ព័ត៌មានជាតិ

ប្រជុំពិភាក្សារៀបចំផែនការ ដើម្បីសម្របសម្រួលលំហូរប្រជាពលរដ្ឋ និពលករខ្មែរចេញ-ចូលប្រទេសតាមច្រកទ្វារព្រំដែនអន្តរជាតិក្នុងរដូវចូលឆ្នាំថ្មី

ដោយ៖  បន្ទាយ

បន្ទាយមានជ័យ ៖នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនាក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៤ខែមីនាឆ្នាំ២០២៤ មានបើកកិច្ចប្រជុំពិភាក្សារៀបចំផែនការដើម្បីសម្របសម្រួលលំហូររបស់ប្រជាពលរដ្ឋ និងពលករខ្មែរចេញ-ចូលប្រទេសតាមច្រកទ្វារព្រំដែនអន្តរជាតិ ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺទាំងមុន ពេលកំពុងនិងក្រោយបុណ្យចូលឆ្នាំខ្មែរឆ្នាំថោះ ថ្ងៃទី១៣-១៦ខែមេសាឆ្នាំ២០២៤ ខាងមុខ ។

អញ្ជើញជាអធិបតីភាព មានលោកឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ  លោកសេង សក្ដា អគ្គនាយកនៃអគ្គនាយកដ្ឋានការងារនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: និងលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ក៏មានមានការចូលរួមពីសំណាក់លោក លោកស្រី ជាទីប្រឹក្សាក្រសួងការងារ នាយឧត្ដមសេនីយ៍ លោកឧត្ដមសេនីយ៍ អគ្គនាយករង អនុប្រធាននាយកដ្ឋាន អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ លោកនាយ នាយរងប៉ុស្តិ៍ជាប់ព្រំដែនថៃទាំង ៨ប៉ុស្តិ៍ និងស្ថាប័នពាក់ព័ន្ធមួយចំនួន ។

លោកអគ្គនាយក រួមជាមួយសមាសភាពក្នុងកិច្ចប្រជុំអញ្ជើញចុះពិនិត្យបញ្ជរប្រថាប់ត្រាលិខិតឆ្លងដែន ប័ណ្ណព្រំដែនចេញ-ចូល ទីតាំងដែលត្រូវសង់រោងត្រៀមទទួល និងចែកវត្ថុអនុស្សាវរីយ៍ នំប៉័ង ទឹកសុទ្ធជូនពលករក្នុងបរិវេណច្រកទ្វារ ទីតាំងសម្រាប់ពលករគ្មានឯកសារធ្វើដំណើរនៅស្ថានីយរថភ្លើងប៉ោយប៉ែតផងដែរ ៕