹកនាំដោយលោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងលោកបែន រ័ត្ន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរោបនីយកម្មនិងសំណង់ ។

ក្នុងនោះ បានផ្សព្វផ្សាយលិខិតរបស់ក្រសួងដនស ដោយត្រូវសម្រួលភារកិច្ច(ឬហៅថាដក)មន្ត្រី៨រូបនៅមន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យ។

មន្ត្រីទាំង៨រូប រួមមាន : ១-លោកអាង ណារិទ្ធ ប្រធានមន្ទីរ ដែលត្រូវមន្ត្រីប្តឹងឬអ្នករងបណ្តឹង។និង៧នាក់ទៀត ជាអ្នកប្តឹងឬដើមបណ្តឹងក្នុងចំណោមអ្នកប្តឹងសរុប៣៤នាក់ លើសរុប៤២នាក់នៃមន្ត្រីមន្ទីរ ។

ក្រសួងរៀបចំដែនដីនិងរដ្ឋបាលខេត្តសម្រេចដកហូតត្រាមន្ទីរមករក្សាទុក ហើយចាត់តាំងលោកលៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យអោយទៅទទួលដឹកនាំរួមបណ្តោះអាសន្នលើចរន្តការងាររដ្ឋបាល មិនមែនបច្ចេកទេសក្នុងអន្តរកាលនេះ។

ការដកតំណែងនេះ បន្ទាប់ពីអនុប្រធាន ប្រធាន អនុប្រធាន មន្ត្តីការិយាល័យដែលជាអ្នកប្តឹងសរុប៣៤នាក់លើមន្ត្រីមន្ទីរសរុប៤២នាក់ដែលដាក់ពាក្យបណ្តឹងចុះថ្ងៃទី០៤ខែតុលាឆ្នាំ២០២៣។
បណ្តឹងបានសរសេរថា :មន្ត្រីរាជការនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យគោរពជូនលោកសាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់សំណើសុំផ្លាស់ប្ដូរ លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី រូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ ៕