សេដ្ឋកិច្ច

ច្នៃឡានហ្សីបចាស់ៗ ដឹកទេសចរទស្សនាតំបន់អង្គរ

ដោយ៖ សិរីមតី
ភ្នំពេញ៖ កូនខ្មែរមួយរូប បានបង្កើតគំនិតប្រមូលយករថយន្តម៉ាកហ្សីប(Jeep)ចាស់ៗយកមកកែច្នៃសម្រាប់បម្រើវិស័យទេសចរណ៍។ដោយផ្តើមដំបូងពីរថយន្តមួយគ្រឿង ឥឡូវរថយន្តបានកើនឡើងដល់ជាង១០គ្រឿង ក្រោយពីទទួលបានការគាំទ្រពីទេសចរបរទេស និងខ្មែរ។


រថយន្តហ្សីប(Jeep)ចាស់ៗប្រមាណជាង១០គ្រឿង បានត្រូវគេកែច្នៃសម្រាប់យកទៅដឹកភ្ញៀវទេសចរជាតិនិងអន្តរជាតិនៅក្នុងខេត្តសៀមរាប។ជាពិសេសសម្រាប់ដំណើរកម្សាន្តនិងគយគន់ប្រាសាទនានា រមណីយដ្ឋានវប្បធម៌ ទេសចរណ៍បែបធម្មជាតិ និងជីវភាពរស់នៅរបស់ប្រជាជន។

អ្នកស្រី អាគីម លី (Akim Ly) ស្ថាបនិកក្រុមហ៊ុន Adventures Cambodia មានគំនិតកែច្នៃរថយន្តJEEPចាស់ៗ ដើម្បីលក់កញ្ចប់សេវាទេសចរណ៍នេះឡើង ដោយសារមើលឃើញថា រថយន្តJEEPចាស់ៗនេះ ជារបស់កម្រ ហើយមានការពេញនិយមពីសំណាក់ភ្ញៀវបរទេសសម្រាប់ដំណើរទេសចរណ៍បែបលក្ខណៈផ្សងព្រេង។


អ្នកស្រី អាគីម លី បានឱ្យដឹងថា៖បច្ចុប្បន្នក្រុមហ៊ុនរបស់អ្នកស្រី មានរថយន្តJEEP ដែលត្រូវបានកែច្នៃសរុបចំនួន១២គ្រឿង ហើយកញ្ចប់ទេសចរណ៍ដែលដាក់លក់ជូនភ្ញៀវទេសចរមានដូចជា៖ ដំណើរកម្សាន្តទៅមើលទេសភាពនិងជីវភាពរបស់ប្រជាពលរដ្ឋនៅតាមស្រុកស្រែ ទស្សនាប្រាង្គប្រាសាទបុរាណខ្មែរ ដំណើរទេសចរណ៍តាមដងទន្លេ ដំណើរទេសចរណ៍ទៅមើលថ្ងៃលិច កញ្ចប់សេវាទេសចរណ៍បែបម្ហូបអាហារខ្មែរ និងដំណើរទេសចរណ៍ទៅមើលសត្វ ជាដើម។

អ្នកស្រី បានឱ្យដឹងទៀតថា ភ្ញៀវបរទេសប្រមាណ៩០ភាគរយ មានការពេញនិយមខ្លាំងទៅលើដំណើរកម្សាន្តបែបផ្សងព្រេងតាមរថយន្តនេះ ខណៈប្រជាពលរដ្ឋខ្មែរមិនសូវមានការចាប់អារម្មណ៍ ដោយសារអាចមកពីកញ្ចប់សេវាខ្ពស់បន្តិច។ តម្លៃនៃកញ្ចប់សេវាកម្ម គឺអាស្រ័យទៅលើភ្ញៀវដោយពួកគេអាចទិញជាកញ្ចប់ពេញមួយថ្ងៃ ឬក៏ទិញទៅតាមម៉ោងដែលពួកគេចង់បាន។ ចំពោះកញ្ចប់សេវាពេញមួយថ្ងៃ សម្រាប់ភ្ញៀវបរទេសម្នាក់ គឺលក់ចាប់ពី៨០ដុល្លារឡើងទៅ ដោយក្នុងបញ្ចប់សេវានេះបូករួមទាំងសេវាម្ហូបអាហារ។

អ្នកស្រី អាគីម លី បានបញ្ជាក់ថា៖រថយន្តទាំងនេះត្រូវបានកែច្នៃពីរថយន្តចាស់ៗ ដើម្បីដឹកបម្រើសេវាទេសចរណ៍។ ភាគច្រើននៃអ្នកមកទទួលសេវា គឺជាទេសចរបរទេសមកពីអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលចូលចិត្តដំណើរកំសាន្តតាមរថយន្តបែបនេះ។ អ្នកស្រី បន្តថា ភ្ញៀវដែលកក់សម្រាប់ដំណើរកម្សាន្តតាមរថយន្តJEEPនេះ គឺភាគច្រើនធ្វើឡើងមួយឆ្នាំមុន ដើម្បីទទួលបានកញ្ចប់សេវាពិសេសនេះ។ បច្ចុប្បន្ន ក្រុមហ៊ុនរបស់អ្នកស្រីកំពុងធ្វើការកែច្នៃនូវរថយន្តJEEPចាស់ៗនេះ ប្រហែលជា៤-៥គ្រឿងទៀត ដើម្បីបំពេញតម្រូវការវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប ខណៈការកក់មានការកើនឡើង។

អ្នកស្រី បានបន្តថា៖កាលពីឆ្នាំកន្លងទៅ កញ្ចប់សេវាទេសចរណ៍មួយនេះ មានការលក់បានខ្ពស់ ខណៈបានធ្លាក់ចុះក្រោយការរីករាលដាលនៅជំងឺកូវីដ១៩ ហើយការកើនឡើងនេះ ប្រហែលដោយសារមានអ្នកធ្លាប់ជិះហើយ គាត់យកទៅផ្សព្វផ្សាយបន្ត។ កំណើនភ្ញៀវដែលទទួលបានជាងគេ គឺនៅចន្លោះខែវិច្ឆិកា ដល់ខែមីនា។

លោកស្រី លីត កញ្ញា អ្នកគ្រប់គ្រងផ្នែកលក់ (Sales Manager)នៃក្រុមហ៊ុន Adventures Cambodia បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោកស្រីបានបើកដំណើរការអាជីវកម្មតាំងពីឆ្នាំ ២០១១ ដោយចាប់ផ្តើមមានឡានត្រឹមតែ១គ្រឿងប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនមានឡានជាង១០គ្រឿង ជាប្រភេទឡាន Jeep សម្រាប់បម្រើដល់ភ្ញៀវទេសចរហើយក្រុមហ៊ុនក៏មានអ្នកជំនាញក្នុងការរៀបចំដំណើរកម្សាន្តផងដែរ ប្រកបដោយការជឿជាក់បំផុត ចំណែកតម្លៃតាមទិសដៅជិត ឬឆ្ងាយ។

ជាមួយនិងបទពិសោធន៍នេះដែរ លោកស្រីក៏មិនភ្លេចបង្ហាញពីសក្តានុពលវិស័យទេសចរណ៍នៅខេត្តសៀមរាប ដែលសម្បូរទៅដោយរមណីយដ្ឋានប្រាសាទបុរាណ រួមនិងតំបន់ទេសចរណ៍ជាច្រើនកន្លែងផ្សេងទៀតដូចជា ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ស្ថិតក្នងស្រុកសូនិគម, ទឹកជ្រោះធ្លាក់ភ្នំគូលែន ស្ថិតក្នុងស្រុកគូលែន , ទស្សនាការធ្វើស្ករត្នោត , ធ្វើនំបញ្ចុក , នំគ្រក់ , នំត្នោត , នំក្រឡាន , ធ្វើធូប , វត្ថុអនុស្សាវរីយ៍ ជិះរទេះគោមើលផ្ទះអ្នកស្រុក នៅភូមិប្រដាក ឃុំប្រដាក ស្រុកបន្ទាយស្រី បារាយទឹកធ្លាក់ ជិះទូកកម្សាន្តនៅភ្នំក្រោម និងមានកន្លែងកម្សាន្តជាច្រើនផ្សេងទៀត។

គួររំលឹកថា៖ ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំដំណើរទស្សនកិច្ចទៅខេត្តសៀមរាប ដោយមានការចូលរួម ពីអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៣០ ស្ថាប័នដើម្បីជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍ចាប់ពីថ្ងៃទី១៥-១៧មីនាឆ្នាំ២០២៤ ៕