អន្តរជាតិ

ចោរនៅអាមេរិកម្នាក់រត់ឡើងទៅលើដំបូលអគារខ្ពស់តោងខ្សែទូរសព្ទដើម្បីគេចខ្លួន

ប្រែសម្រួល៖ ស-សម្បត្តិ
កាលពីថ្ងៃសៅរ៍ នាយកដ្ឋានប៉ូលិសទីក្រុង Vancouver បានរាយការណ៍ថាមានជនសង្ស័យជាចោរម្នាក់នៅរដ្ឋ Washington បានរត់គេចខ្លួនពីប៉ូលិសអស់ជាច្រើនម៉ោងដោយតោងខ្សែទូរសព្ទនៅលើទីដ៏ខ្ពស់មួយកន្លែង។

ប៉ូលិសនៅទីក្រុង Vancouver បានចេញប្រតិបត្តិការតាមចាប់ខ្លួនជនសង្ស័យម្នាក់ដែលបានលួចយកម៉ូតូមួយគ្រឿង។

អ្នកជិតខាងម្នាក់បានឃើញចោរលួចម៉ូតូ ហើយក៏បានដេញតាមជននោះ ដែលក្រោយមកត្រូវបានប៉ូលិសកំណត់អត្តសញ្ញាណថាជាបុរសឈ្មោះ Romando E. Stanley រស់នៅរដ្ឋ Washington ។

ប៉ូលិសបាននិយាយថា ចោរក៏បានបោះម៉ូតូចោលហើយបានរត់គេចពីការតាមចាប់ខ្លួនរបស់ប៉ូលិស។ខណៈដែលប៉ូលិសកំពុងតាមប្រមាញ់ជនសង្ស័យស្រាប់តែមានគេរាយការណ៏មកថាប៉ូលិសមួយក្រុមទៀតត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុមួយផ្សេងទៀតដោយសារតែមានរបាយការណ៍មកថាមានបុរសម្នាក់ដែលមានភិនភាគដូចគ្នានឹងជនសង្ស័យ Stanley បានចូលទៅក្នុងហាងមួយកន្លែងហើយបានយកទូរសព្ទដៃបុគ្គលិកបំរើការនៅក្នុងហាងនោះរួចបានដាល់បុគ្គលិកនៅទីនោះចំទ្រូងនៅមុនពេលបន្តរត់គេចខ្លួន។ .

ខណៈដែលប៉ូលិសចុះត្រួតពិនិត្យនៅក្នុងតំបន់នោះបានទៅកាន់ចំណុចសង្ស័យទី៣ដោយយោងតាមសេចក្តីរាយការណ៍មកថាជនសង្ស័យដដែលនេះ បានឡើងលើដំបូលអគារហើយគប់ដុំថ្មលើផ្លូវបណ្តាលឲ្យខូចខាតដំបូលអគារអស់ជាច្រើនខ្នង។ប៉ូលិសបាននិយាយថា អ្នកចរចាបានព្យាយាមបញ្ចុះបញ្ចូល Stanley ឲ្យចុះពីលើដំបូលអគារតែមិនបានជោគជ័យនោះទេ។

បន្ទាប់មក Stanley បានព្យាយាមឆ្លងផ្លូវពីលើដំបូលអគារដោយប្រយ័ត្នខ្លួនតោងខ្សែទូរសព្ទអស់រយៈពេលប្រហែល ៤៥ នាទី។

អ្នកចរចាបានបន្តបញ្ចុះបញ្ចូល Stanley ឲ្យចុះមកក្រោមដោយសុវត្ថិភាព។ប៉ូលិសបាននិយាយថា នៅទីបំផុត Stanley ក៏បានរបូតដៃធ្លាក់មកក្រោមទើរនៅលើម៉ាស៊ីនភ្លើង បន្ទាប់មក Stanley ត្រូវបានប៉ូលិសចាប់ខ្លួនហើយបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីត្រួតពិនិត្យស្ថានភាពរបួសដោយសាររបូតដៃធ្លាក់មកក្រោម។

បន្ទាប់ពីត្រួតពិនិត្យស្ថានភាពនៅមន្ទីរពេទ្យ ប៉ូលិសបាននិយាយថា Stanley ត្រូវបានបញ្ជូនខ្លួនទៅឃុំឃាំងនៅពន្ធនាគារ Clark County Jail និងត្រូវបានចោទប្រកាន់ពីបទប្លន់ដែលជាបទល្មើសឧក្រិដ្ឋកម្រិតទីពីរ, ទីបី (Theft II, Theft III និង Malicious Mischief) ៕