ដោយ ៖ បន្ទាយ
ភ្នំពេញ : ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាងនិងអតីតសិស្សជាមិត្តរួមជំនាន់ទសវត្សរ៍ទី៨០ មានមនោសញ្ចេតនាដ៏ជ្រាលជ្រៅរំលឹកដឹងគុណ នឹករលឹកដែលជាឪពុកម្តាយទី២ ឬលោកគ្រូ អ្នកគ្រូចូលនិវត្តន៍នៃវិទ្យាល័យបាក់ទូក ខណ:បានជប់លៀងជូនដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញនាល្ងាច ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ កន្លងមក។
មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញម្នាក់រំលឹកឲ្យដឹងកាលពីថ្ងៃទី២៥ខែមីនាថា : នាវេលាខាងលើនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំពិធីជប់លៀងជូនដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងមូលដែលបានខិតខំលះបង់កម្លាំងកាយកម្លាំងចិត្តបំពេញភារកិច្ចយ៉ាងហត់នឿយពេញមួយឆ្នាំកន្លងមក និងក៏ជាការបង្កលក្ខណៈឲ្យកងកម្លាំង បានចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាមុនអោយហើយ ត្បិតអីក្នុងថ្ងៃបុណ្យចូលឆ្នាំជាក់ស្តែងដែលនឹងមកដល់នាថ្ងៃទី១៣ដល់១៦ខែមីនាឆ្នាំ២០២៤ ដើម្បីទុកពេលវេលាការពារប្រជាពលរដ្ឋ។
នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមជាកិត្តិយសយ៉ាងច្រើនកុះករ ពីសំណាក់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អាជីវករ ពាណិជ្ជករ ដែលតែងតែស្រលាញ់គាំទ្រ អាវុធហត្ថរាជធានីភ្នំពេញផងដែរ។
ស្របពេលជាមួយគ្នាដែរនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមិត្តភក្តិរួមជំនាន់សាលាបាក់ទូកនាទសវត្សឆ្នាំ១៩៨០ ក៏បានស្រុះស្រួលមូលមតិគ្នាជរៀបចំការគោរពអញ្ជើញអតីតលោកគ្រូអ្នកគ្រូចូលនិវត្តន៍នៃសាលាបាក់ទូក(វិទ្យាល័យ) ដែលធ្លាប់បង្ហាត់បង្រៀនជំនាន់ពួកខ្លួន ដែលនៅមានវត្តមានចំនួន៤០នាក់ មកចូលរួមជួបជុំពិសាអាហាររួមគ្នា និងរៀបចំវត្ថុអនុស្សាវរីយ៍ជូនដល់ពួកគាត់ទាំង៤០នាក់ផងដែរ។
ជាអំណោយដោយក្នុងលោកគ្រូ អ្នកគ្រូម្នាក់ៗទទួលបានថវិកាចំនួន៥០ម៉ឺនរៀល, ទឹកក្រូចដប ០១កេស, ទឹកដោះគោបឺត ០១កេស រួមទាំងថ្នាំពេទ្យ០១ឈុត ។
លោកគ្រូ អ្នកគ្រូបានចាប់អារម្មណ៍ថា : កាយវិការប្រកបដោយមនោសញ្ចេតនា ដឹងនិងរំលឹកគុណ ស្និទ្ធស្នាលចំពោះអតីតលោកគ្រូអ្នកគ្រូនាឱកាសនេះ ហើយបានជូនពរជ័យសិរីសួស្តីត្រឡប់ចំពោះអតីតសិស្សទាំងឡាយនិងលោករ័ត្ន ស្រ៊ាង ។
សូមបញ្ជាក់ថា ក្រុមអតីតសិស្សដែលមិត្តភក្តិរួមជំនាន់សាលាបាក់ទូក ត្រូវបានផ្តួចផ្តើមប្រមូលផ្តុំគ្នាឡើង ដោយលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៤មកនិងតែងតែបំពេញសកម្មភាពសប្បុរសធម៌ មនុស្សធម៌ កសាងសមិទ្ធផលរួមគ្នានានាក្នុងសាលាបាក់ទូក។
ជាពិសេសទៅទៀត មិត្តអតីតសិស្សតែងតែរួមសាមគ្គីចែករំលែកធនធានជួយគ្នាគ្រប់ពេលជួយដល់អតីតលោកគ្រូអ្នកគ្រូ អតីតនិងមិត្តក្នុងក្រុម ដែលជួបការលំបាក ដូចពាក្យស្លោកនៃក្រុមដែលពោលថា “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក”៕